នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះមានក្រុមចោរប្លន់វេបសាយ (Hacker) បានចូលមកប្លន់ (Hacked) វេបសាយ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន www.samdechhunsen.gov.kh ដោយបានលួចប្តូររូបភាព និងបានលួចប្តូរដាក់សារសម្លេងជាភាសាខ្មែរតាមទ្រង់ទ្រាយ HACKER ដែលបានបំផ្លាញកិត្តិយសសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កការរំខាន និងធ្វើអោយបាត់បង់ទិន្ន័យមួយចំនួនធំក្នុងនៅក្នុងវេបសាយផងដែរ។
បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាត់ទុកអំពើនេះ ជាបទឧក្រិដ្ឋផ្នែកព័ត៌មានវិទ្យា ដែលជនល្មើសបានប្រព្រឹត្តិដោយចំហរមកលើទំព័រផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានអះអាងថា ភស្តុតាងទាំងនេះ គឺជា ទង្វើ មិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំងដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាងធ្វើការវាយប្រហារមកលើ សម្តេច ហ៊ុន សែន។ ជនល្មើសទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ។ សម្តេចបានបញ្ជាក់ថា នៅពេលនេះ ក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្រាវជ្រាវរកប្រភពជនល្មើស HACKER យកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន៕
(ដោយ៖គួន សំបូរ)