លោក​ខៀវ កាញារីទ្ធ​៖ ​ដើម្បី​លើកស្ទួយ​​អភិបាលកិច្ច​ល្អ ​អ្នកសារព័ត៌មាន​​ត្រូវបំពេញ​វិជ្ជាជីវៈ​​ឲ្យបាន​ត្រឹមត្រូវ​​

29-04-2016 6:31 pm 1444
លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

“​ដើម្បី​លើកស្ទួយ​អភិបាលកិច្ច​ល្អ​ក្នុងសង្គម អ្នកសារព័ត៌មាន​គ្រប់រូប​ត្រូវតែ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​” នេះ​គឺជា​ការលើកឡើង​របស់ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅក្នុង​វេទិកា​ស្ដីពី សិទ្ធិ​អ្នកសារព័ត៌មាន និង​អ្នកសារព័ត៌មាន​ពលរដ្ឋ​រួមចំណែក​លើកកម្ពស់​អភិបាលកិ​ច្ច​ល្អ ដែល​រៀបចំ​ដោយ អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ នា​ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០១៦ នា​ភោជនីយដ្ឋាន​ទន្លេបាសាក់​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។


​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ បានឲ្យដឹង​ទៀតថា តួនាទី​អ្នក​សារព័ត៌​នៅ​ក្នុង​ការលើកស្ទួយ​អភិបាលកិច្ច​ល្អ គឺ​អ្នកសារព័ត៌មាន​ត្រូវ​ស្វែងរក​ព័ត៌មាន​ពិត​ប្រាកដ និង​ទទួលខុសត្រូវ​ក្នុង​ការសរសេរ​ព័ត៌មាន​។ លោក​បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​មិន​ចាំបាច់​មាន​សញ្ញាបត្រ​បញ្ជាក់នោះ​ទេ តួយ៉ាង​អ្នកសារព័ត៌មាន​ពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​អាច​ផ្ដល់​ព័ត៌មាន​ឲ្យមក​អ្នកសារព័ត៌មាន​ដើម្បី​សរសេរ​ព័ត៌មាន​ផ្សាយ​ក្នុង​ក្រម​វិជ្ជាជីវៈ​។


​សំឡេង​លោក​ខៀវ កាញារីទ្ធ​៖


​សូមជម្រាបថា អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ និង​ដៃគូ​សហការ បាន​រៀបចំ​វេទិកា​នេះ​ឡើង ដើម្បី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី ២៣ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ ខាង​មុននេះ និង​ដើម្បី​ស្វែងយល់​ពី​សិទ្ធិ និង​តួនាទី​របស់​អ្នកសារព័ត៌មាន​នៅក្នុង​ដំណើរការ​កសាង និង​លើកកម្ពស់​អភិបាលកិច្ច​ល្អ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ព្រមទាំង​ធ្វើការ​ចែករំលែក​បទពិសោធ​ន៍ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ដែល​អ្នកសារព័ត៌មាន​អាជីព និង​អ្នកសារព័ត៌មាន​ពលរដ្ឋ​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​៕


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត