ដើម្បី​​សន្តិភាព​​រដ្ឋាភិបាល ​ទំនង​ជា​​មិន​​ចាប់​​លោក កឹម សុខា​​

07-06-2016 4:15 pm 11586

សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​ប្តេជ្ញា​ដាច់ខាត​ដើម្បី​ការពារ​សន្តិភាព រក្សា​ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​បន្តបន្ទាប់​ទៅ​មុខ​ទៀត​។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា តម្លៃ​ណា​ក៏​ណា​ដោយ​ដែល​ត្រូវ​លះបង់ គឺ​រាជរដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​លះបង់ ឲ្យតែ​ប្រទេស​មាន​សន្តិភាព​។  ការលើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​ទី​១០០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសថា ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន ជា​អ្នកដឹកនាំ​សំខាន់​មួយ​រូប​នៃ​គណបក្ស​ប្រជាជន  ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៅពេលនេះ និង​​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅពេល​ក្រោយ​ទៀត សម្តេច​បាន​ប្តូរផ្តាច់​ការពារ​នូវ​សន្តិភាព ការពារ​ស្ថិរភាព​នយោបាយ​និង​ជំរុញ​ការអភិវឌ្ឍឲ្យ​លូតលាស់​លើ​សពី​នេះ​ថែម​ទៀត​។​

 

​បើ​តាម​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បានបញ្ជាក់​ថា រដ្ឋាភិបាល​មិន​បណ្តោយ​ឲ្យ​ជន​ណាមួយ មក​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​បាន​ទេ ហើយ​តម្លៃ​ណា​ក៏​ណា​ដោយ​ដែល​ត្រូវ​លះបង់ គឺ​រាជ​រដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​លះបង់ ឲ្យតែ​ប្រទេស​មាន​សន្តិភាព និង​មាន​ស្ថិរភាព​ក្នុង​ប្រទេស​…

​សំឡេង សម្តេច ហ៊ុន សែន​៖

 

​ការអះអាង​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ស្របពេល​ដែល​មាន​សកម្ម​ជន​បក្សប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កំពុង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការចាប់ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យឯកសិទ្ធិសភា​។ បើ​តាម​ការអះអាង របស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា បច្ចុប្បន្ន​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​ឡើង​កម្តៅ ដោយសារតែ អាជ្ញាធរ​ប៉ុនប៉ង​ចាប់ខ្លួន​លោក កឹម សុខា និង​មន្ត្រី​អង្ក​ការ​សង្គម​ស៊ីវិល​ជាច្រើនរូប​ទៀត​។​

 

​ទោះជា​យ៉ាងណាក្តី សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​អះអាងថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មិនមាន វិបត្តិ​នយោបាយ ឬ​វិបត្តិ​អ្វី​កើតឡើង​នោះទេ​។ ហើយ​ថា ការ​ដែល​ជន​មួយចំនួន លើកឡើងថា វិបត្តិ​នោះ មិនមែន​វិបត្តិ​របស់​កម្ពុជា​ទេ គឺជា​វិបត្តិ​ផ្ទាល់ខ្លួន​របស់​គេ​។​

​សំឡេង សម្តេច ហ៊ុន សែន​៖

 

​សូម​រម្លឹកថា កន្លងមក​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា រដ្ឋាភិបាល​កម្ពុជា ប្រហែលជា​មិនទាន់​ចាប់ខ្លួន​លោក​កឹម សុខា​ទេ​។ មិន​ចាប់ ដោយ​លោក​យល់ថា  ដោយសារតែ ម្យ៉ាង​បើសិនជា​ការចាប់ខ្លួន​នោះ នាំ​ដល់​ការ​បង្ហូរឈាម​រវាង​ខ្មែរ និង​ខ្មែរ នោះ​ប៉ូលិស​មិន​ធ្វើ​ទេ​។ ម្យ៉ាងទៀត មកដល់ពេលនេះ ប៉ូលិស​មិន​ទាន់​ទទួល​ដីកា​ពី​តុលាការ ក្នុង​ករណី​លោក កឹម​សុខា នោះទេ​។​

 

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​សន្តិភាព មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ ហើយ​ចំពោះ​ករណី​លោក កឹម សុខា រដ្ឋាភិបាល​ចង់​ចាប់​ថ្ងៃ​ណា​ក៏​បាន​ដែរ​។​

​សំឡេង​លោក ខៀវ សុភ័គ​៖

 

​គួរកត់សម្គាល់​ថា បញ្ហា​នយោបាយ​កម្ពុជា​នា​រយៈពេល​ចុងក្រោយ​នេះ បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។ ក្នុងនោះ ស្ថាប័ន​កំពូល​ពីរ​របស់​ពិភពលោក គឺ​អង្គការ​សហប្រជាជាតិ និង​ប្រតិភូ​សហភាព​អឺរ៉ុប បាន​ចេញ​មុខ​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​នយោបាយ​ខ្មែរ បន្ទាប់ពី​មាន​ការចាប់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​ចុងក្រោយ​នេះ គឺ​ការប្រឈមមុខ​នឹង​ផ្លូវ​ច្បាប់​របស់​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ហើយ​សហគមន៍​អន្តរជាតិ ដែល​រួម​ទាំង​អង្គការសហប្រជាជាតិ​ផង ស្នើ​ឱ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ចរចា និង​បញ្ចប់​ដំណើរការ​នីតិវិធី​តុលាការ​លើ​ករណី​លោក កឹម សុខា ​៕

(ដោយ៖គួន សំបូរ)

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត