តុលាការ ចេញ​ដីកា​​បង្គាប់​​ឲ្យ​​លោក​កឹម សុខា ​ចូលខ្លួន​​បំភ្លឺ​ជា​ថ្មី​​

02-06-2016 11:38 pm 6811

​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ពីបទ «​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​» ក្នុងនាម​ជា​សាក្សី​។

 

​ក្នុង​ដីកា ចេញ​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ ចៅក្រម​បាន​លើកឡើង​ថា លោក​កឹម សុខា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ត្រូវបាន​ចោទប្រកាន់​ពីបទ "​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​" ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ តាម​បញ្ញត្តិ​មាត្រា ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទ​ចោទប្រកាន់​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ១​លាន​រៀល​។​

 

​ការចោទប្រកាន់​លោក​កឹម សុខា ក្នុង​បទល្មើស​"​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​"​របស់​តុលាការ​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង បន្ទាប់​ពី លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២៦​ឧសភា បាន​បដិសេធ​មិន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការក្រុង​ភ្នំពេញ តាម​ដី​ការកោះហៅ​របស់​ព្រះរាជអាជ្ញារង​លោក សៀង សុខ នោះទេ ដោយ​លោក​អះអាងថា ជា​អ្នកតំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ​។​

 

​ការ​បដិសេធ​មិន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​របស់​លោក កឹម សុខា​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាត់ទុក​សកម្មភាព​របស់លោក កឹម សុខា​ថា គឺជា​បទល្មើស​ជាក់ស្តែង ស្រប​តាម​ខ្លឹមសារ​មាត្រា ៨៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​អំពី​និយមន័យ បទឧក្រិដ្ឋ ឬ​មជ្ឈិម​ជាក់ស្តែង​។​

 

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី០៣ មិថុនា លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាង ​លោក កឹម សុខា នឹង​មិន​ចូល​តាម​​ដីកា​របស់​ចៅក្រម​នោះទេ។ មិនចូលដោយ​​លោក បញ្ជាក់ថា លោក កឹម សុខា មាន​អភ័យឯកសិទ្ធិ​។ លោក​បន្តថា​មេធាវី​របស់​លោក កឹម សុខា កំពុង​សិក្សា​ផ្លូវច្បាប់​នានា​លើ​ចំណាត់ការ​របស់​តុលាការ​។​

 

​ជា​ការកត់សម្គាល់ ដីកា​បង្គាប់​ឲ្យ​លោក​កឹម សុខា​ពេលនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​អ្នកតំណាងរាស្ត្រ ៦៨ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ថ្ងៃទី​៣០ ឧសភា បាន​លើកដៃ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា សម្រេច​ឲ្យ​សមត្ថកិច្ច បន្ត​ចាត់ការ​លើ​ករណី​លោក​កឹម សុខា បន្ទាប់​ពី​រដ្ឋសភា​បាន​ទទួល​របាយការណ៍ ពី​តុលាការ​។​

 

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ ប៉ូលិស​បាន​ស្វែងរក​លោក​កឹម សុខា ដោយ​ឃាត់​ឡាន​របស់លោក និង​ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។ ការស្វែងរក​ចាប់ខ្លួន​នេះ ខណៈ​ដែល​លោក​កឹម សុខា មិន​បាន​ចូល​បង្ហាញខ្លួន​ពីរលើក តាម​ដីកា​កោះ​របស់​ព្រះរាជអាជ្ញារង អម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងនាម​លោក​ជា​សាក្សី លើ​សំណុំរឿង​សញ្ចារកម្ម​។ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០១៦​នេះ លោក​កឹម សុខា មិន​ត្រូវបាន​ចាប់ខ្លួន​ទេ​៕

(ដោយ៖គួន សំបូរ)

 

 ពាក្យគន្លឹះ  លោកកឹម សុខា តុលាការ

ព័ត៌មានផ្សេងទៀត