ចិន​៖​មិត្ដ​ភាពចិន​-​អាមេរិក​​មិន​គួរ​ត្រូវ​បំផ្លាញ​​ដោយសារ​​ជម្លោះ​សមុទ្រ​​ចិន​ខាងត្បូង​ទេ​

02-06-2016 3:51 pm 1312
ទិដ្ឋភាព​កោះមួយ​ក្នុងសមុទ្រចិនខាងត្បូង

​ទំនាក់ទំនង​រវាង​ចិន​ជាមួយ​អាមេរិក​មាន​សារសំខាន់​ណាស់ មិនគួរណា​ត្រូវ​បំផ្លាញ​ដោយសារតែ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​នេះ​ជា​សម្ដី​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក​លោក​Cui Tiankai​។​លោក​Cui​បាន​លើកឡើង​ថា ចិន​-​អាមេរិក​បាន​ចែករំលែក​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ហើយ​ប្រទេស​ទាំង​ពីរ​ពិតជា​មាន​សក្ដានុពល​យ៉ាង​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្ដិការ​។​


“​យើង​អាច​មាន​ចំណុច​ខុស​គ្នា​ច្រើន ប៉ុន្ដែ​យើង​ក៏​បាន​ចែករំលែក​ផលប្រយោជន៍​ជាមួយគ្នា​ដែរ ក្នុងនោះ​មាន​ការរក្សា​សន្ដិភាព​និង​ស្ថេរភាព​ក្នុង​តំបន់ ការគាំទ្រ​សេរីភាព​នៃ​ការរុករក​និង​ការហោះហើរ អនុលោម​តាម​ច្បាប់​អន្ដរជាតិ រួម​ទាំង​ការដោះស្រាយ​ជម្លោះ​តាម​រយៈ​ការចរចា​ដោយ​សន្ដិភាព និង​តាមរយៈ​កិច្ចពិភាក្សា​ការទូត​។​សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​ទីលាន​ប្រកួតប្រជែង​សម្រាប់​ចិន​ជាមួយ​អាមេរិក​ទេ​”​។​នេះ​ជា​ការលើកឡើង​បន្ថែម​របស់​លោក​Cui Tiankai​។​


​ក្រៅពី​អ្វី​បាន​បញ្ជាក់​ខាងលើ លោក​Cui Tiankai​ថា ការយល់ឃើញ​របស់​អា​មេរិក​និង​ប្រទេស​ផ្សេងទៀត ពី​គោលនយោបាយ​និង​គោលបំណង​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​ការ​យល់​ខុស​។​លោក​បាន​សង្កត់ធ្ងន់ថា អ្វី​ដែល​សំខាន់​ត្រូវ​ស្វែងយល់​ការពិត ហើយ​ចេតនា​របស់​ចិន​គឺ​ត្រឹមត្រូវ ចិន​ធ្វើ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ ផលវិបាក ដែល​ជា​លទ្ធផល​នៃ​ការបកស្រាយ​មិន​ត្រឹមត្រូវ​និង​ការយល់​ខុស​។​


​តាម​អ្វី​ដែល​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក​បាន​និយាយ ចិន​ថា​ចេតនា​របស់​ខ្លួន​គ្មាន​អ្វី​ក្រៅពី​ការរក្សា​និង​ការពារ​ដែន​អធិបតេយ្យ និង​សិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ហើយ​សកម្មភាព​សាងសង់​ដែល​ចិន​បាន​ធ្វើ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាជន និង​សាធារណជន​ទូទៅ​ប៉ុណ្ណោះ​។​ចិន​ក៏​បាន​បដិសេធ​ការចោទប្រកាន់​របស់អាមេរិក ដែល​ប្រកាស​ថា ចិន​បាន​បង្កើត​តំបន់​យោធា​នៅលើ​កោះ​និង​លើ​ថ្ម​ប៉ប្រះ​ទឹក ហើយ​ចិន​ធ្វើ​អ្វីៗ​ដើម្បី​បម្រើ​តែ​ផលប្រយោជន៍​យោធា​។​


​គួរ​ជម្រាប​ថា ដែនសមុទ្រ​ចិន​ខាងត្បូង ចិន​កំពុង​មាន​បញ្ហា​ជាមួយ​ប្រទេស​មួយចំនួន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម និង​ហ្វីលីពីន​។​ដោយឡែក​ក្នុង​ពេល​ថ្មីៗ​នេះ អាមេរិក​បាន​លូកដៃ​ចូល​រឿងរ៉ាវ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ក្នុង​បំណង​ជួយ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​។​ប៉ុន្ដែ​វត្ដ​មាន​របស់​អាមេរិក មិន​ត្រូវ​បាន​ចិន​ស្វាគមន៍​ឡើយ ដោយ​ចិន​ថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន អាមេរិក​មិន​ជាប់ទាក់ទង​អី​ទេ​៕

ព័ត៌មានផ្សេងទៀត