ឯកអគ្គរដ្ឋទូត Heidt បាន​ជួប​ជាមួយ​លោកស្រី ពុង ឈីវហ្គិច​ពិភាក្សា​ពី​ការងារ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​

27-05-2016 3:50 pm 586

​កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ជួប​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវហ្គិច ប្រធាន​នៃ​សម្ព័ន្ធ​កម្ពុជា​ដើម្បី​ជំរុញ និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង​បុគ្គលិក​របស់​លោកស្រី ដើម្បី​ពិភាក្សា​ពី​ការងារ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។ លោកស្រី​ពុង ឈីវហ្គិច ដែល​បាន​បង្កើត​អង្គការ​លីកាដូ នៅ​ឆ្នាំ ១៩៩២ ក្រោយពី​មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់ តាំងពី​ពេលនោះ​មក ដើម្បី​ជំរុញ​សន្តិភាព អហឹង្សា និង​ការគោរព​ចំពោះ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។​

​នៅក្នុង​ជំនួប​នោះ​លោក​ឯកអគ្គរដ្ឋទូត Heidt បាន​មានប្រសាសន៍ថា “​ខ្ញុំ​បាន​ស្គាល់​លោកស្រី​ឈីវហ្គិច​អស់​រយៈពេល​ជិត ២០ ឆ្នាំ​ហើយ ហើយ​នៅតែ​មាន​ការចាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការងារ​ប្រកបដោយ​គោលការណ៍​របស់​អង្គការ​លីកាដូ លើ​បញ្ហា​នានា​ជាច្រើន​ដែល​មាន​ទៅលើ​ប្រជាជន​កម្ពុជា​ទាំងអស់ ដូចជា​ការការពារ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​សេដ្ឋកិច្ច និង​សិទ្ធិ​នយោបាយ​។ សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ក្នុង​ការជួយ​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល ដូចជា​អង្គការ​លីកាដូ​នេះ​”​។

 

​អង្គការ​លីកាដូ​ធ្វើ​ការតស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ស្ត្រី និង​កុមារ ផ្តល់​ជំនួយ​មនុស្សធម៌​ផ្នែក​ច្បាប់ និង​សេវា​សង្គម​ដល់​ជនក្រីក្រ ហើយ​បង្កើន​ការយល់ដឹង​នៅ​ក្នុង​ប្រទេស​ទៅលើ​សិទ្ធិ​នយោបាយ​។​លើសពីនេះ​ទៀត​អង្គការ​លីកាដូ​ជួយ​សហគមន៍​នានា​ក្នុងការ​ធ្វើ​យ៉ាងណា​អោយ​ការទាមទារ​និង​ការ​កា​ពារ​សិទ្ធិ​របស់​គេ​ទទួលបាន​លទ្ធផល​ល្អ​។

 

​សូម​បញ្ជាក់​ផង​ដែរ​ថា​អង្គការ​នេះ​ស្ថិតក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នៅ​កម្ពុជា ដែល​ធ្វើ​ការងារ​ផ្តល់​អំណាច​ដល់​ពលរដ្ឋ រក​ដំណោះស្រាយ​ថ្មីៗ​ចំពោះ​បញ្ហា​ប្រឈម ហើយ​ចាប់​អោយ​រដ្ឋាភិបាល​មាន​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជន​ដែល​គេ​ខ្លួន​ធ្វើ​ជា​តំណាងអោយ​៕

ព័ត៌មានផ្សេងទៀត