ចិន​-​ឥណ្ឌូនេស៊ី​​ចោទ​ដាក់​គ្នា​​ទៅវិញទៅមក​​ជុំវិញ​​ការនេសាទ​​ខុស​ច្បាប់​​ក្នុង​ដែនសមុទ្រ​

20-06-2016 11:03 am 1323
ទាហាន​ឥណ្ឌូនេស៊ី​កំពុង​ឈរល្បាត​មើលទូក​នេសាទ​ខុសច្បាប់

​ចិន​បាន​និយាយ​ថា​នាវា​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បាន​បាញ់ប្រហារ​ទៅ​លើ​ទូក​នេសាទ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​របួស ហើយ​ទូក​នេសាទ​និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​ត្រូវ​ឃាត់ខ្លួន​។​ក្រោយ​មាន​ហេតុការណ៍​កើតឡើង ក្រសួងការបរទេស​ចិន​កាល​ពី​ម្សិលមិញ​បាន​ប្រឆាំង​ដាច់ខាត ចំពោះ​អ្វី​ដែល​ឥណ្ឌូនេស៊ី​បានធ្វើ​លើ​អ្នកនេសាទ​ចិន​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការប្រើប្រាស់​កម្លាំង​យោធា​ដោះស្រាយ​បញ្ហា និង​ជំរុញ​ឲ្យ​ឥណ្ឌូនេស៊ី​ត្រូវ​បញ្ឈប់​សកម្មភាព​បង្ក​ភាព​តានតឹង​ទៀត ព្រោះ​ធ្វើ​បែប​នេះ​ប៉ះពាល់​ដល់​សន្ដិភាព​និង​ស្ថេរភាព ហើយ​ទង្វើ​ឥណ្ឌូនេស៊ី​ក៏​បំពាន​ច្បាប់​អន្ដរជាតិ​ដែរ​។​


​តែ​បើ​តាម​សេចក្ដីថ្លែងការណ៍​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បានឲ្យដឹងថា ខ្លួន​បាន​ស្ទាក់​ចាប់​ទូក​នេសាទ​បរទេស​ខុសច្បាប់ ខណៈ​ពួកគេ​បាន​ព្យាយាម​រត់គេច​។​នាវា​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បាន​បាញ់​ព្រមាន​ជា​ច្រើន​គ្រាប់ រហូត​ដល់​ទូក​ដែល​មាន​ទង់​ជាតិចិន​បាន​ឈប់​។​មនុស្ស​នៅលើ​ទូក​មាន​សុវត្ថិភាព​ទាំងអស់​គ្មាន​ប៉ះពាល់​អ្វី​ទេ​។​នៅក្នុង​សេចក្ដីថ្លែងការណ៍​បន្ថែម​ថា អ្វី​ដែល​បាន​ប្រព្រឹត្ដ​រំលោភ​លើ​ដែន​សមត្ថកិច្ចឥ​ណ្ឌូ​នេ​ស៊ី ឥណ្ឌូនេស៊ី​មិន​នៅ​ស្ងៀម​ទេ ហើយ​ក្នុង​ករណី​នេះ កងទ័ពជើងទឹក​ខ្លួន​គ្មាន​អ្វី​ត្រូវ​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​សកម្មភាព​ឡើយ​។​


​សូមបញ្ជាក់​ថា ចិន​និង​ឥណ្ឌូនេស៊ី​តែងតែ​ប៉ះទង្គិច​គ្នា​ជា​ញឹកញយ​ជុំវិញ​បញ្ហា​ទូក​នេសាទ​ឆ្លងដែន​ខុសច្បាប់​។​ចិន​ថា​ទូក​នេសាទ​ខ្លួន​ចូល​នេសាទ​ក្នុង​ដែន​កម្មសិទ្ធិ​របស់​គេ ប៉ុន្ដែ​ឥណ្ឌូនេស៊ី​ថា​ទូក​នេសាទ​ទាំងនោះ​រំលោភ​ដែន​អធិបតេយ្យ​ឥណ្ឌូនេស៊ី​។​ចិន​ក៏​ធ្លាប់​ប្រឆាំង​ឥណ្ឌូនេស៊ី ក្រោយ​ចាប់​ទូក​ចិន​ជាច្រើន​គ្រឿង​ក្នុង​ដែន​ជម្លោះ​នៅ​ជិត​កោះ​Natuna ដោយ​ចោទ​ថា​ចូល​នេសាទ​ខុសច្បាប់​។​រហូតដល់​ពេល​នេះ ភាគី​ទាំងពីរ​នៅ​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​ឡើយ ហើយ​នៅតែ​មាន​ជម្លោះ​ជាមួយ​គ្នា ជុំវិញ​ប្រជុំ​កោះ​នៅ​ភាគ​និរតី​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​


​ចិន​បាន​អះអាង​ថា​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​ចិន ដែល​ការអះអាង​បែប​នេះ​ធ្វើឲ្យ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួ​ន​ប្រតិកម្ម​។​ចំណែក​ឥណ្ឌូនេស៊ី​វិញ​មិន​ដូច​ប្រទេស​ទាំងនោះ​ទេ គឺ​មិន​ជាប់​ពាក់ព័ន្ធ​ការអភិវឌ្ឍ​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​អី​ទេ តែ​ឥណ្ឌូនេស៊ី​មាន​បញ្ហា​ជាមួយ​ចិន ដោយសារ​ចិន​អះអាង​កាន់កាប់​ជាន់​លើ​ដែន​កម្មសិទ្ធិ​នៅ​តំបន់​កោះ​Natuna ជា​ដែន​សេដ្ឋកិច្ច​ធំ​មួយ​របស់​ឥណ្ឌូនេស៊ី​។​ឥណ្ឌូនេស៊ី​ក៏​តែង​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​ចំពោះ​ទូក​នេសាទ​បរទេស​ចូល​តំបន់​នោះ និង​បាន​បាញ់​កម្ទេច​ទូក​នេសាទ​បរទេស​ជាច្រើន​គ្រឿង ក្រោយ​ជម្លៀស​មនុស្ស​ចេញពី​ទូក​៕

 ពាក្យគន្លឹះ  ជម្លោះចិន-ឥណ្ឌូនេស៊ី

ព័ត៌មានផ្សេងទៀត