ក្រសួង​ព័ត៌មានជំរុញ​អ្នក​ផលិត​កម្មវិធី​វិទ្យុ​-​ទូរទស្សន៍បញ្ជ្រាប​សារ​អប់រំ​គ្រឿង​ស្រវឹង​ដល់​ពលរដ្ឋ​

16-05-2016 5:43 pm 881

​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) និង​អង្គការ​សុខភាព​ពិភពលោក បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​អ្នក​ផលិត​កម្មវិធី​វិទ្យុ​-​ទូរទស្សន៍ ស្តី​ពី​ការបញ្ជ្រាប សារ​អប់រំ​អំពី​គ្រឿង​ស្រវឹង​។

​កិច្ចប្រជុំ​ដែល​រៀបចំ​ធ្វើ នៅ​ទីស្តីការ ក្រសួង​ព័ត៌មាន នា​ថ្ងៃ​ទី​១៦ ឧសភា ធ្វើឡើង​ក្រោម​ការដឹកនាំ ដោយ​លោក​ជា​ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​
​គោលបំណង​សំខាន់ ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ផ្សព្វផ្សាយ អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់ គ្រឿង​ស្រវឹង ដល់​អ្នក​ផលិត​កម្មវិធី​វិទ្យុ​-​ទូរទស្សន៍ និង​ជំរុញ​អ្នក​ទាំងនោះ អោយ​បញ្ជ្រាប​សារ​អប់រំ​អំពី​គ្រឿង​ស្រវឹង ទៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការធ្វើ​បទ​បង្ហាញ​ពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ពី​សំណាក់​លោក​យ៉ិល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក​។ បទ​បង្ហាញ​ស្តីពី លទ្ធផល នៃ​ការស្ទង់មតិ ប្រជាពលរដ្ឋ អំពី​វិធានការ​ត្រួតពិនិត្យ គ្រឿង​ស្រវឹង ដោយ​លោក​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា រួម​នឹង​បទ​បង្ហា​ពី​អំពី​យុទ្ធសាស្ត្រ​របស់​ឧស្សាហករ​គ្រឿង​ស្រវឹង​។​
​តាមរយៈ​បទ​បង្ហាញ​ខាងលើ បានឲ្យដឹងថា គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ច​ណ​បង ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ នៅលើ​ពិភពលោក​ប្រមាណ​២.៥​លាន​នាក់ ក្នុង​១​ឆ្នាំៗ និង​បង្ក​ឲ្យមាន​ជម្ងឺ​ប្រមាណ​២០០​មុខ រួមមាន​ជម្ងឺមហារីក​បំពង​អាហារ មហា​រីកថ្លើម ជម្ងឺ​លើស​សម្ពាធ​ឈាម ជម្ងឺ​ស្ទះ​សរសៃឈាម បេះដូង ខួរក្បាល និង​ជម្ងឺ​ក្រិន​ថ្លើម​ជាដើម​។​ ​ក្រៅពីនេះ គ្រឿង​ស្រវឹង​ក៏​ជា​ដើមហេតុ នៃ​គ្រោះថ្នាក់​ចរាចរណ៍  ការបាត់បង់​សណ្តាប់ធ្នាប់​សង្គម អំពើហិង្សា​ក្នុង​គ្រួសារ និង​បញ្ហា​សង្គម​ជាច្រើន​ទៀត​។​

​ដូច្នេះ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការទប់ស្កាត់ ការស្លាប់ និង​ការកើតមាន​ជម្ងឺ​បណ្តាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ ដូចជា​អង្គការ​CMH និង​WHO គាំទ្រ ចំពោះ​ការបង្កើត​ឲ្យមាន​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿង​ស្រវឹង នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ វិធានការ​ចំនួន​៤ ចំណុច ដែល​ត្រូវបាន​មើលឃើញថា អាច​នឹង​មាន​ប្រសិទ្ធភាព ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ វិធានការ​ទាំងនោះ រួមមាន​៖ ១. ទប់ស្កាត់​ការផ្សព្វផ្សាយ ផលិតផល​គ្រឿង​ស្រវឹង តាម​រួប​ភាព​ផ្សេងៗ ២. កំណត់​ទី​តាំង​លក់​គ្រឿង​ស្រវឹង ៣. កំណត់​អាយុ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង និង​ទី​៤ ការតំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត