​ក្រុមហ៊ុន​ថ្នាំជក់​ត្រូវ​បោះពុម្ព​សារ ព្រមាន​សុខភាព​ជា​រូបភាព​និង​អក្សរ មុន​ដំណាច់​ខែ​កក្កដា​

26-05-2016 10:40 am 2741

​ដោយ​មើលឃើញ​ពី​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​ប្រជាពលរដ្ឋ ពី​ការប្រើប្រាស់​ថ្នាំជក់ និង​ការ​ស្រូប​ផ្សែង​ថ្នាំជក់ រដ្ឋាភិបាល បានសម្រេច​អនុម័ត​អនុក្រឹត្យ ស្ដី​ពី​ការបោះពុម្ព សារ​ព្រមាន​សុខភាព ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ កញ្ចប់​ផលិតផល​ថ្នាំជក់​។​

​បើតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ តុលា ឆ្នាំ​២០១៥ បានកំណត់​អោយ​ឧស្សាហករ​ថ្នាំជក់ និង​អ្នក​នាំចូល ចែកចាយ ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បោះពុម្ព សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​ជា​ភាសា​ខ្មែរ នៅ​កញ្ចប់ ផលិតផល​ថ្នាំជក់​/​បារី ដោយ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

•​    ​សារ​ព្រមាន​សុខភាព​ជា​រូបភាព ៥០%​និង​ជា​អក្សរ​៥% សរុប​សារ​ទាំងមូល​គឺ ៥៥%​នៃ​កញ្ចប់​បារី​

•​    ​សារ​ជា​អក្សរ​ត្រូវតែ​ជា​ភាសា​ខ្មែរ​

•​    ​សារ​ព្រមាន​សុខភាព ត្រូវតែ​បោះពុម្ព នៅ​ផ្នែក​ខាងលើ នៃ​កញ្ចប់​បារី ទាំង​ខាង​មុខ និង​ខាងក្រោយ​

•​    ​សារ​ព្រមាន​សុខភាព ត្រូវ​មាន​ភាព​ងាយ​មើល ច្បាស់លាស់ មិន​ហើរ​ពណ៌ មិន​រលុប មិន​ត្រួតគ្នា​។​

​លោក​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានបញ្ជាក់ នៅក្នុង​សិក្ខាសាលា​ស្តីពី ការអនុវត្ត​មាត្រា​១១ នៃ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ នៅ​ថ្ងៃ​ទី​២៦ ឧសភា​នេះ​ថា ការ​ដាក់​សារ​ព្រមាន​សុខភាព​ជា​រូបភាព នៅលើ​កញ្ចប់​បារី ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ជួយ​កាត់បន្ថយ ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។ ដើម្បី​ជក់បារី​អស់​មួយ​កញ្ចប់ ដែល​មាន​ចំនួន​២០​ដើម អ្នក​ជក់​ប្រាកដ ជា​មើលឃើញ​សារ​ព្រមាន​សុខភាព ជា​រូបភាព​២០​ដង​ដែរ​។ ដូច្នេះ​វា​អាច​ជួយ​ពញ្ញាក់​អារម្មណ៍​អ្នក​ជក់​ឲ្យមាន​ការ​ខ្លាចរអា នឹង​ការជក់បារី​។​

សំឡេង​

​បើ​តាម​របាយការណ៍​ស្ទង់​មតិ រៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានបង្ហាញ​ថា ប្រជាពលរដ្ឋ​ប្រមាណ​៩០% គាំទ្រ​ចំពោះ ការបោះពុម្ភ​សារព្រមាន​សុខភាព ជា​អក្សរ និង​ជា​រូបភាព នៅលើ​កញ្ចប់​បារី​។​

​សំឡេង​

​គួរបញ្ជាក់​ថា គ្រប់​ឧស្សាហករ​ថ្នាំជក់ និង អ្នក​នាំ​ចូល​ផលិតផល​ថ្នាំជក់ ត្រូវ​បោះពុម្ព សារ​ព្រមាន​សុខភាព ជា​ភាសា​ខ្មែរ​និង​រូបភាព អោយបាន​មុន​ដំណាច់​ខែ​កក្កដា​។ បើ​មិន​ដូច្នេះ​ទេ បុគ្គល​ល្មើស នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ៤,០០០,០០០ ៛ (​បួន​លាន​រៀល​)​។

​ចំណែក​អ្នក​ចែកចាយ និង​លក់ដុំ ផលិតផល​ថ្នាំជក់ ដែល​លក់​ផលិតផល​ថ្នាំជក់ គ្មាន​សារ​ព្រមាន​សុខភាព ត្រឹមត្រូវ តាម​ការកំនត់ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ២,០០០,០០០ ៛ (​ពីរ​លាន​រៀល​)​។ ចំពោះ​អ្នក​លក់រាយ​វិញ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ១០,០០០ ៛ (​មួយ​ម៉ឺន​រៀល​) ក្នុង​ករណី​ល្មើស​។ រាល់​បុគ្គល​ល្មើស​ដែល​មិន​រាងចាល ពិន័យ​នឹងត្រូវ​គុណ​នឹង​២៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត