ក្រសួង​រ៉ែ​​អនុញ្ញាតឲ្យ​​មន្ទីរ​​មាន​សិទ្ធិ​​បញ្ឈប់​​អាជីវកម្ម​​ឧស្ម័ន​ឥន្ធនៈ​​ខ្នាតតូច ​ខុស​គោលការណ៍​​ណែនាំ​​

17-05-2016 10:32 am 818

​នៅ​ទីបំផុត​ក្រសួង​រ៉ែ និង​ថាមពល បានអនុញ្ញាត​ជាគោលការណ៍ ឱ្យ​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​-​ខេត្ត គ្រប់គ្រង​ជា​បណ្ដោះអាសន្ន​ដោយផ្ទាល់ ក្នុង​ការចេញ​លិខិតអនុញ្ញាត ឬ​បញ្ឈប់​ដំណើរការ​អាជីវកម្ម​ឧស្ម័ន​ឥន្ធនៈ​ខ្នាត​តូច រហូត​ក្រសួង​មាន​គោលការណ៍​ណែនាំ​ថ្មី​។


​មានន័យ​ថា មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​-​ខេត្ត មាន​សិទ្ធិ​ចេញ​លិខិតអនុញ្ញាត ឬ​បញ្ឈប់​ដំណើរការ​អាជីវកម្ម​ឧស្ម័ន​ឥន្ធនៈ​ខ្នាត​តូច​ណា ដែល​មិន​គោរព​តាម​សារាចរ​ណែនាំ​។ អាជីវកម្ម​ឧស្ម័ន​ឥន្ធនៈ​ខ្នាតតូច សំដៅ​ដល់​ការលក់ ឧស្ម័ន​ឥន្ធនៈ​ច្រក​កំប៉ុង និង​ក្នុង​ធុង​ចំណុះ​ចាប់ពី ៤៥ គីឡូក្រាម​ចុះក្រោម​តែប៉ុណ្ណោះ ដោយឡែក​ការលក់​ឧស្ម័ន​ឥន្ធនៈ​សម្រាប់​ចាក់​ឲ្យ​រថយន្ត​ដោយ​មធ្យោបាយ​ផ្សេងៗ ត្រូវ​ចាត់ទុក​ថា​ជា​ប្រភេទ​អាជីវកម្ម​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​ដែល​ត្រូវ​គោរព​តាម​សារាចរ​របស់​ក្រសួង​រ៉ែ និង​ថាមពល​។


​នៅក្នុង​នោះ​ក្រសួង​រ៉ែ បាន​ណែនាំ​ឲ្យ​មន្ទីរ​ត្រូវ​ពិនិត្យ​លក្ខណៈសម្បត្តិ​ទីតាំង បច្ចេកទេស និង​លក្ខខណ្ឌ​មួយចំនួន​ដូចជា​៖ ត្រូវ​មាន​ទីតាំង​អាជីវកម្ម​ធំ​ទូលាយ មាន​សណ្ដាប់ធ្នាប់​សុវត្ថិភាព និង​បរិស្ថាន​ល្អ ហើយ​ត្រូវ​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ និង​ទីប្រជុំជន​ជាដាច់ខាត​។ ត្រូវ​មាន​គ្រឿងចក្រ និង​ឧបករណ៍​ថ្មីៗ ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស សម្រាប់​ធ្វើ​ការផ្ទេរ និង​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ​។ ជាមួយគ្នា​នោះ​ផង​ដែរ​មិន​ត្រូវ​យក​សំបក​កំប៉ុង ដែល​ប្រើប្រាស់​រួច បញ្ចូល​ប្រើ​ឡើងវិញ​ឡើយ​។


​គួរ​ជម្រាប​ថា កន្លងមក​មាន​ករណី​ផ្ទុះ​ឆេះ​តែងតែ​កើតឡើង​ជា​យថាហេតុ ពី​ការធ្វើ​អាជីវកម្ម​ឧស្ម័ន​ឥន្ធនៈ​ខ្នាតតូច នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន ដែល​បាន​ធ្វើឲ្យ​ខូច​សណ្ដាប់ធ្នាប់​របៀបរៀប​រយ​សង្គម និង ព្រមទាំង​បង្កក្ដី​មហន្តរាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ម្ចាស់​អាជីវកម្ម និង​អ្នក​រស់នៅ​ក្បែរ​គ្នា​។ យ៉ាងណាក្ដី ក្រោយពី​មាន​ចំណាត់ការ​ពី​ក្រសួង​រ៉ែ ដែល​ផ្ដល់​សិទ្ធិ​ទៅឲ្យ​មន្ទី​របែបនេះ ឃើញថា​មាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​មួយ ហើយ​ពួកគាត់​សង្ឃឹមថា​នឹង​លែងមាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ជា​យថាហេតុ​ដែល​បង្ក​ពី​ការប្រើប្រាស់​ឧស្ម័ន​ឥន្ធនៈ​នៅក្នុង​គ្រួសារ​ទៀត​ហើយ​៕

(​ដោយ​៖ ចេ​ន សុជាតា​)  

ព័ត៌មានផ្សេងទៀត