ហេតុផល​បីយ៉ាង​ដែល​លោកកឹម សុខា​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​

25-05-2016 7:39 pm 6963

​ក្រុម​មេធាវី​របស់​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជា​ផ្លូវការ​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ពី​មូលហេតុ​ចំនួន​៣ ដែល​លោក​កឹម សុខា សម្រេច​មិន​ព្រម​ចូល​បំភ្លឺ​តាម​ដី​ការកោះហៅ​របស់​តុលាការ​។ មូលហេតុ​ទាំង​៣​ចំណុច​នោះ មានដូចជា​៖

១. លោក​កឹម សុខា កំពុង​ជាប់រវល់​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច ក្នុង​អាណត្តិ​របស់​ខ្លួន​ជា​អ្នកតំណាងរាស្ត្រ ដែល​មាន​​អភ័យឯកសិទ្ធិសភា ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

២. មុខងារ​របស់​ព្រះរាជអាជ្ញា​ជាសំខាន់​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​ធ្វើ​ការចោទប្រកាន់ ឬ​តម្កល់​រឿង​ទុក​​ឥត​​ចាត់​ការ​​។ តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មុខងារ​របស់​ព្រះរាជអាជ្ញា មិន​តម្រូវ​ឱ្យ​មាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​នោះទេ ហើយ​ព្រះរាជអាជ្ញា​ក៏​មិន​ត្រូវបាន​ផ្តល់​សិទ្ធិ​អំណាច​ណាមួយ​ឱ្យ ចាប់បង្ខំ​សាក្សី​ឱ្យ​ចូល​បំភ្លឺ​ដោយ​ខានមិនបាន​នោះទេ​។ លើសពីនេះទៅទៀត ព្រះរាជអាជ្ញា​ក៏​មិនទាន់​បាន​ស្តាប់​ចម្លើយ​ជនសង្ស័យ ហើយក៏​ពុំ​ទាន់​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​នៅឡើយ​ដែរ​។​

៣. នៅ​ដំណាក់កាល​ស៊ើបអង្កេត​បឋម​នេះ តំណាង​អយ្យការ​មិនមាន​សិទ្ធិ​អំណាច​ណាមួយ ដែល​មានចែង​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ឱ្យ​ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឱ្យ​លោក​កឹម សុខា ចូល​បង្ហាញខ្លួន ឬ​នាំខ្លួន​បានទេ​។ ការនាំ​ខ្លួន​អ្នក​តំណាងរាស្ត្រ គឺ​ស្មើនឹង​ការចាប់ខ្លួន ឬ​ឃាត់ខ្លួន ដែល​ជា​ការរំលោភ​លើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​។​

 

​តាមរយៈ​មូលហេតុ​ទាំង​៣​នេះ លោក​កឹម សុខា នឹង​មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការកំណត់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦​ស្អែក​នេះ​ទេ​។ ហើយ​នេះ​ជា​លើក​ទី​២ ដែល​លោក​កឹម សុខា បដិសេធ​មិន​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​នៅ​ក្នុង​សំណុំរឿង​សញ្ជារកម្ម ពាក់ព័ន្ធ​នឹង​កញ្ញា​ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​៕

 ពាក្យគន្លឹះ  កឹម សុខា

ព័ត៌មានផ្សេងទៀត