ពីមុនឡើយលោកដូណាល់ត្រាំគ្រាន់តែត្រូវគេសន្និដ្ឋានថា អាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋ នៅពេលលោកបានយកឈ្នះលើគូប្រកួតក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងបក្សក្នុងរដ្ឋនៅអាមេរិក។លោកដូណាល់ត្រាំបានយកឈ្នះលើបេក្ខជនក្នុងបក្ស១៦នាក់ផ្សេងទៀត ដោយធ្វើឲ្យពួកគេត្រូវធ្លាក់ចេញពីការប្រកួត។
ប៉ុន្ដែកាលពីថ្ងៃទី២៦ឧសភា លោកដូណាល់ត្រាំបានឈ្នះជាផ្លូវការនូវសំឡេងគាំទ្រពីគណៈប្រតិភូក្នុងបក្ស ហើយមានសិទ្ធិគ្រប់គ្រាន់ធ្វើជាបេក្ខជនប្រធានាធិបតីតំណាងបក្ស មិនចាំបាច់ភ័យខ្លាចឡើយ។ដើម្បីអាចត្រូវតែងតាំងជាបក្ខជនប្រធានាធិបតីតំណាងបក្សបាន លោកត្រាំត្រូវស្វែងរកសំឡេងគាំទ្រ១,២៣៧សំឡេងពីគណៈប្រតិភូក្នុងបក្សសិន តែពេលនេះលោកទទួលបានការគាំទ្រ១,២៣៨សំឡេងហើយ លើសមួយសំឡេង។នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press។ដូច្នេះបានន័យថា លោកដូណាល់ត្រាំពិតជាឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋមិនអាចប្រកែកបាន។
គណបក្សសាធារណរដ្ឋនឹងបញ្ចប់ការតែងតាំងបេក្ខជនប្រធានាធិបតីនៅក្នុងមហាសន្និបាតក្នុងខែកក្កដាខាងមុខ។ចំពោះលោកដូណាល់ត្រាំ ទោះបីឈ្នះសំឡេងគ្រប់គ្រាន់អាចត្រូវតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្ស ប៉ុន្ដែការតែងតាំងនៅមិនទាន់មានសុវត្ថិភាពទាំងស្រុងទេ។គណៈប្រតិភូនៅក្នុងបក្សអាចដកចិត្ដទៅគាំទ្របេក្ខជនផ្សេងទៀត តាមជម្រើសដែលខ្លួនពេញចិត្ដ។
ប្រសិនបើក្រោយបិទបញ្ចប់ការតែងតាំងបេក្ខជនប្រធានាធិបតី គណបក្សសាធារណរដ្ឋសម្រេចតែងតាំងលោកដូណាល់ត្រាំមែន នោះលោកអាចត្រូវប្រកួតប្រជែងនឹងបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយភាពមួយរូបរបស់គណបក្សប្រជាធិបតេយ្យ គឺលោកស្រីហ៊ីលឡារី គ្លីនតុន។បច្ចុប្បន្នលោកស្រីគ្លីនតុនកំពុងនាំមុខក្នុងគណបក្សប្រជាធិបតេយ្យ ប៉ុន្ដែលោកស្រីក៏កំពុងជួបភាពប្រទាំងប្រទើសពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនក្នុងកិច្ចការរដ្ឋាភិបាល ដែលទង្វើនេះត្រូវបានហាមឃាត់នៅអាមេរិក។ប៉ុន្ដែយ៉ាងណាក៏ដោយលោកស្រីគ្លីនតុនអះអាងថា បញ្ហាប្រើប្រាស់អ៊ីមែលរបស់លោកស្រីនឹងមិនប៉ះពាល់ដល់ការប្រកួតប្រជែងតំណែងជាប្រធានាធិបតីអាមេរិករបស់លោកស្រីឡើយ។
គួរជម្រាបថា នៅពេលគណបក្សទាំងពីររបស់អាមេរិកបញ្ចប់ការតែងតាំងបេក្ខជនប្រធានាធិបតីហើយ អ្នកត្រូវតែងតាំងតំណាងបក្សនឹងត្រូវចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្ដទៅនៅខែវិច្ឆិកាឆ្នាំ២០១៦នេះ។តើនរណាមួយដែលអាចឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥របស់អាមេរិក បន្ដតំណែងពីលោកបារ៉ាក់ អូបាម៉ា?