អ្នកគាំទ្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​ព្រមាន​ធ្វើ​​​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​​បើ​ចាប់​​ខ្លួន​​លោក កឹម សុខា​​

26-05-2016 6:06 pm 36553

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃនេះ​បាន​ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​មាន​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ការព្រមាន​នេះ​បាន​ធ្វើឡើង ភ្លាមៗ បន្ទាប់​ពី​មាន​វត្តមាន​របស់​ក្រុម​ប៉ូលិស​ជា​ច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ចេតនា​ចាប់​លោក កឹម សុខា​។​

 

​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​សង្គ្រោះ​ជាតិ តាម​ផ្លូវជាតិ​លេខ​២ នៅ​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ត្រូវបាន​ក្រុម​ប៉ូលិស​ជាច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ត្រូវបាន​ដាក់ពង្រាយ​នៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​បើ​តាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ក្រុម​ប៉ូលិស​ទាំងអស់​នោះ ឡោម​ព័ទ្ធ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ចេតនា​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក​មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ពាក់ព័ន្ធ​នឹង​សំណុំរឿង​សញ្ចារកម្ម ក្នុងនាម​លោក​ជា​សាក្សី​។​

 

​ដោយឡែក​រថយន្ត​រប​ស់លោក​កឹម សុខា​ក៏ត្រូវ​ប៉ូលិស​ឃាត់​ទុក​ផងដែរ ពេល​កំពុង​ធ្វើដំណើរ​នៅតាម​ផ្លូវ​ព្រះ​នរោត្តម​។ ប៉ុន្តែ​រថយន្ត​នោះ មិន​មាន​វត្តមាន​រប​ស់លោក​កឹម​សុខា​នោះទេ គឺមាន​តែ​ភរិយា​របស់​លោក​កឹម​សុខា​តែប៉ុណ្ណោះ​។​

 

​ភ្លាមៗ​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បង្ហាញ​ថា នៅវេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ រថយន្ត​របស់​លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ ប្រដាប់​ដោយ​កាំភ្លើង ស្ទាក់​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​។​

 

​យ៉ាងណាក្តី បន្ទាប់​ពី​ឡោមព័ទ្ធ ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ បន្តិចក្រោយមក ក្រុម​ប៉ូលិស​ក៏​បាន​ដកថយ ឡើង​ឡាន​ទៅវិញ ចេញពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​មេធាវី និង​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សួរ​រក​ដីកា​ពី​តុលាការ​។​

 

​ក្រោយពី​កើតមាន​ករណី​ឡោម​ព័ទ្ធ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រយ​នាក់ បាន​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការពា​រលោក កឹម សុខា ​។ សកម្មជន​គណបក្ស​ប្រឆាំង​ទាំងនោះ បាន​ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​មាន​ការចាប់ខ្លួន​លោក កឹម សុខា​។ សូម​ស្តាប់​សំឡេង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​…

​សំឡេង​៖

 

​នៅ​មិនទាន់​មាន​ការឆ្លើយតប​យ៉ាងណា ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ទាក់ទង​នឹង​ករណី​ខាងលើនេះ​។ ប៉ុន្តែ​យ៉ាងណាក្តី លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ប្រាប់ សារព័ត៌មាន​ក្នុង​ស្រុក​ថា ពុំ​មាន​ការឃាត់ខ្លួន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

 

​គួរបញ្ជាក់​ថា លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ​ឡើយ ពាក់ព័ន្ធ​នឹង​សំណុំរឿង សញ្ចារកម្ម ក្នុងនាម​លោក​ជា​សាក្សី ហើយ​មិន​បាន​ចូល​បំភ្លឺ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦​។ អវត្តមាន​នៅ​តុលាការ​នេះហើយ ជាហេតុ​នាំ​ឲ្យ​ប៉ូលិស លោម​ព័ទ្ធ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃទី​២៦​ឧសភា​នេះ​។​

 

​រី​ឯ​វត្ត​មាន​លោក​កឹម​សុខា​វិញ មិន​ត្រូវបាន​តំណាងរាស្ត្រ​បក្សប្រឆាំង​បញ្ជាក់ថា នៅ​កន្លែង​ណា​នោះ​ទេ គ្រាន់តែ​អះអាង​ថា លោក​កំពុង​ស្ថិតនៅ​កន្លែង​សុវត្ថិភាព​។

 

​សូម​រម្លឹកថា លោក កឹម សុខា ធ្លាប់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ឃុំ​ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ នៅពេលដែល​លោក​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ ការចាប់ខ្លួន​លោក កឹម សុខា កាលណោះ បន្ទាប់ពី​លោក បាន​ដឹកនាំ ប្រជាពលរដ្ឋ សរសេរ​បដា រិះគន់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០ ខែ​ធ្នូ ឆ្នាំ​២០០៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

 

​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦​លោក​កឹម សុខា ត្រូវបាន​ដោះលែង ចេញពី​ពន្ធនាគារ​ព្រៃ​ស​វិញ ហើយ​លោក​បាន​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង​ឈ្មោះថា គណបក្ស​សិទ្ធិមនុស្ស ក្រោយមក​ទៀត​​គណបក្ស​របស់លោក បាន​បង្រួបបង្រួម​ជាមួយ​គណបក្ស​សម រង្ស៊ី បង្កើតបាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃ លោក កឹម សុខា ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត