សមាគម​​គ្រូបង្រៀន​និង​សហជីព​​សេរី​​កម្មករ ព្រមាន​​ធ្វើ​បាតុកម្ម ​បើ​ចាប់​លោក កឹម សុខា​​

29-05-2016 2:21 pm 6733

​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ ចូលរួម​កូដកម្ម ឬ​បាតុកម្មអហិង្សា ស្របច្បាប់ ក្នុងករណី​មាន​ការចាប់ខ្លួន​លោក កឹម​សុខា អ្នកតំណាងរាស្ត្រ ដែល​កំពុង​​មាន​អភ័យ​ឯកសិទ្ធិសភា​​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​សមា​គម​គ្រូបង្រៀន​ឯករាជ្យ ដែល​ចុះ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៦​។

 

​សមាគម​គ្រូបង្រៀន​ឯករាជ្យ បាន​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ចូលរួម​កូដកម្ម ឬ​បាតុកម្មអហិង្សា​ស្របច្បាប់ ក្នុងករណី​មាន​ការចាប់ខ្លួន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើង​។

 

​បើ​លិខិត​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា​នេះ បាន​អះអាង​ថា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​ការកត់សម្គាល់​ឃើញថា  មាន​ការរំលោភ​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ពី​សំណាក់​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​។​

 

​គួរបញ្ជាក់​ថា ការប្រកាស​របស់​សមា​គម​គ្រូបង្រៀន​ឯករាជ្យ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោក​ជា​មុនី ប្រធាន​សហជីព​សេរី​កម្មករ បាន​សេរ​សេរ​លិខិត​ជម្រាប​ទៅ​កាន់​មេដឹកនាំ​សហជីព​កម្មករ​នៅ​តាម​រោងចក្រ សហគ្រាស ឲ្យ​ត្រៀមខ្លួន ធ្វើ​កូដកម្ម មិន​ចូល​ធ្វើការ បើសិនជា​មាន​ការចាប់​ខ្លួន​លោក​កឹម​សុខា​។​

 

​ភ្លាមៗ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​សហជីព​សេរី​កម្មករ​ព្រមាន​ធ្វើ​មហា​បាតុកម្ម កញ្ញា ធី​សុវណ្ណ​ថា ក៏​បាន​ប្រកាសថា ក្រុមយុវជន​របស់​នា​ង រួម​ទាំង​ក្រុម​របស់​លោកស្រី​ចំរើន និង​អង្គការ​សមាគម សហជីព សរុប ១២ ស្ថាប័ន ដែល​មាន​គ្នា​ជាង ១​ម៉ឺន​នាក់ នឹង​ធ្វើ​បាតុកម្ម គាំទ្រ​ចំណាត់ការ​របស់​តុលាការ ក្នុង​ការចាប់ខ្លួន​លោក​កឹម​សុខា បើសិនជា​មាន​បាតុកម្ម ជំទាស់​នឹង​ការចាប់ខ្លួន​លោក​កឹម​សុខា កើតឡើង​មែន​នោះ​។​

 

​គួរបញ្ជាក់​ថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦​ឧសភា​នេះ បាន​បដិសេធ​មិន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការក្រុង​ភ្នំពេញ តាម​ដី​ការកោះហៅ​របស់​ព្រះរាជ​អាជ្ញារង​​លោក សៀង សុខ នោះទេ ដោយ​អះអាង​ថា លោក​គឺជា​អ្នកតំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ​។​

 

​បដិសេធ​របស់​លោក កឹម សុខា​នេះ ត្រូវបាន​តុលាការ​អះអាង​គឺជា​បទល្មើស​«​បដិសេធ ក្នុង​ការ​ចូល​ខ្លួន​» តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រមទាំង​បញ្ជា​ដល់​សមត្ថ​កិច្ច​ប៉ូលីស​ចាប់ខ្លួន​លោក កឹម សុខា​៕

(ដោយ៖គួន សំបូរ)

 ពាក្យគន្លឹះ  លោក កឹម សុខា​​

ព័ត៌មានផ្សេងទៀត