ច្បាប់​ស្ដីពី​ម្ហូបអាហារ​​នឹង​ផាកពិន័យ​​សហគ្រាស​​ដែល​ផលិត​​អាហារ​​គ្មាន​អនាម័យ​​

16-05-2016 12:08 pm 942

​លោក សាត សាមី រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើកឡើង​ថា កំណែទម្រង់​វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា​កំពុង​ដំណើរការ​ជា​បណ្ដើ​រៗ ខណៈ​កម្ពុជា​កំពុង​រៀបចំ​បង្កើត​ច្បាប់​ស្ដី​ពី​ម្ហូបអាហារ ក៏ដូចជា​តួនាទី​ភារកិច្ច​របស់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ជា​អ្នកទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ​តាំងពី​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទាំងអស់​។ ការលើកឡើង​នេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី ការពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ មជ្ឈមណ្ឌល​ផលិតភាព​ជាតិ នា​ព្រឹក​ថ្ងៃទី ១៦ ឧសភា នៅ​សណ្ឋាគារ សាន់វ៉េ រាជ​អា​នី​ភ្នំពេញ​។​


​លោក​សាត សាមី  បាន​លើកឡើង​ទៀត​ថា ពេល​នេះ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ​កំពុង​ត្រូវបាន​រៀបចំ ហើយ​ចំពោះ​ការផាកពិន័យ និង​ទណ្ឌកម្ម​ផ្លូវ​ច្បាប់​ក៏​នឹង​មាន​ចែង និង​ដាក់បន្ទុក​ដល់​សហគ្រាស​ណា​ដែល​ផលិត​ម្ហូបអាហារ​មិន​មាន​អនាម័យ ដែល​បង្ក​ការប៉ះពាល់​ដល់​សុខភាប​ប្រជាពលរដ្ឋ​។​


​សំឡេង លោក សាត សាមី​៖


​ក្រៅពី​នេះ​រដ្ឋាភិបាល​ក៏​មាន​កំណែទម្រង់​មួយទៀត គឺ​សេវា​ពិនិត្យ​ម្ហូបអាហារ​របស់​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា (ILCC) ត្រូវបាន​ទទួលស្គាល់ថា មាន​ល្បឿន​ទៅមុខ​ប្រសើរ​បន្តិច ក៏​ប៉ុន្តែ​នៅ​មិនទាន់​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​ប្រទេស​ជិតខាង​នៅឡើយ ដែល​ធ្វើ​ឲ្យ​សហគ្រាស​ក្នុងស្រុក​បាន​យក​ផលិតផល​ទៅ​ត្រួតពិនិត្យ​ន​ហៅ​ប្រទេស​វៀតណាម និង​ថៃ ដែល​ត្រូវ​ចំណាយ​ថ្លៃដើម​ខ្ពស់​។ ចំនុច​នេះ​ផង​ដែរ ក្រសួង​បាន​លើកទឹកចិត្ត​ឲ្យ​សហគ្រាស​ទាំងអស់​ត្រូវ​ប្រើ​សេវា​ពិនិត្យ​គុណភាព​អាហារ​ក្នុងស្រុក​ឲ្យអស់​លទ្ធភាព ហើយ​ក្រសួង​ក៏​កំពុង​រិះរក​វិធី​ជំរុញ​ឲ្យ​សេវា​មួយ​នេះ​អាច​អភិវឌ្ឍ​កាន់តែ​ប្រសើរ ដើរ​ទាន់​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។​


​លោក ហេង អៀង ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ បាន​លើកឡើង​ដែរ​ថា អធិការកិច្ច​លើ​ប្រព័ន្ធ​គ្រប់គ្រង​គុណ​ផាព​ម្ហូបអាហារ​ចំ​បាច់​សម្រាប់​ធានា​នូវ​សុវត្ថិភាព ព្រោះ​អាហារ​មាន​សុវត្ថិភាព ជា​លក្ខខណ្ឌ​ចំបង​សម្រាប់​សន្តិសុខ​ស្បៀង​។  


​ជាមួយគ្នា​នោះ​ផងដែរ លោក Muhammad Saeed ប្រធាន​នាយកដ្ឋាន​កសិកម្ម​នៃ​អង្គការ​ផលិតភាព​អាស៊ី (APO) បាន​ថ្លែងថា ដើម្បី​ពង្រឹង​គុណភាព​ម្ហូបអាហារ ទាំង​អ្នក​ផលិត អ្នក​នាំ​ចូល និង​អ្នក​នាំចេញ ត្រូវ​គិត​ពី​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​នេះ ព្រមទាំង​ការអនុវត្ត​ច្បាប់​ស្ដីពី​ម្ហូបអាហារ ដែល​គ្រោង​នឹង​ចេញ​នាពេល​ខាងមុខ​នេះ​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត