ប្រធានាធិបតី​ អនុ​ប្រធានាធិបតី​​គាំទ្រ​​ឯ​គូប្រជែង​​ក្នុង​បក្ស​​ព្រម​សហការ​​តើ​លោក​ស្រី​គ្លីន​តុន​​អាចឈ្នះ​ឆ្នោត​ទេ​?

10-06-2016 9:57 am 2747
លោកចូ បាយដិន(ឆ្វេង)លោកស្រីគ្លីនតុន(បន្ទាប់)លោកសាន់ឌ័រ(បន្ទាប់)​និងលោកអូបាម៉ា

​ពេលវេលា​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​អាមេរិក​ខិត​កាន់តែ​ជិត បេក្ខជន​ប្រធានាធិបតី​គណបក្ស​ធំៗ​ពីរ​របស់​អាមេរិក​ក៏​កំពុង​អះអាង​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​នេះ​។​នៅ​គណបក្ស​សាធារណរដ្ឋ​មាន​លោក​ដូណាល់ ត្រាំ ជា​បេក្ខជន​ឈ្នះ​សំឡេង​គាំទ្រ​ឲ្យតែ​ងតាំង​ជា​បេក្ខជន​តំណាង​បក្ស រីឯ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​មាន​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​ទើបតែ​ប្រកាស​ជោគជ័យ​ជា​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន ជា​បេក្ខជន​ប្រធានាធិបតីស្ដ្រី​ទី​មួយ​របស់​អាមេរិក​។​


​ទន្ទឹម​នឹង​ជោគជ័យ​ដែល​លោកស្រី​ទទួលបាន លោកស្រី​នៅ​មិន​អស់ចិត្ដ​រឿង​មួយ គឹ​មាន​បេក្ខជន​មួយ​រូប​ទៀត​ដែល​មិនទាន់​បោះបង់​ចោល​ការ​ប្រជែង​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​ជាមួយ​លោកស្រី នោះ​គឺ​លោក​ប៊ែ​នី សាន់ឌ័​រ​។​លោក​សាន់ឌ័​រ​ដ្បិត​ចាញ់​សំឡេង​លោក​ស្រីគ្លីន​តុ​ន ប៉ុន្ដែ​លោក​ប្រកាន់​ជំហរ​មិន​បោះបង់​ឡើយ រហូតដល់​ការបោះឆ្នោត​តែងតាំង​បេក្ខជន​តំណាង​បក្ស​ចុង​ក្រោយ​នៅ​ខែកក្កដា​។​


​តែ​រឿង​មិន​នឹកស្មាន​ដល់​ហើយ​ក៏​ជា​អ្វី​ដែល​លោក​ស្រីគ្លីន​តុន​ធ្លាប់​អំពាវនាវ គឺ​សុំឲ្យ​លោក​សាន់ឌ័​រនិង​អ្នកគាំទ្រ​លោក ចូលរួម​ជាមួយ​លោកស្រី​ដើម្បី​បំបា​ក់​លោក​ដូណាល់ ត្រាំ នៅពេលនេះ​មាន​ការឆ្លើយតប​ពី​លោក​សាន់ឌ័​រហើយ​។​លោក​ប៊ែ​នី សាន់ឌ័​របាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៩​មិថុនា​ថា លោក​នឹង​សហការ​ជាមួយ​លោក​ស្រីគ្លីន​តុ​ន ដើម្បី​យកឈ្នះ​លើ​លោក​ដូណាល់ ត្រាំ​។​លោក​សាន់ឌ័​រ​បញ្ជាក់បន្ថែម​ថា លោក​នឹង​ជួប​ជាមួយ​លោក​ស្រីគ្លីន​តុន​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ពិភាក្សា​តើ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​យ៉ាងណា ទើប​អាច​យកឈ្នះ​លោក​ត្រាំ​បាន​។​ក្រោយ​មក​នឹង​បង្កើត​រដ្ឋាភិបាល​ដែល​តំណាង​ឲ្យ​ទាំងអស់គ្នា មិនមែន​ត្រឹមតែ​មួយ​ភាគរយ​នោះ​ទេ​។​


​លោក​សាន់ឌ័​រ​សង្កត់ធ្ងន់ថា បើ​លោក​ត្រាំ​ជា​ប្រធានាធិបតី​អាច​នឹង​មាន​គ្រោះថ្នាក់ ដូច្នេះ​លោក​នឹង​រិះរក​មធ្យោបាយ​មិន​ឲ្យ​លោក​ត្រាំ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​បាន​ទេ​។​ការលើកឡើង​របស់​លោក​ប៊ែ​នី សាន់ឌ័​របែបនេះ ដូចគ្នា​នឹង​អ្វី​ដែល​លោក​ស្រីគ្លីន​តុន​ធ្លាប់​និយាយ​កន្លង​មក​ដែរ​ថា លោក​ដូណាល់ ត្រាំ​ជា​មនុស្ស​គ្រោះថ្នាក់ មិន​អាច​ធ្វើ​ប្រធានាធិបតី​អាមេរិក​បាន​ឡើយ បើ​មិន​អ៊ីចឹង​អាមេរិក​នឹង​មាន​គ្រោះថ្នាក់​។​


​ក្រៅ​តែ​ពី​លោក​សាន់ឌ័​រ​ប្ដេជ្ញា​សហការ​ជាមួយ​លោ​ក​ស្រីគ្លីន​តុ​ន ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​គាំទ្រ​ដល់​លោក​ស្រីគ្លីន​តុន​ឲ្យធ្វើ​ជា​ប្រធានាធិបតី​ដែរ​។​ចំណែក​លោក​អនុ​ប្រធានាធិបតី​អាមេរិក ចូ បាយ​ដិន បានប្រកាស​ការគាំទ្រ​លោក​ស្រីគ្លីន​តុន​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​ទី​០៩​មិថុនា គឺ​ប្រកាស​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​អូ​បា​ម៉ា​។​


​បើ​មើល​ទៅលើ​ការគាំទ្រ លោក​ស្រីគ្លីន​តុ​ន​បាន​ការគាំទ្រ​ពី​ប្រជាជន​អាមេរិក ពី​ប្រធានាធិបតី​អាមេរិក និង​អនុ​ប្រធានាធិបតី​អាមេរិក​ទៀត ឯ​ដៃ​គូប្រជែង​ក្នុង​បក្ស​ក៏​ព្រម​សហការ​ដើម្បី​ផ្ដួល​លោក​ដូណាល់ ត្រាំ​មិន​ឲ្យ​ឈាន​ជើង​ចូល​គ្រង​តំណែង​ប្រធានាធិបតី​អាមេរិក​។​ដូច្នេះ​លោក​ស្រីគ្លីន​តុន​សង្ឃឹម​ទេ ថា​អាច​ឈ្នះ​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​?​លទ្ធផល​មិន​អាច​ប៉ាន់ស្មាន​បាន មានតែ​រង់ចាំ​លទ្ធផល​ជាក់ស្ដែង​បន្ទាប់ពី​ការបោះឆ្នោត នោះ​នឹង​ដឹង​ថា​នរណា​ជា​អ្នក​បន្ដ​តំណែង​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​៕

 ពាក្យគន្លឹះ  ការបោះឆ្នោតអាមេរិក

ព័ត៌មានផ្សេងទៀត