កម្ពុជា​-​កូរ៉េ​សន្យា​ពង្រឹង​ការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

14-06-2016 4:12 pm 837

​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុន្នី​រ័តុ្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​មកពី​គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ​កូរ៉េ ភ្នាក់ងារ​ជំរុញ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​កូរ៉េ និង​មជ្ឈមណ្ឌល​FINTECH ដឹកនាំ​ដោយ​លោក គីម ហាក់​យុន ជា Standing Commissioner នៃ FSC ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​អំពី​ការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ហៅ​កាត់ ថា Fin Tech (Financial Technology)​។​

 

​នៅ​ក្នុង​កិច្ច​ជំនួប​នោះ លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​រំលឹក​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ​កូរ៉េ ក្នុង​ការកសាង​ទីផ្សារ​មូលបត្រ​កម្ពុជា​តាំងពី​ដំណាក់កាល​ដំបូង​។​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​FSC របស់​កូរ៉េ កម្ពុជា​បាន​ដាក់ឲ្យ​ដំណើរការ​ទីផ្សា​រ​មូលប​ត្រដោយ​ជោគជ័យ ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះបញ្ជី​បោះផ្សាយ​លើ​មូល​ប​ត្រ​ជា​សាធារណៈ​នៅ​លើ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ចំនួន​០៤​ក្រុមហ៊ុន​។​

 

​ដើម្បី​គាំទ្រ​វិស័យ​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​នៅក្នុង​វិស័យ​មូល​ប​ត្រ ដោយ​បន្ថយ​ពន្ធលើប្រាក់ចំណេញ​ចំនួន​៥០% នៃ​ពន្ធលើប្រាក់ចំណេញ​ត្រូវ​បង់ សម្រាប់​រយៈពេល​៣​ឆ្នាំ ជូន​ក្រុមហ៊ុន ចុះបញ្ជី​និង​គោលនយោបាយ​ជំរុញ​ការធ្វើ​I.P.O របស់​សហគ្រាស​រដ្ឋ​។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SMEs) អាច​ស្វែងរក​ប្រភព​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ​ផងដែរ​។​

 

​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​នៅ​ក្នុង​កិច្ចការ​ធុរកិច្ច ដោយ​ការ​ផ្សារភ្ជាប់​រវាង​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​វិស័យ​ហិរញ្ញវត្ថុ ពិតជា​ចូល​រួមចំណែក​ដល់​ដំណើរការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា និង​ចំណាយ​ប្រតិបត្តិការ​។​តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​បច្ចុប្បន្ន វត្តមាន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​គឺ​មាន​កម្រិត​ទាប​នៅឡើយ​ដែល​នេះ​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​បន្ថែ​ម​៕

ព័ត៌មានផ្សេងទៀត