ទស្សនវិស័យ​ជា​សាកល​៖​​អ្វី​ដែល​រំពឹង​ថា​​នឹង​កើតឡើង​​ក្នុង​ឆ្នាំ​​២០១៦?

26-04-2016 6:30 pm 1183

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​អន្ដរាគមន៍​ពី​ពេញ ផេង ដោយ​ពេញ ផេង​នឹង​លើក​យក​ពី​ព្រឹត្ដិការណ៍​រួម​ជាមួ​យ​ហេតុការណ៍​សំខាន់ៗ ដែល​នឹង​កើតឡើង​ក្នុង​ឆ្នាំ​២០១៦​។​ដូច​យើង​បានដឹង​ហើយ​ថា​កាលពី​ឆ្នាំ​២០១៥ ពិភពលោក​បាន​រងគ្រោះ​ដោយសារ​ព្រឹត្ដិការណ៍និ​ង​ហេតុការណ៍​ធំៗ​ជាច្រើន​។​ដូច្នេះ​ក្នុង​ឆ្នាំ​២០១៦​នេះ តើ​នឹង​មាន​អ្វី​កើតឡើង​បន្ដទៀត​?


​ចង់​ជ្រាប​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​ដូចតទៅ​៖


​សំឡេង​៖


​ក្នុង​ឆ្នាំ​២០១៥ មាន​រឿងហេតុ​និង​ព្រឹត្ដិការណ៍​ធំ​ជាច្រើន​បាន​កើតឡើង ហើយ​រឿង​ទាំងនោះ​ក៏​នឹង​បន្ដ​កើតឡើង​ក្នុង​ឆ្នាំ​២០១៦​ទៀត​ដែរ​។​ខាងក្រោម​នេះ គឺជា​ព្រឹត្ដិការណ៍ធំៗ​ដែល​នឹង​កើតឡើង​ក្នុង​ឆ្នាំ​២០១៦​។​


​ជាដំបូង​ចាប់អារម្មណ៍​ទៅលើ​បញ្ហា​សេដ្ឋកិច្ច​របស់​ចិន​។​ចិន​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​អាច​ដណ្ដើម​បាន​ឈ្មោះ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក ដោយ​ចង់​ឈ្នះ​អាមេរិក​។​ដ្បិត​ពេលនេះ​មិនទាន់​ឈ្នះ​អាមេរិក ប៉ុន្ដែ​មហិច្ឆតា​របស់​ចិន​មិន​បញ្ចប់​ត្រឹមនេះ​ទេ​។​ដូច្នេះ​ក្នុង​ឆ្នាំ​២០១៦ ចិន​នឹង​បន្ដ​យុទ្ធសាស្ដ្រ​របស់​គេ​ទៀត គឺ​ការធ្វើ​កំណែទម្រង់​គោលនយោបាយ​សេដ្ឋកិច្ច​យ៉ាង​ស៊ីជម្រៅ ដែល​ធ្វើឲ្យ​សេដ្ឋកិច្ចចិន​អាចនឹង​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៦​។​


​បន្ទាប់មកទៀត​ចាប់អារម្មណ៍​លើ​ការបោះឆ្នោត​នៅ​អាមេរិក​។​តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​នឹង​ចាក​ចេញពី​ការិយាល័យ​នៅពេល​មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ចប់​ជា​ស្ថាពរ​។​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹង​ប្រព្រឹត្ដទៅ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​។​បច្ចុប្បន្ន ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស កំពុង​ធ្វើ​នៅក្នុង​រដ្ឋ​នីមួយៗ​របស់​អាមេរិក​។​ក្នុងនោះ​នៅ​បក្ស​សាធារណរដ្ឋ​មាន​លោក​ដូណាល់​ត្រាំ កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​ការបោះឆ្នោត រីឯ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ មាន​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​លោកស្រី​ក៏​មាន​សំឡេង​គាំទ្រ​ច្រើន​ដែរ​ក្នុង​ការបោះឆ្នោត​។​ដូច្នេះ​អ្នក​ទាំង​ពីរ​មាន​សង្ឃឹម​ច្រើន ថា​អាច​ត្រូវ​តែងតាំង​ជា​បេក្ខជន​តំណាង​បក្ស ចូលរួម​ក្នុង​ការប្រកួតប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក​។​អ៊ីចឹង​នៅ​ឆ្នាំ​២០១៦ ព្រឹត្ដិការណ៍​ធំ​របស់​អាមេរិ​កគឺកា​រ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។


​ក្រៅ​ពី​ការបោះឆ្នោត​នៅ​អាមេរិក ចាប់អារម្មណ៍​ទៅលើ​រុស្ស៊ី​វិញ​ម្ដង​។​រុស្ស៊ី​ធ្លាប់​ល្អក់កករ​ជាមួយ​ប្រទេស​លោកខាងលិច ដោយ​កាលពី​ឆ្នាំ​២០១៥ រុស្ស៊ី​ត្រូវ​លោកខាងលិច​ព្រួត​គ្នា​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ផ្នែក​សេដ្ឋកិច្ច ដោយសារ​តែ​រុស្ស៊ី​លូក​ដៃ​ក្នុង​បញ្ហា​ផ្ទៃក្នុង​អ៊ុ​យក្រែន​។​អ៊ុយ​ក្រែន​ចង់ងាក​ទៅរក​លោកខាងលិច ប៉ុន្ដែ​រុស្ស៊ី​មិន​ពេញចិត្ដ​ឡើយ ដោយ​ចង់​ឲ្យ​អ៊ុ​យក្រែ​ន​បន្ដ​ទំនាក់ទំនង​ជាមួយ​ខ្លួន ព្រោះ​ខ្លាច​ខាត​បង់ប្រយោជន៍​។​មួយវិញទៀត ចំពោះ​សង្គ្រាម​រវាង​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន រុស្ស៊ី​ក៏​ត្រូវ​រង​ការចោទប្រកាន់​ថា​បាន​ជួយ​ក្រុម​ឧទ្ទាម​ដោយ​សម្ងាត់ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​អ៊ុ​យក្រែន​។​នេះ​ហើយ​ជា​អ្វី​ដែល​រុស្ស៊ី​ត្រូវ​រង​សម្ពាធ​ក្រោម​ការ​ចោទថា លូក​ដៃ​ក្នុង​រឿង​ផ្ទៃក្នុង​អ៊ុ​យក្រែន​។​


​មួយ​ទៀត​ដែរ ក្រោយពេល​រុស្ស៊ី​បញ្ជូន​យោធា​នៅ​ធ្វើ​ប្រតិ​បត្ដិការនៅ​ស៊ីរី​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៥ បាន​ធ្វើឲ្យ​ទំនាក់ទំនង​រុស្ស៊ី​ជាមួយ​ប្រទេស​លោកខាងលិ​ច កាន់តែ​ស្មុគស្មាញ​នឹង​គ្នា​។​ប៉ុន្ដែ​ដោយ​ឃើញថា រុស្ស៊ី​បាន​ចូលរួម​សហការ​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​ជា​គោលដៅ​របស់​ប្រទេស​លោកខាងលិច​ដូចគ្នា ការដាក់​សម្ពាធ​ទៅលើ​ទីក្រុង​ម៉ូស្គូ​ជុំវិញ​វិបត្ដិ​អ៊ុយ​ក្រែន​ហាក់​ធូរស្រាល​ទៅវិញ​។​ដូច្នេះ​ក្នុង​ឆ្នាំ​២០១៦ គេ​រំពឹងថា​រុស្ស៊ី​អាច​ដើរ​លើ​ផ្លូវ​ល្អ​ប្រសើរ​ជាមួយ​លោក​ខាងលិច​។​យ៉ាងណាមិញ​លោក​ប្រធានាធិបតី​រុស្ស៊ី ក៏​ត្រូវ​ត្រៀម​ខ្លួន​ប្រឈម​ជា​មួយ​បញ្ហា​ធំៗ​ជាច្រើន​ទៀត ដូចជា​ការបន្ដ​វត្ដ​មាន​យោធា​ក្នុង​ប្រទេស​ស៊ី​រី និង​មួយទៀត​តើ​ត្រូវ​បន្ដ​លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​ស៊ី​រី​ឬ​យ៉ាងណា​។​


​អ្វី​ដែល​ពិភពលោក​នឹង​បន្ដ​ធ្វើ​មួយទៀត​ក្នុង​ឆ្នាំ​២០១៦​នេះ គឺ​ការប្រឆាំង​អំពើ​ភេរវកម្ម​ជា​សាកល​។​ក្រុម​ភេរ​វករ​ក្នុង​ឆ្នាំ​២០១៥​បាន​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​ពិភពលោក ដែល​សកម្មភាព​នេះ ពួកគេ​មិន​ធ្លាប់​ធ្វើ​ទេ​ពីមុនមក​។​ការគំរាមកំហែង​ខ្លាំង​គឺ​ពី​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ដែល​កំពុង​កាន់កាប់​ទឹកដី​មួយ​ភាគ​ធំ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​សមាជិក​ក្រុម​នេះ​ក៏​បាន​បើក​ការវាយប្រហារ​បង្ក​ការភ្ញាក់ផ្អើល ដូច​ជា​ការវាយប្រហារ​នៅ​ក្រុងប៉ារីស​បានសម្លាប់​មនុស្សដ​ល់​១៣០​នាក់​។​ហេតុនេះហើយ បច្ចុប្បន្ន​រដ្ឋាភិបាល​និង​សភា​អន្ដរជាតិ​កំពុង​ប្ដេជ្ញាចិត្ដ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​នេះ ទោះបីជា​ពួកគេ​ត្រូវ​រង​ការរិះគន់ និង​រង​កំហឹង​ពី​ប្រជាជន​ខ្លួន​ក៏ដោយ​។​អ្វី​ដែល​ចង់បាន គឺ​ការទប់ស្កាត់​អំពើ​ឃោ​ឃៅរ​បស់​ក្រុម​ភេរ​វករ​។


​ងាក​ចេញពី​ការប្រឆាំង​ភេរវកម្ម​ជា​សាកល ក្នុង​ឆ្នាំ​២០១៦​នេះ​ក៏​មាន​ផងដែរ​ពី​បញ្ហា​ទាក់ទង​នឹង​ស្ថានភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​បើ​គិត​ពី​ស្ថានភាព​ជា​ទូទៅ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ​២០១៥ មិនមាន​អ្វី​ចោទ​ឡើង​ខ្លាំងក្លា​ទេ គឺ​មាន​ស្ថេរភាព​។​តែ​ក្នុង​ឆ្នាំ​២០១៦ ត្រូវបាន​គេ​រំពឹងថា​នឹង​មាន​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​។​ខណៈ​ចិន​កំពុង​ពង្រីក​តួនាទី​កាន់តែ​ធំ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្ថានភាព​សន្ដិសុខ​ក៏​មិន​ទាន់​ប្រាកដ​នៅឡើយ​ដែរ​ថា​ទៅជា​យ៉ាងណា​នោះ​។​បើ​គិត​ពី​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏​កំពុង​ឡើង​កម្ដៅ​ជាថ្មី ហើយ​អាមេរិក​មិនមែន​ជា​តួអង្គ​ពាក់ព័ន្ធ​សោះ បាន​លូកដៃ​ជួយ​ដោះស្រាយ ធ្វើឲ្យ​ចិន​មិន​ពេញចិត្ដ​។​នេះ​ជា​ដើមហេតុ​ដែល​គេ​សន្និដ្ឋាន​ថា ឆ្នាំ​២០១៦​ស្ថានភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ប្រែប្រួល​។​


​វិបត្ដិ​នៅ​ស៊ី​រី​វិញ ក៏​កំពុង​កើតឡើង​មិន​ទាន់​បញ្ចប់​។​ឆ្នាំ​២០១៦ ជា​ពេល​ដែល​ស៊ី​រី​និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សម្រេច​ចិត្ដដោះស្រាយ​វិបត្ដិ​រ៉ាំរ៉ៃ​ក្នុង​ប្រទេ​សស៊ី​រី​។​អង្គការសហប្រជាជាតិ​កំពុង​តែ​ព្យាយាម​រុញច្រាន​ធ្វើយ៉ាងណា​ឲ្យមាន​ការច​រចា​បញ្ចប់សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ី​រី​ប្រមាណ​៥​ឆ្នាំ​មកនេះ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២៥​ម៉ឺន​នាក់​។​


​បញ្ហា​ធំ​ក្នុង​ឆ្នាំ​២០១៦​នេះដែរ គឺ​វិបត្ដិ​ជនភៀសខ្លួន​នៅ​តំបន់​អឺរ៉ុប​។​តាំងពី​ឆ្នាំ​២០១៥ ដែល​ជនភៀសខ្លួន​បាន​នាំគ្នា​សម្រុកចូល​ទៅ​តំបន់​អឺរ៉ុប ដើម្បី​ស្វែងរក​កន្លែង​រស់នៅ​ល្អប្រសើរ​ជាង​មុន​។​អ្នក​ដែល​ជម្លៀស​ខ្លួន​ទៅ​ទីនោះ ភាគច្រើន​ជា​ប្រជាជន​ចាកចេញ​ពី​ប្រទេស​ហែកហួរ​ដោយសារ​សង្គ្រាម​។​អ៊ីចឹង​ហើយ វិបត្ដិ​ជនភៀសខ្លួន​ត្រូវ​បន្ដ​ដោះស្រាយ​ក្នុង​ឆ្នាំ​២០១៦​ទៀត ដោយ​សហគមន៍​អឺរ៉ុប​កំពុង​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​។​


​នេះ​គ្រាន់តែ​ជា​ព្រឹត្ដិការណ៍​និង​បញ្ហា​ចម្បងៗ​ដែល​ពិភពលោក​ត្រូវ​ជូ​ប​ប្រទះ​ក្នុង​ឆ្នាំ​២០១៦​។​នៅ​មាន​ជាច្រើន​ទៀត​នូវ​ហេតុការណ៍​ដែល​មិន​អាច​រំពឹងទុក ហើយ​មេដឹកនាំ​ពិភពលោក​កំពុង​ប្រឹក្សា​រក​យុទ្ធសាស្ដ្រ​ទប់ស្កាត់ ដើម្បី​កុំឲ្យ​រឿងអាក្រក់​ទាំងនោះ​មក​បំផ្លាញ​សន្ដិសុខ​និង​ស្ថេរភាព​ជា​សាកល​តទៅទៀត​៕

ព័ត៌មានផ្សេងទៀត