ជប៉ុន​៖​​នាវា​ស៊ើបការណ៍​​ចិន​មួយគ្រឿង​​បើក​ចូល​​ដែនទឹក​ជប៉ុន​

15-06-2016 5:39 pm 1817
រូបភាពប្រជុំកោះជម្លោះរវាងចិន-ជប៉ុន​ក្នុងសមុទ្រចិនខាងកើត

​មន្ដ្រី​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​១៥​មិថុនា​នេះ​ថា មាន​នាវា​ស៊ើបការណ៍​មួយ​គ្រឿង​របស់​ចិន បើក​ឆ្លង​ចូល​ដែនទឹក​របស់ខ្លួន​។​ការបើក​ចូល​ស្រប​ពេល​ជប៉ុន​បាន​ចូលរួម​សមយុទ្ធ​ជាមួយ​អាមេរិក​និង​ឥណ្ឌា​។​យន្ដហោះ​ល្បាត​របស់​កងទ័ពជើងទឹក​ជប៉ុន បាន​ប្រទះឃើញ​នាវា​ចិន​នៅ​ម៉ោង​ប្រមាណ​៣.៣០​នាទី​ជិត​ភ្លឺ នៅក្នុង​ដែនទឹក​ជិត​កោះ​Kuchinoerabu ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន ហើយ​នាវា​បាន​ចាកចេញ​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ​ជា​៥​ព្រឹក​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ជប៉ុន​។​


​ភ្លាមៗ​ជប៉ុន​មិន​បាន​បញ្ជាក់​ទេ​ថា​នាវា​ចិន​ឆ្លង​ចូល​ដែនទឹក​ខ្លួន​ចម្ងាយ​ណា ប៉ុន្ដែជប៉ុនគ្រាន់​លើកឡើងថា​ក្នុងនាម​ជា​ប្រទេស​ជិតខាង​គ្នា ចិន​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ក្នុង​ដែនទឹក​។​ជប៉ុន​បាន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ជា​ការរំលោភ​របស់​ចិន បន្ទាប់ពី​មាន​នាវា​ចិន​មួយគ្រឿង​ទៀត​បើក​ចូល​ទៅ​ជិត​តំបន់​ប្រជុំ​កោះ​ជម្លោះ​រវាង​ចិន​-​ជប៉ុន ក្នុង​សមុទ្រ​ចិន​ខាងកើត​មិនទាន់បាន​មួយ​សប្ដាហ៍​ផង​។​ម្យ៉ាង​ជប៉ុន​ក៏​មិន​បានដឹង​ដែរ​ថា ចិន​មក​ស៊ើប​ពី​រឿង​អ្វី​ឲ្យ​ពិតប្រាកដ​។​


​ចិន​-​ជប៉ុន​មាន​ជម្លោះ​នឹង​គ្នា​ជា​យូរណាស់​មកហើយ​រឿង​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងកើត​។​នោះ​គឺ​កោះ​សេន​កា​គុជា​ឈ្មោះ​ជប៉ុន​ហៅ ឬក៏​ទាវ​យូ​ជា​ឈ្មោះ​ដែល​ចិន​ហៅ​។​ចំពោះ​ចិន មិន​ទទួលស្គាល់​ការអះអាង​របស់​ជប៉ុន​នៅ​ប្រជុំ​កោះ​ជម្លោះ​ឡើយ ហើយ​ចិន​ថែម​ទាំង​ចោល​សម្ដី​ថា នាវា​របស់​ខ្លួន​មាន​សិទ្ធិ​បើក​ចូល​ដែន​នោះ​ដោយ​សេរី ព្រោះ​ជា​ដែនទឹក​របស់គេ​។​ឯ​ជប៉ុន​ក៏​មិន​ព្រម​ឲ្យ​ចិន​ធ្វើ​អ្វី​តាម​ចិត្ដ​នៅ​តំបន់​ជម្លោះ​មិន​ទាន់​ដាច់​ស្រេច​ដែរ​។​


​ទំនាក់ទំនង​ចិន​-​ជប៉ុន​បាន​ធ្លាក់ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​២០១២ នៅពេល​ទីក្រុង​តូ​ក្យូច​ង់​បញ្ចូល​កូន​កោះ​គ្មាន​មនុស្ស​រស់​នៅ​ស្ថិត​នៅ​ប្រជុំ​កោះ​ជម្លោះ ជា​កម្មសិទ្ធិ​របស់​ជប៉ុន​។​ក្រោយ​ពី​នោះ​ប្រទេស​ទាំង​ពីរ​បាន​ព្យាយាម​កែលម្អ​ទំនាក់ទំនង​ឡើងវិញ​ដែរ នៅតែ​មាន​ភាព​តានតឹង​កើតឡើង​ដល់​បច្ចុប្បន្ន​៕

 ពាក្យគន្លឹះ  ជម្លោះចិន-ជប៉ុន

ព័ត៌មានផ្សេងទៀត