ចិន​នឹង​បញ្ជូន​​នាវាចម្បាំង​​ចូលរួម​សមយុទ្ធ​ជើង​ទឹក​​ជាមួយ​អាមេរិក​

03-06-2016 11:39 am 1851
នាវាចម្បាំង​របស់ចិន

​កងទ័ពជើងទឹក​ចិន​នឹង​បញ្ជូន​នាវា​ចំនួន​៥​គ្រឿង ដើម្បី​ទៅ​ចូលរួម​ការធ្វើ​សមយុទ្ធ​ជើង​ទឹក​ជាមួយ​អាមេរិក​ក្នុង​រដូវក្ដៅ​នេះ ទោះបី​ប្រទេស​មហាអំណាច​ទាំង​ពីរ​កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្ដី​។​ការធ្វើ​សមយុទ្ធ​ជើង​ទឹក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ឈ្មោះ RIMPAC ធ្វើ​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង​នៅ​Hawaii ទឹកដី​អាមេរិក ក្នុង​ខែ​មិថុនា​និង​កក្កដា​។​


​ក្រសួង​ការពារ​ជាតិចិន នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា កង​នាវា​តូច​របស់​ខ្លួន​ក្នុងនោះ​មាន​នាវាចម្បាំង​ពីរ​គ្រឿង និង​នាវា​ពេទ្យ​សម្រាប់​សង្គ្រោះ​មួយគ្រឿង​ផង​នឹង​ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ការធ្វើ​សមយុទ្ធ​ប្រឆាំង​ការឈ្លានពាន ការរុករក និង​សមយុទ្ធ​ជួយសង្គ្រោះ​រួមទាំង​សកម្មភាព​ជាច្រើន​ទៀត​។​ការធ្វើ​សមយុទ្ធ​RIMPAC ក៏​មាន​ការចូលរួម​ពី​ប្រទេស​ផ្សេង​ទៀត​ដូចជា​រុស្ស៊ី​ជាដើម ដែល​រុស្ស៊ី​មិនមែន​ជា​សម្ព័ន្ធមិត្ដ​របស់​អា​មេ​រិក​ឡើយ​។​


​ចិន​បាន​ចូលរួម​ក្នុង​សមយុទ្ធ​RIMPAC​កាល​ពីឆ្នា​២០១៤ ជាមួយនឹង​ប្រទេស​ជាង​២០​ផ្សេងទៀត ប៉ុន្ដែ​មន្ដ្រី​ក្រសួងការពារជាតិ​ចិន​ថា ការចូលរួម​របស់​គេ​បាន​កំណត់​លើ​គោលដៅ​សំខាន់ៗ​ដូចជា ការចូលរួម​ក្នុង​យុទ្ធនាការ​ផ្ដល់​ជំនួយ​ម​នុស្ស​ធម៌ ការស្វែងរក និង​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​។


​កន្លងមក​មាន​ពាក្យ​រិះគន់ថា រដ្ឋាភិបាល​លោក​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា ក្នុងនោះ​មាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក​John McCain​ផង បាន​និយាយថា​អាមេរិក​គួរតែ​ហាមឃាត់​ចិន​មិ​នឲ្យចូលរួម​ធ្វើ​សមយុទ្ធ ដើម្បី​បង្ហាញ​ថា​អាមេរិក​មិន​គាំទ្រ​សកម្មភាព​យោធា​របស់​ចិន​។​អាមេរិក​និង​សម្ព័ន្ធមិត្ដ​របស់​គេ​បាន​សម្ដែង​ការ​ព្រួយបារម្ភ ជុំវិញ​ការបង្កើន​កម្លាំងយោធា​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​ការពង្រឹង​កាន់តែ​ខ្លាំង​នូវ​ឥរិយាបថ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​


​តែ​ទោះបី​អាមេរិក​និង​ចិន​ខឹងសម្បា​នឹង​គ្នា ដោយសារ​កងទ័ព​អាមេរិក​បាន​ចុះ​ទៅ​ល្បាត​នៅ​ជិត​ប្រជុំ​កោះ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ហើយ​អាមេរិក​បាន​រិះគន់​សកម្មភាព​យោធា​របស់​ចិន​ទៀត ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​នៅតែ​ព្យាយាម​បង្កើន​ចំណង​មិត្ដភាព​លើ​វិស័យ​ការពារ​ជាតិ និង​ធានាបាន​នូវ​ការប្រាស្រ័យ​ទាក់ទង​ជា​ទៀងទាត់​៕

 ពាក្យគន្លឹះ  ចិន-អាមេរិក

ព័ត៌មានផ្សេងទៀត