របាយ​ការណ៍​លី​កាដូ​៖ ​ការបំភិត​បំភ័យ​​របស់​រដ្ឋាភិបាល​​មក​លើ​​អ្នក​រិះគន់​​កាន់តែ​ធ្ងន់ធ្ងរ​​ឡើងៗ​​

17-05-2016 3:17 pm 3784

​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​នេះ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ទាក់ទង​និង ចំនួន អ្នកទោសនយោបាយ​នៅ​កម្ពុជា​។ បើ​តាម​អង្គការ លីកាដូ ចំនួន​អ្នកទោសនយោបាយ​នៅ​កម្ពុជា ដែល​បាន​ជាប់​ពន្ធនាគារ មាន​ការកើនឡើង​យ៉ាង​ខ្លាំង ដោយសារតែ អាជ្ញាធរ ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដើម្បី​បំបិទ​សំលេង​មក​លើ​អ្នក​មតិ​រិះគន់​។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល បាន​អះអាង​ថា នៅ​កម្ពុជា គ្មាន​ទេ​អ្នក​នយោបាយ គឺមាន​តែ​អ្នកនយោបាយ​ជាប់គុក​។

 

​ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០១៥ ការបំភិតបំភ័យ​របស់​រាជរដ្ឋាភិបាល​មក​លើ​អ្នក​រិះគន់ គឺ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​ចំនួន​អ្នកទោស​នយោបាយ​ដែល​បាន​ជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេស​​កម្ពុជា កាន់តែ​មាន​ការកើនឡើង​យ៉ាងខ្លាំង​។ នេះ​បើ​តាម​ការអះអាង​របស់​អង្គការ លីកាដូ ដែល​បាន​ចេញ​នៅ ថ្ងៃទី​១៧ ខែ​ឧសភា​នេះ​។​

 

​អង្គការ​លីកាដូ បានចាត់ទុក​ការកើនឡើង​នៅ​ចំនួន​អ្នកទោសនយោបាយ​នេះ គឺ​ដោយសារតែ អាជ្ញាធរ​កាន់តែ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដើម្បី​បំបិទ​សំលេង​មក​លើ​អ្នក​មតិ​រិះគន់​។​

 

​បើ​តាម​​អង្គការ លីកាដូ  បានបញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ទាំងអស់​នោះ មនុស្ស​មួយចំនួន គឺជា​អ្នក​ធ្វើ​យុទ្ធនាការ​ផ្នែក​បរិស្ថាន ព្រះសង្ឃ សិស្ស​និស្សិត សកម្មជន សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​មកពី​គណបក្ស​ជំទាស់ និង​អ្នកធ្វើការងារ​ផ្នែក​សិទិ្ធមនុស្ស​។ ហើយ​អ្នក​ទាំងអស់​នោះ ត្រូវបាន​គេ​ឃុំ​ដោយ​ផ្នែក​លើ​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ខុសៗ​គ្នា ប៉ុន្តែ​ជា​រួមការ​ជាប់​ឃុំ​របស់​អ្នក​ទាំងនោះ បង្ហាញ​ពី​ការ​រឹតបន្តឹង​លើ​ផ្នែក​នយោបាយ​កាន់តែ​ខ្លាំង​ឡើងៗ​ក្នុងប្រទេស​កម្ពុជា​។​

 

​យ៉ាងណាក្តី កាលពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៦ សម្តេច ហ៊ុន សែន ដែល​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ មិន​មាន​អ្នកទោសនយោបាយ​នោះទេ គឺមាន​តែ អ្នកនយោបាយ​ជាប់គុក​។  

 

​សម្តេច ហ៊ុន សែន បាន​អះអាង​ថា ការអនុវត្តន៍​របស់​រដ្ឋាភិបាល​សព្វថ្ងៃ គឺ​គ្រាន់តែ​ប្រឆាំង​ជាមួយ​បុគ្គល​អនាធិបតេយ្យ​តែ​ប៉​ណ្ណោះ ដោយ​សម្តេច​អះអាង​ថា ប្រជាធិបតេយ្យ​ត្រូវ​អម​ដោយ​នីតិរដ្ឋ ព្រំដែន​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ត្រូវ​អម​ជាមួយ​និង​អ្នកដទៃ ហើយ​បើសិនជា​រំលោភ​គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

 

​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ស្នើ​កុំ​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ហើយ​កម្ពុជា ក៏​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ដែរ ហើយ​សម្តេច​សូម​ឲ្យ​បរទេស​​ទាំងនោះ គោរព​ឯករាជ្យភាព​និង​អធិបតេយ្យ​របស់​កម្ពុជា​។​

 

​បើតាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បានឲ្យ​ដឹង​បាន​ថា អ្នកទោសនយោបាយ​នៅ​កម្ពុជា មាន​ចំនួន​២៩ នាក់ ដែល​ភាគច្រើន​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​មកពី​គណបក្ស​ជំទាស់ និង​អ្នកធ្វើការងារ​ផ្នែក​​សិទិ្ធមនុស្ស​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត