សាលាក្រុង​៖​ពុំ​មាន​ការផ្លាស់ប្តូរ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ

17-06-2016 5:02 pm 2118

​មន្ត្រី​អ្នកនាំពាក្យ សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៧ មិថុនា​នេះ​ថា ពុំ​មាន​គម្រោង​សិក្សា​ទីតាំង​ថ្មី ចំពោះ​ការផ្លាស់ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ​។ ការអះអាង​ពី​សំណាក់ លោក​មាន ចាន់​យ៉ាដា អ្នកនាំពាក្យ សាលា​រាជធានី​ភ្នំពេញ​បែបនេះ ធ្វើឡើង បន្ទាប់ពី​មាន​ការលេចលឺ​ព័ត៌មាន​មួយ​ចំនួន​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ផ្លាស់ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ ក្រោយ​ទទួល​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​នោះ​។​

​លោក មាន ចាន់​យ៉ាដា បាន​បន្តថា កាលពីដើម​សប្ដាហ៍​នេះ សាលា​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិភាក្សា រក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ ជា​លទ្ធផល​សាលា​រាជធានី​ភ្នំពេញ មិន​អាច​ធ្វើ​ការផ្លាស់ប្ដូ​រ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​ទីតាំង នៅ​ជិត​ស្ថានទូត​អាមេរិក បាន​នោះ​ទេ​។ ក្នុងនោះ​ដែរ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា «​យើង​គ្មាន​លទ្ធភាព​នឹង​ប្តូរ យើង​អត់​មាន​ទីតាំង​ណា​ដូរ​ទេ គឺ​ទុក​ពេល​សម្រាប់​សិក្សា​បន្តទៀត​»​។​

​សំឡេង

​កន្លងមក បើ​តាម​ការ​ចុះផ្សាយ​នៅ​តាម​បណ្តា​សារព័ត៌មាន​ក្នុងស្រុក មួយចំនួន បានបញ្ជាក់​ថា ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅក្នុង​វេទិការ​សាធារណៈ កាលពីពេល​កន្លង​ទៅ ដែល​ស្នើរ​សុំ​ឲ្យ​ប្តូរ​ទីតាំង ទីលាន​ប្រជាធិបតេយ្យ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ពិចារណា​លើ​សំណើរ​នេះ​។​ លោក ប៉ា សុជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ ដែល​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្លាស់ប្តូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នេះ គឺ​ដោយសារ​កន្លងមក​ក្រុម​អ្នក​ទៅ​តវ៉ា​នានា បាន​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដូច​ជា​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ ឡូឡា ខ្វះ​អនាម័យ ការឈប់ ឬ​ចត​យានជំនិះ​គ្មាន​សណ្តាប់ធ្នាប់ បិទផ្លូវ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការប្រកប​របរ​រកស៊ី​។​

​លោក​បាន​បន្តថា​ជា​ការចាំបាច់ រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ សាលា​រាជធានី​ភ្នំពេញ ត្រូវតែ​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ​វិញ  ប៉ុន្តែ​ទោះជា​យ៉ាងណា ការងារ​នេះ​កំពុង​ស្ថិត​ក្នុង​ការពិចារណា​នៅឡើយ ហើយក៏​មិន​ទាន់​គិតគូរ​បាន​ក្នុង​ពេល​ភ្លាមៗ​នេះដែរ​។​

​រីឯ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លោក​មិន​គាំទ្រ​ចំពោះ​គម្រោង​ផ្លាស់ប្តូរ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ទេ ដោយសារ​មិន​មាន​ទីតាំង​ណា​សមស្រប​ជាង​ទីតាំង​ចាស់ ព្រោះ​ទីតាំង​នេះ ជា​ទីតាំង​នៅក្បែរ​អគារ​រដ្ឋ អាច​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា …...។

​សូមបញ្ជាក់​ថា ទីលាន​ប្រជាធិបតេយ្យ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ស្ថានទូត​អាមេរិក ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។ ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​បង្កើតឡើង សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​បក្សនយោបាយ ធ្វើ​ការជួបជុំ ដើម្បី​ធ្វើ​ការសំដែង​មតិ​នានា​។ អ្វី​ជា​ការសម្រេច នៅពេលនេះ ទីលាន​ប្រជាធិបតេយ្យ មិន​មាន​ការផ្លាស់ប្តូរ ឡើយ​ង គឺ​អ្វីៗ​ដូច​មុន​ទាំងអស់​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ទីលានប្រជាធិបតេយ្យ

ព័ត៌មានផ្សេងទៀត