រដ្ឋាភិបាល​ប្រតិកម្ម​នឹង ឯ​.​ឧ សម រង្ស៊ី ដែល​ចោទថា​តុលាការ​ខ្មែរ​មាន​ស្ដង់ដារ​ពីរ​

03-06-2016 11:00 am 7032

​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ចេញ​សេចក្តីបំភ្លឺ​មួយ ជុំវិញ​ការប្រៀបធៀប ករណី​កោះហៅ​លោក កឹម សុខា ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ការកោះហៅ​ឥស្សរជន​ខ្មែរ ៦​រូប ដោយ​សាលាក្ដី​ខ្មែរក្រហម​កាលពី​ឆ្នាំ ២០០៩ កន្លងទៅនេះ​។ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ចាត់ទុកថា ការប្រៀបធៀប​នោះ គឺ​ខ្វះ​ការសិក្សា​ស្រាវជ្រាវ ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​លើ​កិច្ចការ ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម ជា​ការផ្សព្វផ្សាយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គឺជា​ការនិយាយ​ភូតកុហក បំផ្លើស​សុទ្ធសាធ និង​មាន​ចរិត​នយោបាយ ដើម្បី​បំភ័ន្ត​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​ការយល់​ច្រឡំ និង​មិន​បាន​យល់​ច្បាស់​អំពី​នីតិវិធី​តុលាការ​។​


​កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លងទៅនេះ ឯ​.​ឧ សម រង្ស៊ី ប្រធាន​គណបក្ស​សង្ក្រោះ​ជាតិ បាន​បង្ហោះ​រូបថត​ឥស្សរជន​នយោបាយ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦​រូប រួមមាន​សម្តេច​ហេង សំរិន លោក​ហោ ណាំហុង លោក​គាត ឈ​ន់ លោក​ស៊ឹម កា លោក​អ៊ុក ប៊ុន​ឈឿន និង​សម្តេច​ជាស៊ីម ដែល​ត្រូវបាន​តុលាការ​ខ្មែរក្រហម​កោះហៅ​តាំងពី​ឆ្នាំ ២០០៩ ឲ្យទៅ​បំភ្លឺ ចំពោះមុខ​ចៅក្រម​។


​ប្រធាន​គណបក្ស​សង្ក្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស រូបនេះ​បានឲ្យដឹង​ទៀត​ថា អ្នក​ទាំង ៦​រូបនោះ មិន​បាន​ទៅ​បង្ហាញ​មុខ​ខ្លួន នៅ​តុលាការ​ទេ មកទល់​នឹង​ថ្ងៃ​នេះ​។ ឯ​.​ឧ ក៏​បាន​ចោទ​ជា​សំណួរ​ថា «​តើ​មាន​នរណា​បាន​តាម​ចាប់​ជនល្មើស​ទាំង​នោះ​ទេ​? បទល្មើស​របស់​បុគ្គល​ទាំង ៦ រូបនោះ អាច​មាន​ការពាក់ព័ន្ធ ជាមួយ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ជា​ប្រធានបទ នៃ​ការស៊ើបអង្កេត របស់​តុលាការ​ខ្មែរក្រហម​។ ឧក្រិដ្ឋកម្ម បែបនេះ មិនមែន​ជា​រឿង​ផ្ទាល់ខ្លួន កំប៉ិកកំប៉ុក ដូច​រឿង​ដែល​គេ​កំពុងតែ​ចោទប្រកាន់​លោក កឹម សុខា នោះទេ​»​។​


​ទន្ទឹម​នេះ​ផង​ដែរ ឯ​.​ឧ សម រង្ស៊ី បាន​ចាត់ទុកថា «​តុលាការ​ស្រុក​ខ្មែរ​ជា​តុលាការ​រើសមុខ​»​។ ការចាត់ទុក​បែបនេះ ដោយសារ​រាល់​ការប្តឹង​ចោទ​ផ្សេងៗ​ពី​គណបក្ស​ប្រឆាំង មិនដែល​ឃើញ​តុលាការ​ចាត់ការ​ទេ   តែបើ​គណបក្សកាន់អំណាច ឬ​រដ្ឋាភិបាល​ចោទប្រកាន់ ឬ​ប្តឹង​ទៅ​លើ​គណបក្ស​ប្រឆាំង​វិញ តុលាការ​ចាត់ការ​លឿន​ហើយ​មាន​ប្រសិទ្ឋភាព​បំផុត​។​


​បើ​តាម​លោក​សុខ សំអឿន ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ឋិ​កម្ពុជា ក៏​បាន​យល់ស្រប នឹង​ការលើកឡើង​របស់​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ដែរ​។ ដោយ​លោក​កត់សម្គាល់ថា ជា​ទូទៅ​គឺ គ្រប់​រឿង​ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ហើយ មិនដែល​ឃើញ​មាន​រឿងក្តី​ណា​មួយ​រួច​ខ្លួន​ទេ​។​


​យ៉ាងណា​លោក​គឹម សន្តិភាព ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បញ្ជាក់ថា បើ​មាន​ការលើកឡើង​ថា​តុលាការ​មាន​ស្តង់ដារ​ពី​រ មានន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួលស្គាល់​កំហុស​ដែល​ខ្លួន​កំពុង​ធ្វើ ។ លោក​បញ្ជាក់ថា ទោះ​តុលាការ​ស្រុក​ណា​ក៏​ដោយ​មិន​អាច​សម្រេច​អ្វី​នៅ​ក្នុង​រូបភាព​ដូច​គ្នា​ទាំងអស់​បាន​ទេ​។ ទាក់ទង​នឹង​ចំណាត់ការ​សាលាក្តី​ខ្មែរក្រហម​ទៅ​លើ​ឥស្សរជន​នយោបាយ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦​រូប លោក​គឹម សន្តិភាព​បាន​ចំអក​វិញ​ថា​មុន​នឹង​និយាយ​ប្រៀបធៀប​ត្រូវ​ពិនិត្យមើល​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ជាមុនសិន។


​សូមបញ្ជាក់​ថា​កា​ប្រៀបធៀប ​ឥស្សរជន​នយោបាយ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦​រូប​ដែល​ធ្លាប់​បាន​តុលាការ​ខ្មែរក្រហម​កោះហៅ​តាំងពី​ឆ្នាំ ២០០៩ ឲ្យទៅ​បំភ្លឺ ចំពោះមុខ​ចៅក្រម​នោះ ធ្វើឡើង​ស្របពេល​លោក​កឹម សុខា ត្រូវ​តុលាការ​កោះហៅ​ឲ្យចូល​បំភ្លឺ​ចំនួន​២​ដង ក្នុងនាម​ជា​សាក្សី ទាក់ទង​សំណុំរឿង​សញ្ចារកម្ម ហើយ​លោក​កឹម សុខា​មិនបាន​ចូល​បំភ្លឺ ក៏​ត្រូវ​សមត្ថកិច្ច ប្រកាស​រក​ចាប់ខ្លួន​ទៅវិញ បើទោះជា​លោក​មាន​អភ័យ​ឯក​សិទ្ឋិ​ក៏ដោយ​៕

 ពាក្យគន្លឹះ  ការកោះហៅលោកកឹម សុខា

ព័ត៌មានផ្សេងទៀត