ពលរដ្ឋ​ជិះ​កង់​ជាមួយ​សហភាព​អឺរ៉ុប​លើក​ពី​គុណសម្បត្តិ​នៃ​ការ​ជិះ​កង់​ក្នុង​ទីក្រុង​

09-05-2016 3:10 pm 1408

​ការ​ជិះ​កង់​បាន​ក្លាយ​ជា​កម្មវិធី​​មួយ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង ដើម្បី​​បង្កើន​ការយល់ដឹង អំពី​បរិស្ថាន និង​ពី​តម្រូវការ​ក្នុង​ការការពារ​ប្រព័ន្ធ​​អេកូឡូស៊ី និង​បរិស្ថាន​ធម្មជាតិ របស់​ប្រទេស​​កម្ពុជា និង​ភពផែនដី​​ទាំងមូល​។ ​ជាងនេះទៅទៀត​កម្មវិធី​ជិះ​កង់​​ក្នុង​ឆ្នាំ​នេះ​ដែល​រៀបចំឡើង​ដោយ​សហភាព​​អឺរ៉ុប​នៅ​ថ្ងៃទី​០៧ ឧសភា​នេះ​ត្រូវបាន​ធ្វើឡើង​​ក្រោម​ប្រធានបទ​​«​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​»​ផងដែរ​។​


​តែ​ទោះ​យ៉ាងណា​ប្រជាពលរដ្ឋ ពិសេស​យុវជន ដែល​បាន​ចូលរួម​ក្នុង​​កម្មវិធី​នេះ​ប្រមាណ​៤.០០០​នាក់​ហាក់​មាន​ការរីករាយ​ចំពោះ​​ការ​ជិះ​កង់​តាម​ដងផ្លូវ​ក្នុង​​ទីក្រុង​ភ្នំពេញ​នេះ ព្រោះ​ថា​វា​បាន​នាំមក​នូវ​មិត្តភាព និង​សុខភាព​​ខណៈដែល​ជើង​​កំពុង​ធាក់​ឈ្នាន់​កង់​​ដើម្បី​ធ្វើ​ដំណើរទៅមុខ​។​


​ពាក់​ស្បែកជើង​ប៉ា​តា​កំពុង​ជិះ​កង់​​ដល់​ចំណុច​ស្តុ​បនាង​គង់​ហ៊ីង យុវជន សុន ធារិទ្ធិ និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គណនេយ្យ នៃ​សាកលវិទ្យាល័យ​ខេមរៈ​​​បាន​លើកឡើង​ថា នេះ​ជា​លើក​ទី​២​​​ហើយ​ដែល​លោក​បាន​ចូលរួម​​​ក្នុងការ​ជិះ​កង់​ជាមួយ​សហភាព​អឺរ៉ុប​។ ការ​ជិះ​កង់​គឺជា​ចំណូល​ចិត្ត​របស់​លោក ស្របពេល​ដែល​សហភាព​អឺរ៉ុប​​រៀបចំ​កម្មវិធី​នេះ​លោក​ត្រូវ​ឆ្លៀត​​ពេល​ដើម្បី​ចូលរួម​។ ចូលរួម​ដើម្បី​ដាស់តឿន​​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​ដួច​​រូបលោក​ត្រូវ​ចេះ​ជិះ​កង់​ដើម្បី​​កាត់បន្ថយ​ជាតិ​ផ្សែង​ពុល​........


​សំឡេង​លោក សុន សុធា​រិទ្ធិ​៖


​លោក​សុន ភា​រិទ្ធិ បាន​បន្តថា ការចូលរួម​ជិះ​កង់​នេះ​ហាក់​​មិន​មាន​ផល​លំបាក​អ្វី​ឡើយ​​សម្រាប់​រួប​លោក ព្រោះ​វា​បាន​ក្លាយ​ជា​​ទំលាប់​ទៅហើយ ដែល​ជា​រៀង​រាល់​​សប្តាហ៍​លោក​តែង​ជិះ​​កង់​កម្សាន្ត​ក្នុង​ទីក្រុង​.......


​សំឡេង​លោក សុន សុធា​រិទ្ធិ​៖


​តែ​សម្រាប់ លោក​អឿន សុធា​រក្ស និស្សិត​ឆ្នាំ​ទី​២ ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​​ភ្នំពេញ​អន្តរជាតិ​(PPIU) ​បាន​លើកឡើង​ថា នេះ​ជា​លើកដំបូង​ដែល​លោក​​បាន​ចូលរួម​ក្នុងការ​​ជិះ​កង់​ជាមួយ​សហភាព​​អឺរ៉ុប​។ លោក​ថា​ការចូលរួម​​នេះ​ដោយសារ​លោក​​ចង់​ហាត់ប្រាណ ដើម្បី​សុខភាព​​ជាមួយនឹង​យុវជន​​ដទៃទៀត​ដែល​​មាន​ចំនួន​ច្រើន​។​


​សំឡេង លោក​អឿន សុធា​រក្ស​៖


​និស្សិត​ផ្នែក​គ្រប់គ្រង​រូបនេះ​បានឱ្យដឹង​ទៀត​ថា ការចូលរួម​ជិះ​កង់​នេះ​​បាន​នាំមក​នូវ​ទំនាក់ទំនង​ល្អ​​សម្រាប់​យុវជន និង​ផ្ដល់​ផល​ល្អ​​សម្រាប់​បរិស្ថាន​។ ទន្ទឹមនឹងនេះ​ការ​​ជិះ​កង់​លើក​នេះ​​លោក​យល់​ថា​ហាក់​មិន​សូវ​ជុំគ្នា​ដោយ​ក្បួន​​កង់ហា​ក់​ដាច់​​ពី​គ្នា​បន្តិច​...........


​សំឡេង លោក​អឿន សុធា​រក្ស​៖


​លោក សុ​ផា​ណា បុគ្គលិក​ម្នាក់​ក្នុង​អង្គការ​ម្លប់​បៃតង ដែល​គាំទ្រ​ដល់​កិច្ច​​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ បាន​លើកឡើង​ថា លោក​បាន​ចូលរួម​ក្នុង​​កម្មវិធី​ជិះ​កង់​របស់​សហភាព​​អឺរ៉ុប​បាន​ទាំង​បី​លើក​​ហើយ​។ ការចូលរួម​របស់​លោក​នេះ​​គឺ​ក្នុង​គោលបំណង​ចូលរួមចំណែក​​ក្នុងការ​ការបន្ថយ​ការបំភាយ​​ឧស្ម័ន​ពុល ដែល​ចេញពី​យានយន្ត​ផ្សេងៗ​។ លោក​បាន​អំពាវនាវ​​នឹង​លើក​ទឹកចិត្ត​ដល់​យុវជន​ឱ្យ​ជិះ​កង់​​ទៅ​បំពេញ​កិច្ចការ​របស់​ខ្លួន​យ៉ាងហោច​ណាស់​មួយ​សប្តាហ៍​ជិះ​មួយ​ថ្ងៃ​.........


​សំឡេង​លោក សុ​ផា​ណា​៖


​បុគ្គលិក​អង្គការ​ម្លប់​បៃតង​រូបនេះ​បាន​បន្តថា កម្មវិធី​ជិះ​កង់​​នេះ​គ្រាប់​តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​​ដែល​សំខាន់​គឺ​ត្រូវ​មាន​ការប្តេជ្ញាចិត្ត​ពី​បុគ្គល​ម្នាក់ៗ​​ដែល​ត្រូវ​ជិះ​កង់​ជាប្រចាំ​។​លោក​ថា​ការ​ជិះ​កង់​នេះ​ជា​សញ្ញា​ដែល​ធ្វើ​ឱ្យ​ដល់​​ប្រជាពលរដ្ឋ​ទូទៅ​ឃើញ​សកម្មភាព​នៃ​ការថែ​រក្សា​បរិស្ថាន​ដើម្បី​ទាក់ទាញ​អា​រម្ម​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​.............


​សំឡេង​លោក សុ​ផា​ណា​៖


​តំណាង​សហភាព​អឺរ៉ុប​បាន​បាន​លើកឡើង​ក្នុង​កម្មវិធី​នេះ​​ថា​កម្មវិធី​ជិះ​កង់​នេះ​មាន​គោលបំណង​​សំខាន់ៗ​មួយចំនួន​គឺ​ ដើម្បី​អបអរសាទរ​ទិវា​​អឺរ៉ុប​ដែល​បណ្តាល​ប្រទេស​​ជា​សមាជិក​មាន​ចំណង​ការទូត​យ៉ាង​សំខាន់​នឹង​​ប្រទេស​កម្ពុជា​។​ដើម្បី​បង្ហាញ​ឲ្យ​ប្រជាជន​ចេះ​ស្រលាញ់​​ការពារ​បរិស្ថាន​ដែល​ព្រឹត្តិការណ៍​​នេះ​រំលេច​នូវ​ពាក្យស្លោក​ថា «​កម្ពុជា​-​សហភាព​អឺរ៉ុប​រួមគ្នា​ដើម្បី​ភពផែនដី​» ពី​ព្រោះ​​ការ​ជិះ​កង់​នេះ​ជា​ការ​ធ្វើ​ដំណើរ​បៃតង​ ឬ​ការធ្វើ​ដំណើរ​ដោយ​គ្មាន​ផ្សែង​។ ​និង​គោលបំណង​មួយទៀត​គឺ​បង្ហាញ​ឲ្យ​​ប្រជា​ពលរដ្ឋយ​ល់​ដឹង​ពី​ការប្រែប្រួល​អាកាស​ធាតុ​ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន​។​


​សូមបញ្ជាក់​ថា ទិវា​អឺរ៉ុប ថ្ងៃទី​៩ ខែ​ឧសភា ត្រូវបាន​​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក នៅ​ក្នុង​ការ​រម្លឹក​នូវ​សេចក្តីថ្លែងការណ៍​​ជា​ប្រវត្តិសាស្ត្រ របស់​រដ្ឋមន្ត្រីការបរទេស​​បារាំង លោក Robert Schuman នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា​ឆ្នាំ ១៩៥០ ដែល​បាន​បើក​ទំព័រ​នៃ​ដំណើរ​ការ​កសាង សហភាព​អឺរ៉ុប​ក្រោយ​ពី​ការ​បំផ្លិចបំផ្លាញ​ក្នុង​សង្គ្រាម​លោកលើកទី​II​។​
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត