លោក​ទៀ បាញ់​៖ កម្ពុជា​ប្តេជ្ញា​គាំទ្រ​​ពង្រឹង​​ចលនា​​កាត់បន្ថយ​​បញ្ហា​ប្រឈម​​នានា​​របស់​អាស៊ាន​​

26-05-2016 11:32 am 794

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១០ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់ ២៦ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ចាប់ផ្តើម​ជាមួយ​នឹង ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក លើ​បញ្ហា​សន្តិសុខ និង​ការពារ​ជាតិ​ក្នុង​តំបន់ និង​អន្តរជាតិ​។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​និយាយ​ប្តេជ្ញា​គាំទ្រ​ពង្រឹង​ចលនា​កាត់បន្ថយ​បញ្ហា​ប្រឈម​នានា​របស់​អាស៊ាន​។ នេះ​បើ​តាម​ការចុះផ្សាយ របស់​គេហទំព័រ​ក្រសួង​ការពារ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា​នេះ​។


​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១០ (ADMM) នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ    ប្រជាមានិត​ឡាវ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បានបញ្ជាក់​ថា កិច្ចប្រជុំ​នោះ ជា​កូនសោរ​មួយ​ក្នុងចំណោម​យន្តការ​សន្តិសុខ​ផ្សេងៗ​ទៀត ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​សន្តិសុខ​តំបន់​រួមគ្នា​។ ជាងនេះទៅទៀត កិច្ចប្រជុំ​នេះ​បាន​ធ្វើអោយ​ប្រសើរឡើង​នូវ​ជំហរ​កណ្តាល​របស់​អាស៊ាន​ដែល​សង្កត់​ធ្ង ន់​លើ​អត្តសញ្ញាណ​អាស៊ាន និង​ផ្លូវ​អាស៊ាន នៃ​ការធានា​នូវ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍន៍​នៅក្នុង​តំបន់​ទាំងមូល ។​


​ជាមួយគ្នា​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​សង្កត់ធ្ងន់ថា កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើ​អោយ​កាន់តែ​ប្រសើរឡើង នូវ​ទំរង់​សន្តិសុខ​ទាំងពីរ​នេះ​គឺ ADMM និង ADMM បូក​។ លោក​បាន​បន្តថា សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​បង្កើតអោយមាន​ទិស​ស្លោក​ព្រមទាំង​មាន​ការឯកភាព​គ្នា​លើ​ពិភពលោក​យើង​នេះ ។ ទាក់ទង​ទៅនឹង​ការ​ប្រឈម​នានា​ដែល​ប្រទេស​អាស៊ាន​កំពង់​ចាប់អារម្មណ៍​នោះ លោក ទៀ បាញ់ បានបញ្ជាក់​ថា កម្ពុជា​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​ចលនា​កាត់បន្ថយ​បញ្ហា​ប្រឈម ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​របស់​អាស៊ាន ។


​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន លើក​ទី​១០​នា​ឱកាស​នោះ លោក ចាន់​សាម៉ន ចាន់​យ៉ា​ឡាត រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឡាវ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល ១០ ឆ្នាំ ADMM បាន​រួមចំណែក​ជំរុញ​អោយ​មាន​ការប្តេជ្ញា​ចិត្ត​រួមគ្នា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នាំមក​នូវ​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន គឺជា​សរសរ​ស្តម្ភ​ដ៏​សំខាន់​របស់​អាស៊ាន​។ ការជួបជុំ​គ្នា​នេះ​បានធ្វើ ឱ្យ​មាន​ផលប្រយោជន៍​ទៅវិញទៅមក ការយល់ដឹង​គ្នា​ទៅវិញទៅមក និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។


​នៅក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១០ នោះ បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក៏​បាន​ចូលរួម​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​សន្តិសុខ និង​ការពារ​ជាតិ​ក្នុង​តំបន់​និង​អន្តរជាតិ​ដោយ​បាន​លើកឡើង​អំពី​ភាព​ប្រឈម​នានា​ដែល​ទាក់ទង​ទៅ និង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ បញ្ហា​ប្រឈម​ភេរវកម្ម​អន្តរជាតិ បញ្ហា​នយោបាយ​សេដ្ឋកិច្ច​ជំនួយ​មនុស្សធម៌​និង​សង្គ្រោះ​គ្រោះមហន្តរាយ​។  ទន្ទឹម​គ្នា​នោះ​ផងដែរ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន​លើ​ក​ទី​១០ ក៏​បាន​ធ្វើ​ការអនុម័ត​ឯកសារ​ចំនួន​៣ ក្នុងនោះ​រួមមាន​៖ ទី ១ ឯកសារ​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​ក្រុម​ត្រៀមខ្លួន​ជាស្រេច​ស្តីពី​ជំនួយម នុស្ស​ធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ ទី ២ ស្តី​ពី​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​អាស៊ាន និង​ទី ៣ ឯកសារ​ទស្សនទាន​ស្តីពី​ការបង្កើត​ក្រុម​ការងារ​ជំនាញ​ស្តី​ពី​សន្តិសុខ ប្រពន្ធ័​អ៊ីនធើណេត​ក្របខណ្ឌ័ ADMM-​បូក​។  


​គួរ​ជម្រាប​ថា ប្រទេស​ឡាវ​បាន​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំរ ដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១០​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធានបទ​ការពង្រឹង​កិច្ច​សហ​ប្រតិ​បត្តការការ​ពារ​ជាតិ​សំរាប់​សហគមន៍​អាស៊ាន អោយ​មាន​ភាពរឹងមាំ​ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ ធ្វើ​នៅ​ទីក្រុង​វៀង​ចន្ទ័នា​ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៦៕

(​ដោយ​៖ ចេ​ន សុជាតា​)


ព័ត៌មានផ្សេងទៀត