តើ​​កម្ពុជា​​កំពុង​​ស្ថិត​ក្នុង​​ទ្វេ​គ្រោះ​​ពាក់​ពន្ធ័​​លើ​បញ្ហា​​សមុទ្រ​ចិន​ខាង​ត្បូ​ង​?​

20-06-2016 5:47 pm 4536

​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជា​នឹង​មិន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ គាំទ្រ​ការចេញ​សាលដីកា របស់​តុលាការ​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​។ ដោយ​សម្តេច បានបញ្ជាក់​ថា​កម្ពុជា​សុំ​ធ្វើ​ជា​ប្រទេស​អព្យាក្រឹត្យ ហើយ​កម្ពុជា​មិន​ធ្វើ​អាយ៉ង​របស់​អ្នកណា​នោះ​ទេ លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​។ ការបញ្ជាក់​ជំហ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា យ៉ាង​ដូច្នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ ចំណែក​អ្នកជំនាញ អះអាងថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទ្វេ​គ្រោះ​ចំពោះ​ការចេញ​ការ​សេចក្ដីថ្លែងការណ៍​នេះ​។​

 

​បញ្ហា​ដ៏​ស្មុគស្មាញ​នៃ​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង នៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​សម្រាប់​ពិភពលោក​។ នៅ​ថ្ងៃ​នេះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​សមាជិក​មួយ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា «​អាស៊ាន​» បានប្រកាសថា កម្ពុជា​នឹង​មិន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ គាំទ្រ​ការចេញ​សាលដីកា របស់​តុលាការ​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​។​

 

​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច ហ៊ុន សែន បានចាត់ទុក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​ជម្លោះ​រវាង​អាស៊ាន និង​ចិន​ផ្ទាល់​ទេ តែ​ជា​ជម្លោះ​រវាង​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ប៉ុណ្ណោះ ពិសេស​វៀតណាម ហ្វីលីពីន ។ ដូច្នេះ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​«​អាស៊ាន​»​ឡើយ ដោយ​សម្តេច ហ៊ុន សែន បញ្ជាក់ថា  គ្មាន​ហេតុផល​ណាមួយ​ដែល​កម្ពុជា​ត្រូវ​ប្រឈម​មុខ​ផ្ទាល់​ទល់នឹង​ចិន​ទេ​។​

 

​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ថា គម្រោង​ចេញ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ​ពេល​នេះ ជា​រឿង​នយោបាយ​ដែល​បាន​ចេតនា ធ្វើបាប​ចិន ដូច្នេះ​កម្ពុជា​នឹង​មិន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ គាំទ្រ​ការចេញ​សាលដីកា របស់​តុលាការ​ឡើង​…

​សំឡេង​សម្តេច ហ៊ុន សែន​៖

 

​សូមបញ្ជាក់​ថា ប្រទេស​ហ្វីលីពីន បានសម្រេច​ប្តឹង​ចិន ទៅ​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​នៅក្នុង​ទី​ក្រុងឡាអេ ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំប្រទល់​សមុទ្រ​ជាមួយនឹង​ប្រទេស​ចិន​។ ការប្តឹង​របស់​ហ្វីលីពីន​នេះ  បាន​ការគាំទ្រ​ច្រើន​ពី​អាមេរិក និង​អឺរ៉ុប រួម​ទាំង​ក្រុម​ប្រទេស​នៅក្នុង​តំបន់​«​អាស៊ាន​»​មួយចំនួនទៀត ដែល​ចាត់ទុកថា ខ្លួន​អាច​រង​ប៉ះពាល់​ដោយសារ​គម្រោង​សង់​កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​ប្រជុំ​កោះ Spratleys ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ផង​។ តាម​គម្រោង តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ នឹង​ចេញ​សម្រេច​របស់​ខ្លួន នៅ​ឆ្នាំ​នេះ ទៅ​តាម​បណ្តឹង​តវ៉ា​របស់​ហ្វីលីពីន​។​
​កន្លងមក ចិន ធ្លាប់​បាន​បដិសេធ​មិន​ទទួលស្គាល់​អំណាច និង​មិន​ទៅ​ចូលរួម​ក្នុង​សវន​ការ​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ នៅ​ទីក្រុង​ឡាអេ​នេះ​ទេ ដោយ​ចិន​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​តាម​ការចរចា​ទ្វេភាគី ជាមួយ ហ្វីលីពីន គឺ​មិន​ចាំបាច់​អន្តរាគមន៍​ពី​ភាគ​ខាងក្រៅ​ទេ​។​

 

​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​រង​ការចោទប្រកាន់​ពី​ការងា​ក​ទៅរក​ប្រទេស​ចិន ចាប់តាំងពី​ប្រទេស​កម្ពុជា​ខកខាន​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍ ផ្លូវ​ការរួម នៅពេល​ដែល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​លើ​ក​ទី​ពីរ​នៅក្នុង​ឆ្នាំ​២០១២​។ យ៉ាងណា​ក្តី​នៅ​ថ្ងៃនេះ សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការចេញ​សេចក្តីថ្លែងការណ៍ មិន​រួច​មិនមែនជា​កំហុស​របស់​កម្ពុជា​ទេ គឺ​ដោយសារតែ​មាន​ប្រទេស​មួយចំនួន ធ្វើ​បាប​កម្ពុជា ហើយ​កម្ពុជា  មិនមែន​ជា​អាយ៉ង ប្រទេស​ណាមួយ​នោះ​ដែរ​…

​សំឡេង​សម្តេច ហ៊ុន សែន​៖

 

​យ៉ាងណាក្តី ការសម្រេច​របស់​នាយ​ក​រដ្ឋ​មន្ត្រី​កម្ពុជា​ពេលនេះ ត្រូវបាន​អ្នកជំនាញ​មួយចំនួន​យល់ថា ជំហរ​របស់​ប្រទេស​កម្ពុជា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​រឿង​ត្រឹមត្រូវ បើ​យើង​គិត​ប្រយោជន៍​ជាតិ ។ អ្នកជំនាញ​អះអាងថា ក្នុង​ឆាក​អន្តរជាតិ កម្ពុជា ត្រូវការ​ចិន​និង​រុស្ស៊ី​ជា​បង្អែក​។ ចំណែក អាមេរិក​និង​បស្ចឹម​ប្រទេស​ផ្សេង​ទៀត តែង​ធ្វើឲ្យ​កម្ពុជា​រងារ​។

 

​បើ​តាម​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយរូប បាន​អះអាង​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទ្វេ​គ្រោះ​ចំពោះ​បញ្ហា​នេះ​។ បើ​កម្ពុជា​ចេញ​សេចក្តីថ្លែងការណ៍​នេះ អាច​មាន​ប្រយោជន៍​សម្រាប់​ដោះ​ស្រាយ​​​បញ្ហា​ព្រំដែន​សមុទ្រ​រវាង​កម្ពុ​ជា និង​វៀតណាម​នៅពេល​ខាងមុខ​នៅពេល​ដែល​ភាគី​ទាំង​ពីរ​រក​ដំណោះស្រាយ​មិន​បាន ដែល​ត្រូវ​យក​បញ្ហា​ទៅ​តុលាការ​។ ប៉ុ​នែ្ត ចិន​នឹង​មិន​សប្បាយចិត្ត នៅពេល​ដែល​កម្ពុជា​ចេញ​សេចក្តីថ្លែងការណ៍ ហើយ​វា​អាច​ប៉ះពាល់​ដល់​កម្ពុជា ព្រោះ​ចិន​ជា​ម្ចាស់​ជំនួយ​ដ៏​ធ​របស់​កម្ពុជា​។​

 

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ដដែល បានបញ្ជាក់​ថា នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​ត្រូវការ​ចិន​ជាង​ចិន​ត្រូវការ​កម្ពុជា ព្រោះ​វា​ជា​ហេតុផល​នយោបាយ​ការ​បរទេស​ផង និង​នយោបាយ​ផ្ទៃក្នុង​ផង​។​ប៉ុ​នែ្ត បើ​កម្ពុជា​មិន​ចេញ​សេចក្តី​ថ្លែរណ៍​គាំទ្រ សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ ចិន​នឹង​សប្បាយចិត្ត ហើយ​ចិន​នឹង​ផ្តល់​ជំនួយ​កាន់​ច្រើន​ឲ្យ​កម្ពុជា តែ​កម្ពុជា​អាច​នឹង​ជួប​បញ្ហា​នៅ​ខាងមុខ​នៅពេល​ដែល​កម្ពុជា នឹង​នាំ​យក​បញ្ហា​ព្រំដែន​សមុទ្រ​ទៅ​តុលាការ​អន្តរ​ជា​តិ។

 

​អ្នកជំនាញ បាន​សង្គត់ធ្ងន់​ថា ប្រទេស​កម្ពុជា ច្បាស់​ណាស់​នឹង​មាន​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​វៀតណាម នៅពេល​ដែល​កម្ពុជា​កំណត់​ព្រំដែន​សមុទ្រ​។

 

​ជា​ការប្រសើរ អ្នកជំនាញ​បានផ្តល់ ដំណោះស្រាយ​ថា កម្ពុជា​គួរ​រក្សា​ស្ងប់ស្ងៀម​ដោយ​គ្រាន់តែ​ជំរុញ​ឲ្យចេញ​នូវ​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​ហៅថា (COC) រវាង​អាស៊ាន​-​ចិន​និង​ប្រទេស​ពាក់​ព័ន្ធ​ត្រូវ ដើម្បី​ដោះស្រាយ​ដោយ​ជជែក​ពិភាក្សា​គ្នា​បាន​ហើយ​៕

(ដោយ៖គួន សំបូរ)

 

 

 ពាក្យគន្លឹះ  សមុទ្រ​ចិន​ខាងត្បូង

ព័ត៌មានផ្សេងទៀត