អង់​តែ​ន​​ទូរទស្សន៍​​គណបក្ស​​សង្គ្រោះ​ជាតិ​​ប្តូរ​ទៅ​​កន្លែង​ថ្មី​ ក្រោយ​​អាជ្ញាធរ​​បដិសេធ​​ទីតាំង​​ចាស់​​

16-05-2016 6:00 pm 2873

​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​ធ្លាប់​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ចាប់​ផ្ដើម​​ដំណើរ​​ការ​នៅក្នុង​ឆ្នាំ​២០១៥ តែ​ពុំ​អាច​ទៅ​រួច​នោះ​ទេ​។ ក្រោយ​មក​គណបក្ស​ប្រឆាំង​មួយ​នេះ បានឲ្យដឹង​ទៀតថា ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន​នឹង​ចាប់ផ្ដើម​ដំណើរកា​រ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ខាងមុខ​។ ប៉ុន្តែ មកដល់​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ ដំណើរការ​ស្នើ​សុំ​តម្លើង​អង់​តែ​ន​ទូរទស្សន៍​នៅ​មក​ទាន់​រួចរាល់​ឡើយ​ទេ​។ ហើយ​ការសាងសង់​អង់​តែ​ន​ក៏​មិន​អាច​ទៅរួច​ដែរ​។​

 

​សំណើរ​សុំ​លើក​អង់​តែ​ន​ទូរទស្សន៍​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ត្រូវ​បាន​ជាប់គាំង ដោយសារតែ​អាជ្ញាធរ​តំបន់ មិន​អនុញ្ញាត​ឲ្យ​សាងសង់ ដោយ​លើក​ហេតុផល​ថា មាន​ការតវ៉ា​ប្តឹងផ្តល់​ពី​ប្រជាពលរដ្ឋ​។ ហើយ​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​អេង ឆៃអ៊ាង និង​លោក​យ៉ែម បុញ្ញ​ឫទ្ធិ បាន​ចុះទៅពិនិត្យ​ទីតាំង​ថ្មី​សម្រាប់​ការសាងសង់​អង់​តែ​ន​ទូរទស្សន៍​។

 

​វិទ្យុ​វាយោ​មិនទាន់​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក​អេង ឆៃអ៊ាង និង​លោក​យ៉ែម បុញ្ញ​ឫទ្ធិ បាន​ទេ​នៅ​រសៀល​ថ្ងៃនេះ ដោយ​ទូរស័ព្ទ​របស់​មន្ត្រី​គណបក្សប្រឆាំង​ទាំង​ពីរ​នេះ មិន​មាន​អ្នកទទួល​។ ដោយឡែក លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ទាន់​ទទួលបាន​ព័ត៌មាន​នេះដែរ ដោយសារ​លោក​មិន​បាន​រួម​ដំណើរ​ទៅ​ពិនិត្យ​ទីតាំង​ថ្មី​សម្រាប់​សង់​អង់​តែ​ន​ទូរទស្សន៍​នេះឡើយ​។ លោក​យឹម សុវណ្ណ គ្រាន់តែ​បញ្ជាក់ថា ទីតាំង​ថ្មី​នោះ​នៅ​ម្តុំ​គៀនស្វាយ ខេត្ត​កណ្តាល​។​

 

​គួរបញ្ជាក់​ថា ក្រោម​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​យល់ព្រម​ផ្ដល់​អាជ្ញាប័ណ្ណ​បង្កើត​ស្ថានីយ​ទូរទស្សន៍​មួយ​ដល់​គណបក្ស​ប្រឆាំង​។ បន្ទាប់មក មេ​គណបក្សប្រឆាំង លោក​សម រង្ស៊ី បាន​សម្រេច​ដាក់​ឈ្មោះ​ទូរទស្សន៍​នេះ​ថា “​ទូរទស្សន៍​ព្រះអាទិត្យ​” និង​បាន​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ផ្តល់​ព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ បង្ហាញ​ពី​តថភាព​ពិត​របស់​សង្គម ផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ និង​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ​មិនមែន​​​បង្កើត​ឡើង​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​នោះទេ​។​

 

​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ទទួល​វិភាគទាន​ពី​អ្នកគាំទ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ទុន​វិនិយោគ​ឲ្យបាន​គ្រប់​៣​លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ​ដែល​បាន​កំណត់​ថា ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៥​។ ប៉ុន្តែ ការគ្រោង​នេះ​មិន​អាច​ទៅ​រួច​ឡើយ ហើយ​គណបក្ស​ក៏​ធ្លាប់បាន​អះអាង​ទៀតថា ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ចាប់ផ្ដើម​ដំណើរការ​ឲ្យបាន​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ខាងមុខ​។

 

​យ៉ាងណា មកដល់​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ សំណើរ​សុំ​លើក​អង់​តែ​ន​ទូរទស្សន៍​បាន​ជាប់គាំង​នៅ​ទីតាំង​ចាស់​ម្តុំ​ក្រុង​តាខ្មៅ ហើយ​បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្វែងរក​ទីតាំង​ថ្មី​សម្រាប់​ស្នើ​សុំ​តម្លើង​អង់​តែ​ន​ទូរទស្សន៍​​របស់​ខ្លួន​​ម្តងទៀត​៕

ព័ត៌មានផ្សេងទៀត