ក្រសួង​​ព័ត៌មាន​​នឹង​ផ្ដល់​រង្វាន់​​ដល់​វិទ្យុ​ ​ទូរទស្សន៍​ ​ដែល​ផ្សាយ​​ពី​​គ្រោះថ្នាក់​​​ការប្រើ​​គ្រឿង​ស្រវឹង​​

17-05-2016 12:35 pm 572

​លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ប្រកាសថា ក្រសួង​នឹង​រៀបចំ​ជ្រើសរើស​យក​ពិធីករ ពិធី​ការិនី និង​អ្នក​ផលិត​កម្មវិធី​វិទ្យុ ទូរទស្សន៍ ផ្ដល់​ជា​រង្វាន់ និង​ប័ណ្ណសរសើរ​ចំពោះ​ការចូលរួម​ផ្ដល់​ជា​សារ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់ ហានិភ័យ​ដែល​បណ្ដាល​មកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​

 

​លោក​បាន​មានប្រសាសន៍ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រសួង​កំពុង​រៀបចំ​នីតិវិធី ក្នុង​ការជ្រើសរើស​ពិធីករ ពិធី​ការិនី និង​អ្នក​ផលិតកម្ម វិធី​នៅតាម​វិទ្យុ ទូរទស្សន៍​ណា ដែល​បាន​ចូលរួម​បញ្ជ្រាប សារ​អប់រំ​សំខាន់ៗ​ទាក់ទង​នឹង​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ជូន​ដល់​មហាជន និង​បាន​អនុវត្ដ​ន៍​តាម​ការណែនាំ របស់​ក្រសួង​ព័ត៌មាន ស្ដី​ពី​ការហាម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ចាប់ពី​ម៉ោង​៦ ដល់​ម៉ោង​៨​យប់​។​

 

​លោក ជា ច័ន្ទ​បរិបូរណ៍ បានបញ្ជាក់​ថា ការចូលរួម​របស់​អ្នកសារព័ត៌មាន ពិធីករ ពិធី​ការិនី និង​អ្នក​ផលិតកម្ម វិធី​នៅតាម​វិទ្យុ ទូរទស្សន៍​ទាំង​អស់ ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ពង្រីក​ការ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ក្នុងការ​លើក​យក​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ អំពី​ហានិភ័យ​នៃ​សេព​គ្រឿង​ស្រវឹង ពិសេស​ការចូលរួម​បញ្ជ្រាប​សារ​អប់រំ​សំខាន់ៗ ទាក់ទង​នឹង​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​

 

គួរបញ្ជាក់​ថា របាយការណ៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានបង្ហាញ​ថា ប្រទេស​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ច្រើនជាង​២០០០​នាក់​បាន​ស្លាប់ និង​របួស និង​បណ្តាល​ឲ្យ​ខាងបង់​ទ្រព្យសម្បតិ្ត គិត​ជា​ថវិកា​ប្រមាណ ៤៤ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ​។

 

​គ្រឿងស្រវឹង គឺជា​មូលហេតុ​ទី​៣ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ ប្រមាណ ២,៥ លាន​នាក់ ក្នុង​១​ឆ្នាំ នៅលើ​ពិភពលោក និង​បង្គ​ឲ្យមាន​ជំងឺ​ប្រមាណ ២០០ មុខ រួមមាន​ជំងឺមហារីក​បំពង់​អាហារ មហា​រីកថ្លើម ជំងឺ​លើស​សំពាធ​ឈាម ជំងឺ​ស្ទះ​សរសៃ ឈាម​បេះដូង ខួរក្បាល ជំងឺ​ក្រិន​ថ្លើម រលាក​លំពែង វិកល​ចរិក ជាដើម​៕

ព័ត៌មានផ្សេងទៀត