ហេតុអ្វី​​បានជា​​មាន​​បដិវត្ដន៍​ពណ៌​​កើតឡើង​​ក្នុង​ពិភពលោក​?

17-05-2016 2:16 pm 2803
រូបភាព​នៃការ​ធ្វើបដិវត្ដពណ៌​តាមបណ្ដា​ប្រទេស​ផ្សេងៗ​​ក្នុង​ពិភពលោក

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​អន្ដរាគមន៍​ពី​ពេញ ផេង ដោយ​ពេញ ផេង​នឹង​លើកយក​បញ្ហា​បដិវត្ដន៍​ពណ៌​មក​ជម្រាប​ជូន​អស់លោក​អ្នកនាង​។​បដិវត្ដន៍​ពណ៌​បានកើ​តឡើង​ក្នុង​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ហើយ​បដិវត្ដន៍​ពណ៌នេះ​ទៀត​សោត​ក៏​មាន​ច្រើន​ប្រភេទ​ដែរ​។​តើ​អ្វី​ជា​បដិវត្ដន៍​ពណ៌​? ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​?


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​ដូចតទៅ​៖


​សំឡេង​៖


​យោង​តាម​គេហរ​ទំព័រ wikipedia ពាក្យ​ថា “​បដិវត្ដន៍​ពណ៌​” សំដៅ​ទៅ​លើ​ពាក្យ​មួយ​ដែល​ត្រូវបាន​ប្រពន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​ប្រើ​ដើម្បី​ពណ៌នា​ទាក់ទិន​នឹង​ការទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម ដូច​នៅ​ក្នុង​អតីត​សហភាពសូវៀត និង​នៅ​ឧបទ្វីប​បាល់​កាន​(Balkans) នៅ​ដើម​ទសវត្ស​ឆ្នាំ​២០០០​ជាដើម​។​ពាក្យ​នេះ​ក៏​ត្រូវបាន​ប្រើ​ទៅលើ​ការធ្វើ​បដិវត្ដនៅ​កន្លែង​ផ្សេងៗ​ទៀត​ទូទាំង​ពិភពលោក​។​


​បដិវត្ដន៍​ពណ៌​មានច្រើ​ន​ប្រភេទ មាន​បដិវត្ដន៍​ពណ៌​លឿង​នៅ​ហ្វីលីពីន​ធ្វើឡើង​ក្នុង​ឆ្នាំ​១៩៨៦ បដិវត្ដន៍​ពណ៌​ទឹកក្រូ​ច​ធ្វើឡើង​នៅ​អ៊ុយ​ក្រែន​ថ្ងៃទី​២២​វិច្ឆិកា​២០០៤​ដល់​ថ្ងៃ​ទី​២៣​មករា​២០០៥ បដិវត្ដន៍​ពណ៌​ស្វាយ​ធ្វើឡើង​នៅ​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៥ បដិវត្ដន៍​ពណ៌​ខៀវ​ធ្វើឡើង​នៅ​គុយ​វ៉ែត​ក្នុង​ឆ្នាំ​២០០៥ និង​បដិវត្ដន៍​ពណ៌​បៃតង​នៅ​អ៊ីរ៉ង់​ថ្ងៃ​១៣​មិថុនា​ឆ្នាំ​២០០៩​ដល់​១១​កុម្ភៈ​២០១០​ជាដើម​។​


​ចំពោះ​អ្នកចូលរួម​ក្នុង​បដិវត្ដន៍​ពណ៌ ភាគច្រើន​បំផុត​មាន​ជំហរ​អហិង្សា ឬ​ត្រូវគេ​ស្គាល់​ថា​ជា​ការតស៊ូ​ស៊ីវិល​។​ការធ្វើ​បដិវត្ដពណ៌​ទាំងនេះ ដូចជា​ការធ្វើ​បាតុកម្ម និង​អន្ដរាគមន៍ ក្នុង​គោលបំណង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដោយសារ​ឃើញ​មាន​អំពើ​ពុករលួយ មាន​អំពើ​ផ្ដាច់​ការកើតឡើង​ក្នុង​សង្គម និង​ការតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ជាដើម ហើយ​ក្រុមអ្នកតវ៉ា​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ដើម្បី​ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ​។​


​ចលនា​ទាំងនេះ ជាទូទៅ​ធ្វើឡើង​ទៅ​តាម​ពណ៌​ជាក់លាក់ ឬ​ប្រភេទ​ផ្កា​ណាមួយ​ដែល​ក្រុមអ្នកតវ៉ា​គិត​ថា​អាច​ជា​តំណាង ឬ​យក​ធ្វើ​ជា​និមិត្ដសញ្ញា​របស់​ពួកគេ​បាន​។​បដិវត្ដន៍​ពណ៌​ត្រូវបាន​កត់សម្គាល់ផង​ដែរថា មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល ហើយ​ជា​ពិសេស​សកម្មជន​សិស្ស និស្សិត និង​ប្រជាជន​ដែល​បង្កើត​ការតវ៉ា​ដោយ​អហិង្សា​នេះ​ឡើង​។​ប្រសិន​ពួកគេ​មិន​ពេញចិត្ដ​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល ពួកគេ​អាច​នាំ​គ្នា​បង្កើត​បដិវត្ដន៍​ពណ៌​ណាមួយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​។​ប៉ុន្ដែ​ការទាមទារ​មិនមែន​សុទ្ធតែ​ជោគជ័យ​នោះ​ទេ ក៏​មាន​បរាជ័យ​ដែរ​។​

 

បើ​និយាយ​ពី​ផល​វិជ្ជមាន​នៃបដិ​វត្ដ​ន៍​ពណ៌ គឺ​នាំ​ផលចំណេញ​ជាច្រើន​ដល់​ប្រទេស​ជាតិ​នី​មួយៗ​។​ឧទាហរណ៍​បើ​សិន​ក្នុង​ប្រទេស​មួយ​មាន​ការរំលោភ​សិទ្ធិមនុស្ស ឬ​មាន​ការប្រើ​អំណាច​ផ្ដាច់ការ គាបសង្កត់​ប្រជាជន​ជា​ដើម​នោះ ហើយ​ប្រជាជន​ឬ​អង្គការ សង្គម​ស៊ីវិល​នាំគ្នា​ធ្វើ​បដិវត្ដន៍​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ បើសិន​ជោគជ័យ ការរំលោភ​សិទ្ធិមនុស្ស ការគាបសង្កត់​ផ្សេងៗ​ត្រូវបាន​ដោះស្រាយ ធ្វើឲ្យ​ប្រទេស​បាន​ល្អប្រសើរ​ឡើងវិញ ឆ្ពោះទៅ​រក​សុខ​សន្ដិភាព​ប្រកប​ដោយ​ភាព​រីកចម្រើន​។​ផ្ទុយទៅវិញ​បើ​បរាជ័យ អំពើ​រំលោភបំពាន​ទាំងនោះ​នឹង​ធ្វើឲ្យ​ប្រជាជន​កើតទុក្ខ​មិន​សុខចិត្ដ ប្រជាជន​រស់នៅ​ក្នុង​ភាពភ័យខ្លាច ហើយ​ប្រទេស​ជាតិ​ទាំងមូល​នឹង​ធ្លាក់​ក្នុង​ភាពវឹកវរ​ជាក់​ជាមិនខាន​។​


​ដោយឡែក​ផល​អវិជ្ជមាន​វិញ​នៃបដិ​វត្ដ​ន៍​ពណ៌​ក៏មាន​ដូចគ្នា បើ​សកម្មភាព​ទាំងនោះ​ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ធ្វើឡើង​តាម​ការ​ញុះញង់​ពី​ជន​កេងចំណេញ​នយោបាយ ឬ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​អ្វី​ដែល​ជា​ទិដ្ឋភាព​មិន​ល្អ​ទីមួយ គឺ​សោភ័ណភាព​ក្នុងប្រទេស​។​នៅពេល​មាន​ការតវ៉ា អាច​មាន​មនុស្ស​ចូលរួម​ច្រើន ដូច្នេះ​ប្រាកដ​ណាស់​ជា​ប៉ះពាល់​សេវាសាធារណៈ​ផ្សេងៗ​។​មួយវិញទៀត ការប៉ះទង្គិច​ដោយ​ហិង្សា​ក៏​អាច​កើតមានឡើង​ផងដែរ នៅ​ពេល​គ្មាន​ដំណោះស្រាយ​សមរម្យ​។​អ្វី​ដែល​សំខាន់ អាច​ធ្វើឲ្យ​បែកបាក់​សាមគ្គីក៏ថា​បាន ដោយសារតែ​ការទាមទារ​មិនបាន​ពិចារណា​វែងឆ្ងាយ​។​បែកបាក់​សាមគ្គី​ហើយ ប្រទេសជាតិ​នឹង​ត្រូវ​វិនាស​ទៅតាម​នោះដែរ  ករណី​គ្មាន​វិធីសាស្ដ្រ​ទប់ស្កាត់​និង​បញ្ចប់វា។​


​ទាំងនេះហើយ ជា​ហេតុផល​ដែល​រដ្ឋាភិបាល​គ្រប់​ប្រទេស​ខ្លាចរអា​នឹង​បដិវត្ដន៍​ពណ៌ ដោយសារ​ចលនា​នេះ​កើតឡើង​ពី​ការមូល​មតិ​របស់​ប្រជាជន​។​ដូច្នេះ​បើ​មាន​បដិវត្ដន៍​ពណ៌​កើតឡើង បានន័យថា​ប្រជាជន​ក្នុង​ប្រទេស​មួយ​នោះ ជា​អ្នក​ចេញមុខ​ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ​។​ទោះ​មិន​មែន​ប្រជាជន​មួយ​ប្រទេស​ចេញមុខ​ក៏ដោយចុះ ប៉ុន្ដែ​វា​បានបង្ហាញ​ថា​មាន​ប្រជាជន​មិន​ពេញចិត្ដ​នឹង​ការដឹកនាំ​ក្នុង​សង្គម​រស់នៅ​របស់​គេ ឬ​បញ្ហា​មិន​ប្រក្រតី​ណាមួយ​។​កាលណា​កើតឡើង​ហើយ នោះ​ជា​សម្ពាធ​ដ៏​ធ្ងន់ មិន​ថា​ពិបាក​យ៉ាងណា ចង់​មិន​ចង់​ក៏​ត្រូវ​រិះរក​មធ្យោបាយ ធ្វើឲ្យ​មាន​ការពេញចិត្ដ​ទាំងសងខាង ចៀសវាង​អំពើហិង្សា​កើតឡើង​។​


​សរុប​មក​វិញ ពាក្យ​ថា “​បដិវត្ដន៍​ពណ៌​” គឺជា​ចលនា​ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ​ឈរ​លើ​គោ​ល​ការណ៍​អហិង្សា​។​បដិវត្ដន៍​ពណ៌ អាច​កើតឡើង​បាន​ស្ថិតក្រោម​ការមូល​មតិរ​បស់​ក្រុម​អង្គការ សង្គម​ស៊ីវិល និង​ប្រជាជន​ក្នុង​ប្រទេស​មួយ នៅ​ពេល​ពួកគេ​មិន​ពេញចិត្ដ​នឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល និង​ការរំលោភបំពាន​ផ្សេង ដើម្បី​ស្វែងរក​យុត្ដិធម៌ តម្លាភាព សន្ដិសុខ និង​សន្ដិភាព សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​បដិវត្ដន៍​ពណ៌ ក៏​មិនមែន​ជា​ការ​លាប​ពណ៌​លើ​នរណាម្នាក់​ដែរ វា​គ្រាន់​ជា​ការសម្ដែង​មតិ ឬ​សម្ដែង​ការមិនពេញចិត្ដ​ជារួម​តែប៉ុណ្ណោះ​។​


​ដើមចម​ធ្វើឲ្យ​មាន​បដិវត្ដន៍​ពណ៌​កើតឡើង​ក្នុងពិភពលោក​កន្លងម​ក ក៏​មិន​ខុស​ពី​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​ដែរ គឺ​ដោយសារ​មាន​បញ្ហា​ជាប់​គាំង​មួយចំនួន​មិន​អាច​ដោះស្រាយបាន ដូចជា​អស្ថេរភាព​នយោបាយ អស្ថេរភាព​សង្គម ការរំលោភបំពាន និង​រឿងហេតុ​ផ្សេងៗ​ទៀត​ជាច្រើន​។​អ៊ីចឹង​ហើយ​បាន​ជា​ប្រជាជន​ជ្រើសរើស​យក​មធ្យោបាយ​នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​៕

ព័ត៌មានផ្សេងទៀត