ប៉ូលិស​មី​យ៉ាន់​ម៉ា​​ចោទប្រកាន់​​មនុស្ស​ជាច្រើន​នាក់​​ពី​បទ​​ធ្វើ​បាតុកម្ម​​ខុសច្បាប់​

20-05-2016 3:46 pm 785
ក្រុមតវ៉ា​ដែលត្រូវប៉ូលិសចាប់ខ្លួន

​ក្រុម​កម្មករ​រោងចក្រ​និង​ក្រុម​សកម្មជន​ចូលរួម​ក្នុង​ក្បួន​តវ៉ា​ប្រមាណ​ជា​៥០​នាក់ ត្រូវ​ប៉ូលិស​មី​យ៉ាន់​ម៉ា​ចោទប្រកាន់​ពីបទ​បង្ក​ឲ្យមាន​កុបកម្ម​កើតឡើង​។​ក្រុម​តវ៉ា​កាលពី​ថ្ងៃ​ពុធ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​ប៉ូលិស ខណៈ​ពួកគេ​ព្យាយាម​ដង្ហែ​ក្បួន​ដោយ​គ្មាន​ការអនុញ្ញាត ចូល​ក្នុង​ក្រុង​ណៃ​ពិដោ​។​ពួកគេ​បាន​ធ្វើដំណើរ​អស់​រយៈពេល​បី​សប្ដាហ៍​មក​ហើយ ស្ថិតក្រោម​អាកាសធាតុ​ក្ដៅហែង​ចេញពី​ភាគ​ខាងជើង​តំបន់​សា​ហ្កៃ ជា​តំបន់​ដែល​មាន​កម្មករ​ប្រមាណ​១០០​នាក់ ត្រូវ​បណ្ដេញចេញ​ពី​រោងចក្រ​ឈើ​មួយ​។​ពេល​ព្យាយាម​ធ្វើដំណើរ​ចូល​ក្រុង​ណៃ​ពិដោ ក៏​ត្រូវ​ប៉ូលិស​រារាំង​ហើយ​ទីបំផុត​ក៏​មាន​ការប៉ះទង្គិច​គ្នា​កើតឡើង រួច​ប៉ូលិស​បាន​ចាប់ខ្លួន​ពួកគេ​ជាច្រើន​នាក់​។​ទាក់ទង​នឹង​ការ​ដង្ហែ​ក្បួន​ប៉ូលិស​មិន​បាន​បញ្ជាក់ថា ក្រុមបាតុករ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​។​


​ដំបូង​ឡើយ​អាជ្ញាធរ​បាន​និយាយថា​នឹង​ចោទប្រកាន់​តែ​មេដឹកនាំ​ក្រុម​ប្រមូលផ្ដុំ​តវ៉ា​តែប៉ុណ្ណោះ ប៉ុន្ដែ​ក្រុម​បាតុករ​ដទៃទៀត​ទទូច​ចង់​ឲ្យ​ចាប់​ពួកគេ​ទៅ​កាត់ទោស​ដែរ​ទៅ បើសិន​ចាំ​មេដឹកនាំ​របស់​ពួកគេ​ហើយ​នោះ​។​រហូតមកដល់​ពេលនេះ ក្រុម​តវ៉ា​ប្រមាណ​ជា​៥០​នាក់​ត្រូវ​ប៉ូលិស​ចោទប្រកាន់​ពី​បទ​ចូលរួម​និង​បន្ដ​ការជួបជុំ​ដោយ​ខុសច្បាប់ ព្រមទាំង​បង្ក​កុបកម្ម​ទៀត​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មេ​ប៉ូលិស​ក្នុង​ក្រុង​ណៃ​ពិដោ​។​លោក​បន្ដថា អាជ្ញាធរ​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ដង្ហែ​ក្បួន​ចូល​ក្នុង​ក្រុង ដើម្បី​រក្សា​មូលដ្ឋាន​សន្ដិសុខ​ជាតិ​។​


​ការដាក់ទោស​របស់​អាជ្ញាធ​រមី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​បាតុករ នៅតែ​បន្ដ​កើតឡើង​បើទោះបី​រដ្ឋាភិបាល​ថ្មី​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​ខិតខំ​ដឹកនាំ​ឲ្យមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​នៃ​ការតវ៉ា​យ៉ាងណាក៏ដោយ​។​រដ្ឋាភិបាល​ថ្មី​ក៏​កំពុង​ប្រឹងប្រែង​រំដោះ​ប្រទេស​មី​យ៉ាន់​ម៉ា​ចេញពី​ស្រមោល​អន្ធការ គឺ​ការប្រព្រឹត្ដ​អំពើ​ឃោ​ឃៅរ​បស់​អតីត​របប​យោធា ដែល​តែង​បង្ក្រាប​លើ​ក្រុម​តវ៉ា​។​


​សូមបញ្ជាក់​ថា ចាប់តាំងពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី រដ្ឋាភិបាល​ថ្មី​បាន​ដោះលែង​សកម្មជន​និង​អ្នកទោសនយោបាយ​ជាច្រើន​នាក់ ហើយ​បាន​បង្ហាញ​ការប្ដេជ្ញាចិត្ដ​ដើម្បី​លុបបំបាត់​ច្បាប់​ជិះជាន់​។​តែ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​នៅ​តែ​សម្ដែង​ការព្រួយបារម្ភ ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​វិសោធនកម្ម​ច្បាប់​បាតុកម្ម​ដោយ​សន្ដិវិធី ដោយ​ខ្លាច​ថា​វា​អាច​បន្ដ​ឲ្យមាន​ការ​កាត់ទោស​ទៅលើ​ការធ្វើ​បាតុកម្មអហិង្សា គឺ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ខ្លី​៕

 ពាក្យគន្លឹះ  ការតវ៉ានៅមីយ៉ាន់ម៉ា

ព័ត៌មានផ្សេងទៀត