បាតុកម្ម​ទ្រង់ទ្រាយ​ធំ​រៀងរាល់​ថ្ងៃរបស់​គណបក្ស​សង្រ្គោះជាតិ​អាចកើត​ឡើង​ម្តងទៀតទេ​?​

26-05-2016 6:04 pm 9895

មកដល់ត្រឹមនេះ គណបក្សសង្រ្គោះជាតិ ហាក់កំពុងចាញ់ប្រៀប គណបក្សប្រជាជន និងដុនដាប​ជា​បន្តបន្ទាប់ ក្រោយពីសកម្មជនជាច្រើននាក់ តំណាងរាស្រ្ត ជាច្រើនរូប ត្រូវបានចាប់ខ្លួន និង ប្រឈម​ការចាប់ខ្លួន ក្រោមបទចោទប្រកាន់ផ្សេងៗ ដោយឡែកតួអង្គសំខាន់ៗ នោះគឺឯកឧត្តមសម រង្ស៊ី និង ឯកឧត្តមកឹម សុខា ក៏កំពុងជាប់ទោស និងប្រឈមការចាប់ខ្លួនផងដែរ។ មកដល់ចំណុចនេះ មាន​សំណួរជាច្រើន បានសួរឡើងថា តើបាតុកម្មទ្រង់ទ្រាយធំ អាចនឹងកើតឡើងម្តងទៀតទេ? ក្រោយពីបាតុកម្មកាលពីចុងឆ្នាំ២០១៣ ដើមឆ្នាំ២០១៤ បញ្ចប់ដោយកិច្ចព្រមព្រៀង​នយោបាយ រវាងគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ។ កិច្ចព្រមព្រៀង​នយោបាយដែលមាន​ចំណុចជាច្រើន គណបក្សសង្រ្គោះជាតិមិនសម្រេចតាមការចង់បាន។

 

ក្រោយការបោះឆ្នោតសកលនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ពោល​ក្រោយការប្រកាស​លទ្ធផល​ផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភ្លាមគណបក្សសង្គ្រោះជាតិ ក៏បានប្រកាស​បដិសេធមិនទទួលស្គាល់នូវលទ្ធផលការបោះឆ្នោត។ បាតុកម្មទ្រង់ទ្រាយធំរបស់ គណបក្សសង្គ្រោះ​ជាតិ បានកើតឡើង ពេលខ្លះបាតុកម្មកើតឡើងស្ទើរៀងរាល់ថ្ងៃ អ្នកគាំទ្រ​គណបក្សប្រឆាំងមួយនេះ ស៊ូគេងនៅទីលាន ដើម្បីចូលរួមបាតុកម្ម ដែលអស់រយៈ ពេលជិត៦ខែ។ នៅទីបំផុតកិច្ចព្រមព្រៀង​នយោបាយ គឺជាទឹករំលត់ភ្លើងនយោបាយដោយមានកិច្ចព្រមព្រៀង​៧ចំណុច។

 

ស្មោះត្រង់ យកវប្បធម៌សន្ទនាជាគោល ជៀសវាងញុះញង់ ចៀសវាងគំរាមកំហែង បំភិតបំភ័យ ដូចជាប្រើពាក្យចាប់ដាក់គុក ទាំងនេះជាអត្ថន័យខ្លះៗ នៅក្នុងព្រមព្រៀងនយោបាយ។ យ៉ាងណា​មិញគណបក្សប្រជាជន នៅតែនិយាយថា ខ្លួនមិនបានរំលោភលើកិច្ចព្រមព្រៀង នយោបាយទេ មិនរំលោភព្រោះរាល់បទចោទ ការចាប់ខ្លួនសកម្មជន តំណាងរាស្រ្ត រឺថ្នាក់ដឹកនាំ គណបក្សសង្រ្គោះ មិនមែនជាសេណារីយូរបស់បក្ស តែគឺជាការអនុវត្តច្បាប់ ដែលមានស្ថាប័ន​តុលាការធ្វើការ។

 

ក៏ប៉ុន្តែមកដល់ថ្ងៃនេះ គណបក្សសង្រ្គោះជាតិហាក់កំពុងបរាជ័យយ៉ាងធ្ងន់ធ្ងរ ជាពិសេសបរាជ័យដែល មិនអាចទាមទារឲ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិ និងបំណងជាច្រើនទៀត។ ប្រឈមមុខនឹងទិដ្ឋភាពនេះ ប្រសិនបើលោកកឹម សុខា ត្រូវចាប់ខ្លួន​ តើគណបក្សសង្គ្រោះជាតិនឹង​ជ្រើសយកការ​ធ្វើបាតុកម្ម ជាមធ្យោបាយក្នុងការដោះស្រាយបញ្ហាម្តងទៀតដែររឺទេ?  

 

សម្រាប់ពេលនេះមិនមានការបញ្ជាក់ណាមួយឡើយពីមន្ត្រីគណបក្សសង្គ្រោះជាតិពីគម្រោងបាតុកម្ម។ក៏ប៉ុន្តែប្រសិនលោកកឹម សុខាត្រូវចាប់ខ្លួន បាតុកម្មប្រឆាំងនឹងការចាប់ខ្លួននឹងកើតមាន  ព្រោះនៅថ្ងៃនេះ មន្រ្តីគណបក្សសង្រ្គោះជាតិ បានប្រកាសឲ្យមានការតាមដាន ការប៉ុនប៉ងចាប់ខ្លួនលោកកឹម សុខា ។ ទោះមិនប្រកាសចំ ក៏ជាការប្រកាសនេះ ប្រៀបដូចជាប្រកាសឲ្យមានត្រៀមខ្លួនផងដែរ។

 

ដោយឡែកសម្រាប់លោករស់ រ៉ាវុធសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយយល់ឃើញថា​បើគណបក្ស​សង្គ្រោះជាតិជ្រើស​រើស​យក​វិធីធ្វើបាតុកម្មមែននោះ វាមិនមែនជាដំណោះស្រាយល្អទេ សម្រាប់​ស្ថានភាពពេល​នេះ។ អ្វីដែលល្អ​នោះ​ គឺត្រូវបង្កើនការចរចារ ហើយការចរចារត្រូវធ្វើសម្បទាន​ឲ្យគ្នាទៅវិញទៅមកទើបអាច​ទៅរួច………​…​…​…………..

 

សំឡេងលោករស់ រ៉ាវុធ៖

 

​សូមបញ្ជាក់​ថាលោកកឹម សុខា កំពុងត្រូវបានសមត្ថកិច្ចស្វែងរកចាប់ខ្លួន ហើយសកម្មជននិងអ្នកគាំទ្រ ក៏​បានប្រមូលគ្នា មកទីស្នាក់ការដើម្បីតាមដានស្ថានការណ៍នេះ។ តែគណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​សកម្ម​ជន គាំទ្រ​ទាំង​អស់ ត្រូវ​រក្សា​ភាព​អត់ធ្មត់ និង​អហិង្សា​៕ដោយ៖ខាត់ សុធី

 

ព័ត៌មានផ្សេងទៀត