សហគមន៍​​​ព្រៃឈើ​​ចំនួន​៩​​ចុះ​​កិច្ចព្រមព្រៀង​​លើ​​សៀវភៅ​​ផែនការ​​គ្រប់គ្រង​​ព្រៃ​​សហគមន៍​​

26-05-2016 6:01 pm 1223

​លោក ទិន ផាន់​នី នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប បានឱ្យដឹងថា មាន​សហគមន៍​ព្រៃឈើ​ចំនួន​៩​ហើយ នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង លើ​សៀវភៅ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍ ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​។ ការទទួល​សហគមន៍​ព្រៃឈើ​ឱ្យ​ចុះ​កិច្ចព្រមព្រៀង លើ​សៀវភៅ​គ្រប់គ្រង​ព្រៃឈើ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការរបស់​សហគមន៍​មូលដ្ឋាន ក្នុង​ដំណើរការ​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ឱ្យមាន​ប្រសិទ្ធភាព និង​ជួយ​ដោះស្រាយ​បញ្ហា​កើតមាន​ក្នុង​សហគមន៍​។​

 

​ជាមួយគ្នានេះ ការចុះ​កិច្ចព្រមព្រៀង លើ​សៀវភៅ​គ្រប់គ្រង​ព្រៃឈើ​នេះ បាន​បំផុសស្មារតី​ប្រជាពលរដ្ឋ​មូលដ្ឋាន ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការគ្រប់គ្រង​ព្រៃឈើ ធានា​សិទ្ធ​ប្រើប្រាស់ ដល់​សហគមន៍​ព្រៃឈើ ស្របតាម​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ទាំងនេះ​។​

 

​លោក​បានឲ្យដឹង​ទៀតថា ទោះជា​យ៉ាងណា​ក៏ដោយ លិខិតបទដ្ឋាន​នានា​ក្នុង​កិច្ចព្រមព្រៀង គ្រាន់តែ​ជា​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សហគមន៍​ព្រៃឈើ រៀបចំ​ដំណើរការ​តែប៉ុណ្ណោះ។

 

លោក ទិន ផាន់​នី បាន​បញ្ជាក់បន្ថែម​ថា ដើម្បី​ធ្វើឱ្យ​សហគមន៍​ព្រៃឈើ​មាន​លក្ខណៈ​ស្រប​ច្បាប់ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ត្រូវ​ទាមទារ​នូវ​ការចូលរួម​សម្របសម្រួល ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​រួមមាន អង្គការក្រៅរដ្ឋាភិបាល​នានា ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​ដល់​សហគមន៍​ក្នុង​ការបំពេញ​នូវ​លក្ខខណ្ឌ​នានា ព្រមទាំង​ការដោះស្រាយ​បញ្ហា ដែល​កើតមានឡើង​ក្នុង​សហគមន៍​។​

 

​ជា​ការកត់សម្គាល់ ការចុះ​កិច្ចព្រមព្រៀង​លើ​សៀវភៅ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍ របស់​សហគមន៍​ព្រៃឈើ​ចំនួន​៩ នៅ​ខេត្ត​កំពង់ស្ពឺ​នេះ គឺ​ស្ប​ពេល​ដែល​រដ្ឋាភិបាលក​ម្ពុ​ជា កាលពី​ពេល​ថ្មីៗ​នេះ បានប្រកាស​ចុះបញ្ជី​តំបន់​ព្រៃ​ចំនួន​ប្រាំ​កន្លែង មាន​ទំហំ​ដី​៩៥០,០០០​ហិកតា ទៅជា​តំបន់​អភិរក្ស​ព្រៃឈើ​៕

ព័ត៌មានផ្សេងទៀត