ជប៉ុន​​ប្រតិកម្ម​​ក្រោយ​​នាវាទ័ព​ជើង​ទឹក​​ចិន​​ធ្វើដំណើរ​​ទៅ​ក្បែរ​​កោះ​ជម្លោះ​

09-06-2016 12:29 pm 1290
ក្រុមកោះជម្លោះស្ថិតនៅសមុទ្រចិនខាងកើត

​ក្រសួងការបរទេស​ជ​ប៉ុន​អះអាងថា នាវា​ជើង​ទឹក​ចិន​បាន​ធ្វើដំណើរ​ទៅ​ក្បែរ​កោះ​ជម្លោះ ដែល​ជប៉ុន​ហៅ​ថា​កោះ​Senkaku ចំណែក​ចិន​ហៅ​ថា​កោះ​Diaoyu ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើត​។​

 

​នៅ​ម៉ោង​ប្រមាណ​២​យប់ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក​Akitaka Saiki បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​តូ​ក្យូ ដើម្បី​តវ៉ា និង​បង្ហាញ​ការព្រួយបារម្ភ​របស់​ស​ខ្លួន ហើយ​ជប៉ុន​បាន​ជំរុញ​ឲ្យ​នាវា​ជើង​ទឹក ចិន​ប្រញាប់​ចាក​ចេញពី​តំបន់​នោះ​ជាបន្ទាន់​។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ជប៉ុន​ឲ្យដឹងថា រយៈពេល​ប្រហែល​១​ម៉ោង​ក្រោយ​នៃ​ការតវ៉ា នាវា​កងទ័ពជើងទឹក​របស់​ចិន បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីនោះ​។ 

 

​ជា​ការកត់សំគាល់ យូរៗ​ម្តង​គេ​សង្កេត​ឃើញ​នាវា​ល្បាត​របស់​ចិន​ធ្វើដំណើរ​ទៅ​ក្បែរ ឬ​ធ្វើ​ដំណើរ​ចូល​ដែនទឹក​ដែល​អះអាង​ដោយ​ជប៉ុន​។ តែ​នេះ​ជា​លើកទីមួយ​ហើយ ដែល​ចិន​បញ្ជា​នាវា​កងទ័ពជើងទឹក ធ្វើដំណើរ​ចូល​ក្នុង​ដែនទឹក​ជម្លោះ​ជាមួយ​ជប៉ុន​។ យ៉ាងណាក៏ដោយ​មិនទាន់​មាន​ការ ឆ្លើយតប​បែប​ណា​ពី​ទីក្រុង​ប៉េកាំង​នៅឡើយ​ទេ ពាក់ព័ន្ធ​បញ្ហា​នេះ​។ ប៉ុន្តែ​នា​ពេល​កន្លង​ទីក្រុង​ប៉េកាំង​ធ្លាប់​ព្រមាន​ទីក្រុង​តូ​ក្យូថា កុំ​ធ្វើ​សកម្មភាព​បង្កហេតុ​ណា​មួយ ​នៅ​លើ​កោះ​ជម្លោះ​នេះ​។​

 

​គួរ​ជម្រាបជូន​ថា នៅក្នុង​អំឡុង​ពេល​ដូច​គ្នា​នាវាចម្បាំង​របស់​រុស្ស៊ី បាន​ធ្វើដំណើរ​ទៅ​ក្បែរ​កោះ​ជម្លោះ ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ទាមទារ​ដោយ​ជប៉ុន​ដែរ​។ ជប៉ុន​កំពុង​ស៊ើបអង្កេត​មើល ថា​តើ​សកម្មភាព​ព្រម​គ្នា​របស់​ចិន​និង​រុស្ស៊ី ដែល​ជា​មិត្ត​ជិតស្និទ្ធ​គ្នា មាន​ការជាប់​ទាក់ទង​គ្នា​ឬ​យ៉ាងណា​? សូម​បញ្ជាក់​ថា កោះ​គ្មាន​មនុស្ស​រស់​នៅ​ស្ថិតនៅ​សមុទ្រចិន​ខាងកើត និង​ស្ថិត​ប្រមាណ​២២០​គីឡូម៉ែត្រ ភាគ​ខាងលិច​កោះតៃវ៉ាន់ គឺ​គ្រប់គ្រង​ដោយ​ជប៉ុន ប៉ុន្តែ​មាន​ការទាមទារ​ដោយ​ចិន​ដែរ​៕ 

ព័ត៌មានផ្សេងទៀត