លោក​ហ៊ុន ម៉ា​នី នឹង​តាមដាន​ករណី​ឃុំខ្លួន​បុរស​ម្នាក់ ព្រោះ​ធ្វើឲ្យ​បាត់បញ្ញើរ​ប្រាក់​២​ម៉ឺន​ដុលារ មាស​២៩​តម្លឹង​

10-06-2016 4:46 pm 31515

​លោក​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​សួរសុខទុក្ខ ទណ្ឌិត ហួ សុខ​ឡេង នៅ​ពន្ធនាគារ​ព្រៃ​ស នា​ថ្ងៃ​ទី​១០ មិថុនា​នេះ​។ លោក​ហ៊ុន ម៉ា​នី បានបញ្ជាក់ លើ​ទំព័រ​ហ្វេ​សប៊ុក របស់​ខ្លួន​ថា “​ថ្ងៃនេះ ខ្ញុំ​បាន​មក​សួរសុខទុក្ខ​បងប្រុស ហួ សុខ​ឡេង ពលរដ្ឋ​ខេត្តកំពង់ស្ពឺ ដែល​កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនាម​ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្ត​កំពង់ស្ពឺ ខ្ញុំ​មិន​កាន់ជើង​ភាគី​ណាមួយ​ឡើយ ហើយក៏​មិន​មាន សិទ្ធិ​លូកដៃ​ចូល ក្នុង​កិច្ចការ​តុលាការ​ដែរ ប៉ុន្តែ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តុលាការ​រាជធានី​ភ្នំពេញ នឹង​បំពេញ​កិច្ចការ​នេះ ប្រកប​ដោយ​ភាពយុត្តិធម៌ មិន​លំអៀង ស្រប​ទៅតាម​គោលការណ៍​ច្បាប់ និង​នីតិវិធី ជា​ធរមាន​។ ខ្ញុំ និង​សហការី​របស់​ខ្ញុំ នឹង​បន្ត​តាមដាន​ករណីនេះ ដោយ​យកចិត្តទុកដាក់​”​។​

​សូមបញ្ជាក់​ថា ទណ្ឌិត​ឈ្មោះ ហួ សុខ​ឡេង អាយុ​៣០​ឆ្នាំ អតីត​ជា​អ្នកបើកបរ​រថយន្ត​ឈ្នួល ត្រូវ​បាន​ជាប់ចោទ​ពី​បទ ធ្វើឲ្យ​បាត់​កញ្ចប់​ប្រាក់ ២​ម៉ឺន​ដុល្លារ និង​មាស​ចំនួន ២៩​តម្លឹង ដែល​ត្រូវបាន​ផ្ញើ​ពី​ផ្សារ​កំពង់ស្ពឺ ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ​។ ករណី​ខាងលើ​នេះ បាន​កើតឡើង តាំងពី​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៦៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត