កិច្ចពិភាក្សា​​អាមេរិក​-​ចិន​​ចាប់ផ្ដើម​​ស្រប​ពេល​​កំពុង​តានតឹង​​នឹង​គ្នា​​រឿង​​សមុទ្រ​ចិន​​ខាងត្បូង​

06-06-2016 11:14 am 1754
រូបភាពបង្ហាញពី​នាវាចិន​ក្នុងសមុទ្រចិន​ខាងត្បូង

​កិច្ច​ពិភាក្សា​ស្ដីពី​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​លើក​ទី​៨​រវាង​អាមេរិក​-​ចិន ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​០៦​មិថុនា​នេះ​ហើយ ក្រោម​វត្ដ​មាន​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ច​ន ឃើ​រី រួម​ជាមួយ​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​និង​មន្ដ្រីជាន់ខ្ពស់​ចិន​ជា​ច្រើន​រូប​ទៀត​។​កិច្ច​ពិភាក្សា​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដោយ​ផ្ដោតជាសំខាន់​លើ​បញ្ហា​ប្រឈម និង​ឱកាស​ដែល​អាមេរិក​-​ចិន​កំពុង​ជួបប្រទះ ក៏ដូចជា​ពិភាក្សា​ពី​សារប្រយោជន៍​នៃ​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ជា​សាកល ជា​យុទ្ធសាស្ដ្រ​រយៈពេល​ខ្លី​និង​រយៈពេល​វែង​។​


​ទន្ទឹម​នឹង​កិច្ច​ពិភាក្សា​បាន​ចាប់ផ្ដើម ភាព​តានតឹង​រវាង​អាមេរិក​-​ចិន​ហាក់​កើនឡើង​កាន់តែ​ខ្លាំង​ជាង​មុន ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​ចិន​បាន​អះអាង​ថា​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​គឺជា​ដែន​កម្មសិទ្ធិ​របស់​គេ ប៉ុន្ដែ​ប្រទេស​ក្បែរ​ខាង​ដែន​ជម្លោះ បានប្រកាស​ទាមទារ​ថា​នោះ​ជា​ដែន​កម្មសិទ្ធិ​របស់​គេ​ដែរ​។​ចិន​បាន​ទាំង​សាងសង់​កោះ​សិប្បនិម្មិត​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក ដែល​សមស្រប​អាច​ប្រើ​សម្រាប់​មូលដ្ឋាន​យោធា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​។​


​ស្ថានការណ៍​កាន់តែ​ក្ដៅ​បន្ទាប់​ពី​កាសែត The South China Morning Post បាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​ថា ទីក្រុង​ប៉េកាំង​អាច​សាងសង់​តំបន់​ការពារ​ដែនអាកាស​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ទាមទារ​ឲ្យ​គ្រប់​យន្ដហោះ​ឆ្លងកាត់​ត្រូវ​បញ្ជាក់​អត្ដ​សញ្ញាណ​ដល់​យោធា​ដែល​គ្រប់គ្រង​តំបន់​នោះ​។​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​ច​ន ឃើ​រីថា​ការបង្កើត​តំបន់​ការពារ​ដែនអាកាស អាច​ត្រូវ​គិតថា​ជា​ការ​បង្កហេតុ​និង​ជា​សកម្មភាព​បង្ក​អស្ថេរភាព​។​លោក​សង្កត់ធ្ងន់​ថា វា​ជា​រឿង​សំខាន់​ណាស់ ព្រោះ​មិន​អាច​មាន​ប្រទេស​ណាមួយ​ផ្លាស់ប្ដូរ​ដោយ​ឯកតោភាគី ហើយ​បង្កើត​តំបន់​យោធា​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដូច្នេះ​ទេ​។​


​តាមពិត​ទៅ​អាមេរិក​មិនមែន​ជា​ភាគី​ជំពាក់ជំពិន​នឹង​ការទាមទារ​កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​ទេ ប៉ុន្ដែ​ការអន្ដរាគមន៍​របស់​អា​មេរិ​កន្លងមក ដើម្បី​សម្របសម្រួល​ឲ្យ​គ្រប់​ប្រទេស​អាច​ឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង ជា​ដែន​អន្ដរជាតិ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ចិន​។​ម្យ៉ាង​អាមេរិក​យល់ថា​ចិន​អាច​បង្ក​អស្ថេរភាព​ក្នុង​តំបន់ ហេតុនេះ​ទើប​ខំ​ចេញមុខ​ជួយ​ដោះស្រាយ​។​អាមេរិក​ក៏​បាន​បញ្ជូន​នាវា​របស់​ខ្លួន​ទៅ​ជិត​តំបន់​ដែល​ចិន​អះអាង​ផងដែរ ធ្វើឲ្យ​ចិន​ខឹង​យ៉ាង​ខ្លាំង​។​ទាំងនេះ​ហើយ​ជា​ទង្វើ​ដែល​ចិន​មិន​ពេញចិត្ដ​នឹង​អាមេរិក និង​បាន​ចោទ​អាមេរិក​ថា​លូក​ដៃ​ក្នុង​រឿង​ផ្ទៃក្នុង​ចិន​។​


​ភាព​ប្រទាំង​ប្រទើស​រវាង​ចិន​-​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏​ធ្វើឲ្យ​មាន​ការបារម្ភ​ថា អាច​នឹង​ប៉ះពាល់​ដល់​កិច្ច​ពិភាក្សា​ស្ដីពី​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​អាមេរិក​-​ចិន​ផង តែ​លោក​ច​ន ឃើ​រី​អះអាងថា កិច្ចពិភាក្សា​និយាយ​ពី​កិច្ចសហប្រតិបត្ដិការ មិន​និយាយ​ពី​ជម្លោះផ្ទៃក្នុង​ទេ​។​លោក​បាន​ប្រាប់​ទូរទស្សន៍​ហុងកុង​ថា មនុស្ស​មួយចំនួន​បាន​ព្យាយាម​បង្កើត​ភាព​តានតឹង​និង​ការប៉ះទង្គិច​គ្នា ប៉ុន្ដែ​លោក​គិតថា​រឿង​ដែល​សំខាន់​គឺ​ការ​ធ្វើការ​ជាមួយគ្នា ដើម្បី​បង្កើត​កិច្ចសហការ និង​បង្កើត​អ្វី​មិនមែន​ជា​ជម្លោះ​៕

ព័ត៌មានផ្សេងទៀត