យុវជន​មាន​តួនាទី និង​បញ្ហា​ប្រឈម​អ្វីខ្លះ​ក្នុង​ការបោះឆ្នោត​ខាង​មុខ​?

30-05-2016 4:31 pm 3346

«​យុវជន​ជា​សរសរ​ទ្រូង​នៃ​ប្រទេសជាតិ​» នេះ​ជា​ពាក្យស្លោក​របស់​ខ្មែរ ដែល​បាន​ផ្ដល់​តម្លៃ​លើ​សក្កដានុពល​របស់​យុវជន​ក្នុង​សកម្មភាព​ផ្សេងៗ​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​។ មិនយូរ​ឡើយ​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​ខិតចូល​មកដល់​។ ក្នុងនាម​យុវជន​តើ​មាន​តួនាទី​អ្វីខ្លះ​ក្នុង​កិច្ចការ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​នេះ​?

មាន​រាង​ដំបង សម្បុរ​សណ្ដែកបាយ លោក ម៉េង ហុង និស្សិត​ឆ្នាំ​ទី​២ ផ្នែក​នីតិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច យល់​ថា​យុវជន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបោះឆ្នោត​ព្រោះ​ថា​វា​ជា​ការកំណត់​វាសនា​ប្រទេសជាតិ​។​ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ យុវជន​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ចុះឈ្មោះ​បោះឆ្នោត ដោយ តាមដាន​ព័ត៌មាន និង​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​..........


​សំឡេង​លោក ម៉េង ហុង​៖


​លោក ម៉េង ហុង បានបញ្ជាក់​ថា ក្នុង​ការបោះឆ្នោត យុវជន​ត្រូវតែ​យល់ដឹង និង​ចូលរួម​ឱ្យ​បាន​សកម្ម​ព្រោះថា យុវជន​នឹងត្រូវ​ក្លាយជា​អ្នកដឹកនាំ​បន្ដវេន​ពី​អ្នក​ជំនាន់​មុន ដូច​ឃ្លា​មួយ​ពោល​ថា ទំពាំង​ស្នង​ឫស្សី​.......


​សំឡេង​លោក ម៉េង ហុង​៖


​ចំណែក​លោក ឃី ពិសី បណ្ដាញ​យុវជន​មក​ពី​អង្គការ​(YRDP) បាន​លើកឡើង​ថា ពលរដ្ឋ ពិសេស​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត​គួរ​ស្គាល់​ពី​បេក្ខភាព​របស់​គណបក្ស ដែល​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្ត​របស់​ខ្លួន ដើម្បី​ស្វែងយល់​ពី​សមត្ថភាព​របស់​បេក្ខជន​នោះ ថា​តើ​គាត់​មាន​ភាពខ្លាំង​ប៉ុណ្ណា​សម្រាប់​ដឹង​នាំ​សហគមន៍​របស់​ខ្លួន​។ ជាមួយគ្នានេះ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវដាក់​យុវជន​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​ចូល​ជា​បេក្ខភាព​ក្នុង​គណបក្ស​របស់​ខ្លួន​ផងដែរ​..............


​សំឡេង លោក ឃី ពិសី​៖

​បើ​តាម​ការ​សង្ដ​តរបស់ យុវជន​ឃី ពិសី ឃើញថា ក្នុង​ចំណោម​អ្នក​បោះឆ្នោត គឺ​មាន​សំនួន​យុវជន​ជាង​ពាក់កណ្ដាល​ទៅហើយ​។ អ្វី​ដែល​ជា​ការព្រួយបារម្ភ​របស់លោក និង​យុវជន​ផ្សេងទៀត គឺ​ពួកគេ​ពិបាក​ក្នុង​ការស្វែងរក​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​នីតិវិធី​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​........


​សំឡេង​លោក ឃី ពិសី៖


​តែ​ទោះ​យ៉ាងណា ប្រធាន​អង្គការ​និចហ្វិក លោក សំ គុណ​ធា​មី បាន​លើកឡើង​ថា បញ្ហា​ប្រឈម​របស់​យុវជន ក្នុង​ការបោះឆ្នោត​គឺ​បញ្ហា​អត្តសញ្ញាណប័ណ្ណ​។ លោក​ព្រួយបារម្ភ​ខ្លាច​យុវជន​មិនទាន់​ទទួលបាន​គ្រប់​គ្នា​នៅ​មុនពេល​ចុះឈ្មោះ​។ សម្រាប់​អង្គ​និចហ្វិក បាន​គាំទ្រ​ចំពោះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ចំពោះ​នីតិវិធី​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​ចៀសវាង​នូវ​ការ​មក​ចុះ​ឈ្មោះ​ច្រើនដង​នាំ​ឱ្យ​ខាត​ពេលវេលា​.........


​សំឡេង លោក សំ គុណ​ធា​មី​៖


​មន្ត្រី​អង្គការ ខុម​ហ្វ្រែល លោក ស៊ិន ទិត្យ​សីហា បាន​លើកឡើង​ថា កន្លងមក​ក្នុង​ការបោះឆ្នោត​មាន​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​កង្វះ​ធនធាន​មនុស្ស​ធ្វើ​ជា​អ្នក​អង្កេត​ការណ៍ តែ​សម្រាប់​ការបោះឆ្នោត នៅ​ពេល​ខាង​មុន នឹង​មាន​ការចូលរួម​ស្ម័គ្រចិត្ត​ច្រើន​ពី​ខាង​យុវជន ដើម្បី​ធ្វើ​ជា​អ្នក​អង្កេត​ការណ៍​.......


​សំឡេង លោក ស៊ិន ទិត្យ​សីហា​៖


​សូមបញ្ជាក់​ថា បច្ចុប្បន្ន​ច្បាប់​បាន​បើក​ឱកាស​ដល់​និស្សិត ឫ​កម្មករ​ដែល​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទី​សំណាក់​របស់​ខ្លួន​បាន​។ ដើម្បី​ចុះ​ឈ្មោះ​បាន​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​នាំ​សាក្សី​ម្នាក់ សម្រាប់​ស្នើសុំ​លិខិតបញ្ជាក់​ទីលំនៅ ពី​មេឃុំ​ឫ​ចៅសង្កាត់​៕ (​ដោយ​៖ គីម ចាន់​ចាវ​)
​    ​

ព័ត៌មានផ្សេងទៀត