នាព្រឹកថ្ងៃសៅរ៍ ទី១៨ មិថុនា ឆ្នាំ២០១៦នេះ សម្ដេចហ៊ុន សែន បានធ្វើដំណើរ ទៅកាន់ខេត្តកោះកុងដើម្បីចូលរួមបុណ្យសព លោក សាយ ភូថង អតីតសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ សម្ដេចបានសរសេររៀបរាប់លើបណ្ដញសង្គមហ្វ៊េសប៊ុកថា “នេះជាការជូនដំណើរចុងក្រោយសំរាប់ថ្នាក់ដឹកនាំមួយរូបដែលធ្លាប់រួមសុខរួមទុក្ខ ស៊ីអត់ ស៊ីឃ្លានជាមួយគ្នាដើម្បីការរស់រាន និងការរីកចំរើនរបស់ជាតិ”។
សម្ដេចបានបន្តថា ក្នុងមុខនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋ ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងរបស់បក្ស លោក សាយ ភូថង បានដើរតួរនាទីយ៉ាងសកម្មដល់ការរៀបចំគោលនយោបាយក្នុង និងក្រៅប្រទេស យុទ្ធសាស្ត្រ យុទ្ធវិធីរបស់បក្ស ជាអ្នកគាំទ្រយ៉ាងមោះមុតដល់ការចចារស្វែងរកសន្តិភាពដល់ការកែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ចដែលសម្ដេចបានដាក់ចេញ និងដឹកនាំអនុវត្តន៍ក្នុងឋានៈជាប្រធានរដ្ឋាភិបាលនាពេលនោះ។
សម្ដេចបានបន្ថែមទៀតថា ការគាំទ្ររបស់លោកសាយ ភូថង ចំពោះសម្ដេច និងនយោបាយផ្តល់កម្មសិទ្ធិជូនប្រជាជន ការមិនយកពន្ធលើដីធ្លីកសិកម្ម និងការគាំទ្រផ្សេងទៀតក្នុងការកែទម្រង់នៃសេដ្ឋកិច្ចទីផ្សារ។ល។ មានតម្លៃខ្លាំងណាស់សំរាប់ជោគជ័យរបស់ជាតិ និងប្រជាជននាដំណាក់កាលដ៏លំបាក នោះហើយក៏ជាមូលដ្ឋានសំរាប់ជោគជ័យនាថ្ងៃនេះផងដែរ។ កក្រៅពីការងារលោកសាយភូថង និងភរិយា បានជួយសម្ដេច និងគ្រួសារប្រៀបដូចជាកូនចៅបង្កើតរបស់ខ្លួន......សម្ដេចបានចាត់ទុកលោក សាយ ភូថង និងភរិយា ដូចឪពុក ម្តាយរបស់ខ្លួនដែរ។ ឃ្លាចុងក្រោយដែលសម្ដេចបានបង្ហាញ គឺសម្ដេចគ្មានអ្វីដើម្បីតបស្នងសងគុណក្រៅពីធ្វើដំណើរទៅជូនដំណើរ និងលាគ្នាជាចុងក្រោយដោយដំណក់ទឹកភ្នែកនោះឡើយ។
គួររម្លឹកថា លោក សាយ ភូថង ជាអតីតសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពកាលពីម៉ោង ៥៖០៦ នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ៩៦ឆ្នាំ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺអស់មួយរយៈ៕
(ដោយ៖ ចេន សុជាតា)