គណបក្សសង្រ្គោះជាតិ ប្រកាសនឹងធ្វើបាតុកម្ម បើចាប់លោក កឹម សុខា

27-05-2016 12:24 pm 5500

នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ នេះ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព ឯកឧត្តម សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្សដោយ​ផ្ដោត​លើ “​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​”​។​

 

ក្រោយ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះមក ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេចចំនួន៤ចំណុច​៖

 

១. អោយ​ថ្នាក់ដឹកនាំ​គណបក្ស​មូលដ្ឋាន​គ្រប់​រាជធានី ខេត្ត ដង្ហែ​ញ្ញតិ​មក​រាជធានី​ភ្នំពេញ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​។​

 

២. គាំទ្រ​អោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយះ​ក្រុម​សមាជិកសភា ធ្វើ​ញត្តិ​ផ្ញើរ​ជូន​ប្រធាន​រដ្ឋសភា​ដើម្បី​បញ្ជាក់​ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទៅ​បំពេញ​ការងារ​នៅ​មន្ទី​រដ្ឋសភា​បាន​ក្នុង​កាលៈទេសៈ​ដែល​មាន​ការបំពាន​អភ័យឯកសិទ្ធិ​សភា​របស់​អ្នកតំណាងរាស្ត្រ ជា​បន្តបន្ទាប់​នេះ​។​

 

៣. គណបក្ស​នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​បាតុកម្ម​អហឹង្សា ក្នុងករណី​ដែល​មាន​ការចាប់ខ្លួន​លោក កឹម សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

៤. បន្ត​យកវប្បធ៌ម​សន្ទនា​ធ្វើជា​មូលដ្ឋាន ក្នុង​ការស្តារ​ស្ថានការណ៍​នយោបាយ​អោយ​វិល​មក​ភាពប្រក្រតី​វិញ​ដើម្បី​ធានា​អោយ​ការបោះឆ្នោត​នា​ឆ្នាំ​២០១៧ និង ២០១៨​ខាង​មុខ​ប្រព្រឹត្តទៅ​ដោយ សេរី ត្រឹមត្រូវ​និង​យុត្តិធ៌ម​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត