សង្គម​ស៊ីវិល​កាន់តែ​បារម្ភ​ពី​បញ្ហា​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​

13-06-2016 5:02 pm 1154

​បើ​តាម​ទិន្នន័យ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​ឱ្យដឹងថា ចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជិត​៧​លាន​នាក់​។ បច្ចុប្បន្ន​នេះ​ដោយ​រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ដៃ​ផង​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​ប្រមាណ​១៧​ក្រុមហ៊ុន​នៅ​កម្ពុជា​។​


​បើទោះបីជា​សេចក្ដីព្រាងច្បាប់​លើ​ការប្រើប្រាស់​អ៊ីនធឺណិត​មិនទាន់បាន​អនុម័ត្ត​ឱ្យ​អនុវត្តក្ដី ប្រធាន​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​វាគ្មិន​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ នា​ថ្ងៃ​ទី​១២ មិថុនា នៅ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកកាំង ក្រោម​ប្រធានបទ​«​យុគសម័យ​អ៊ីនធឺណិត និង​សិទ្ធិមនុស្ស​» បានបង្ហាញ​ក្ដីបារម្ភ ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​


​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គកា​រ​តម្លាភាព​កម្ពុជា លោក ឱក សេរី​សុភ័ក្រ​មានប្រសាសន៍ថា​បើ​ទោះបី​កម្ពុជា​មិន​ទាន់​បានអនុម័ត​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏ដោយ​ក៏​អាជ្ញាធរ​កម្ពុជា​នៅតែ​អាច​ចាប់​ជនល្មើស​ទាំងឡាយ​ណា​ដោយ​ច្បាប់​ព្រហ្មទណ្ឌ ច្បាប់​ប្រឆាំង​អំពើពុករលួយ​និង​នីតិវិធី​ក្រមព្រហ្មទណ្ឌ​។​លោក​បាន​និទស្សន៍​ថា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​អាច​នឹង​ទទួលរង​គំនាប​ខ្លាំង​ជាង​មុន​ពី​អ្នកនយោបាយ នៅ​មុន​ការបោះឆ្នោត​មកដល់ ដោយ​ពួកគេ​ត្រូវ​មាន​ការប្រប្រយ័ត្ន​ប្រយែង​ខ្ពស់​ជាង​មុន​……… 


​សំឡេង លោក​ឱក សេរី​សុភ័​ក្រ​៖


​តែ​ទោះ​យ៉ាងណា​លោក ឱក សេរី​សុភ័ក្រ​នៅតែ​រំពឹងថា​គ្មាន​អ្នកណា​អាច​គៀប​រឹត​ការប្រើប្រាស់​បណ្ដាញ​អ៊ី​ធឺ​ណិ​ត​បាន​ឡើយ ព្រោះថា​ជា​ទូទៅ​ធាតុ​ពិត​របស់​អ៊ី​ធឺ​ណិ​ត​គឺជា​ភាពសេរី​……..

​សំឡេង លោក​ឱក សេរី​សុភ័​ក្រ​៖


​ជាមួយគ្នានេះ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ បាន​លើកឡើង​ថា ស្ថានភាព​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ចេញ​នូវ​សារ​ឬ​បញ្ញត្តិ​ជាច្រើន​ហាមប្រាម ក្នុង​ការទប់ស្កាត់​និង​ចាត់វិធានការ​ទៅលើ​អ្នក​ប្រើប្រាស់​ជា​យុវជន អង្គការ​សង្គម​ស៊ីវិល​ជាពិសេស​អ្នកនយោបាយ​ផងដែរ ដែល​ធ្វើឲ្យ​ស្ថានភាព​សង្គម​បច្ចុប្បន្ន​មានកា​រ​ប្រែប្រួល​ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​។​ក្រោយពី​មាន​បញត្តិ​ទាំងនេះ លោក​ថា​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​ឬ​ល្បី​នៅ​លើ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុកមួយ​ចំនួន​ត្រូវធ្លា​ក់ដៃ ឬ​បញ្ចុះ​នូវ​ការប្រើប្រាស់​ព័ត៌មាន​ទាំងអស់នេះ​……..


​សំឡេង លោក ទឹម ម៉ាឡៃ​៖


​យុវជន​បុគ្គលិក​ផ្នែក​លក់​ទំនិញ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​(Aeon Mall)​គឺ លោក​តារា បាន​លើកឡើង​ថា​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​រដ្ឋាភិបាល​មាន​ទាំង​ចំណុច​រឹតត្បិត និង​បើក​ទូលាយ​។​បើក​ទូលាយ​ចំពោះ​ការលើក​ពី​បញ្ហា​ផ្សេងៗ​ក្នុង​សង្គម​ដូចជា​បញ្ហា​សំរាម​ក្នុង​ទីក្រុង និង​ការ​ស្ទះលូ​ពេល​ភ្លៀង​ធ្លាក់​ជាដើម​។​ចំនែក​ការ​រឹតបន្ដឹង គឺ​រឹតត្បិត​ចំពោះ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ពត៌មាន​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​ការ​បង្ហោះ​រូបភាព​អាសអាភាស ជាដើម​......


​សំឡេង​លោក តារា​៖


​តែ​ទោះ​យ៉ាងណា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់​វេទិកា​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ​នេះ​ថា រយៈពេល​៥​ខែ​មក​នេះ​សេរីភាព​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ស្ថានភាព​អាក្រក់​ជាង​ពេល​កន្លង​ទៅ​ដោយសារ​តែ​មាន​ការចាប់ខ្លួន អ្នក​ដែល​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ប៉ុន្ដែ​លោក​បាន​បដិសេធថា​ការ​គំរាម​សម្លាប់​អ្នក​ដទៃ​ដោយ​បង្ហោះ​តាម​បណ្តាញ​សង្គម ឬ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​មិនមែន​ជា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ឡើយ​។​


​សូមបញ្ជាក់​ថា ក្រោយ​ពី​លេចចេញ​នូវ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត ដែលមាន​៦​ជំពូក និង​មាន​គោលដៅ​អប់រំ ការពារ និង​ប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ផ្សេងៗ ដែល​កើតឡើង​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​បាន​សង្កេតឃើញថា​មាន​ចំណុច​ខ្វះខាត និង​រឹតត្បិត​ខ្លាំង​លើ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​កម្ពុជា​។​ចាប់តាំងពី​មាន​ការលេចចេញ​នូវ​សេចក្ដីព្រាងច្បាប់​នេះ​មក តែង​មាន​ការព្រួយបារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត