គណបក្ស​ប្រជាជន​​និង​​សង្គ្រោះ​ជាតិ​​​មិន​​​ចាប់​អារម្មណ៍​​ជម្រើស​​៣​​របស់​​លោក​​កែម ឡី​​

24-04-2016 5:29 pm 13932

​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​កែម ឡី បានបង្ហាញ​ជម្រើស​ចំនួន​៣ ដែល​អាច​ផ្លាស់ប្តូរ​សង្គម​កម្ពុជា​។ ៣​ជម្រើស​នោះ លោក​កែម ឡី សូមឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រធាន​គណបក្សប្រឆាំង ឯកឧត្តម​សម រង្ស៊ី មេត្តា​អាន និង​ពិចារណា​ដោយ​ខ្លួនឯង​។ យ៉ាងណា​៣​ជម្រើស​នោះ មន្ត្រី​អ្នកនាំពាក្យ​របស់​គណបក្ស​ធំៗ​ទាំងពីរ ហាក់ដូចជា​មិន​មាន​ការចាប់អារម្មណ៍​ឡើយ​។

 

​លោក​កែម ឡី បាន​លើកឡើង​ថា “​ពលរដ្ឋ​ភាគច្រើន​លើសលប់​ចង់ឃើញ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ តើ​ការផ្លាស់ប្តូរ​បែប​ណា​ដែល​ល្អ​បំផុត​សម្រាប់​កម្ពុជា​?” ដូច្នេះ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​រូបនេះ បាន​ឱ្យ​នូវ​ជម្រើស​៣​ក្នុង​ការផ្លាស់ប្តូរ​កម្ពុ​ជា ដល់​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រធាន​គណបក្សប្រឆាំង ឯកឧត្តម​សម រង្ស៊ី​។

 

​លោក​កែម ឡី បានឱ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក​ពី​ជម្រើស​ទាំង​៣​នោះ​ថា​៖ ជម្រើស​ទី​១ ឬ​ជម្រើស​ល្អ​បំផុត គឺ​គណបក្ស​កាន់អំណាច​ត្រូវ​ធ្វើ​ការផ្លាស់ប្តូរ​ខ្លួនឯង ទាំង​វប្បធម៌​ន​យោ​យ​បាយ វប្បធម៌​បុគ្គល វប្បធម៌​ស្ថាប័ន និង​ភាព​ជា​អ្នក​ដឹកនាំ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ ជម្រើស​ទី​២ ឬ​ជម្រើស​ចាំបាច់ គឺ​ករណី​ដែល​គណបក្សកាន់អំណាច​មិន​អាច​ផ្លាស់ប្តូរ​ខ្លួនឯង​បាន​ទេ មានតែ​ឲ្យគេ​ផ្លាស់ប្តូរ​ឲ្យ គឺ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ច្បាស់​ជា​ធ្វើ​ការផ្លាស់ប្តូរ​ជូន​គាត់​តាមរយៈ​ការបោះឆ្នោត​ខាងមុខ​។ ជម្រើស​ទី​៣ ឬ ជម្រើស​ដែល​អាក្រក់​បំផុត ករណី​ដែល​គណបក្ស​ទាំង​ពីរ​មិន​អាច​ផ្លាស់ប្តូរ​ជូន​ពលរដ្ឋ​បាន ប្រាកដ​ជា​ពលរដ្ឋ​ធ្វើការ​ផ្លាស់ប្តូរ​ដោយ​ខ្លួន​គាត់​ផ្ទាល់​។

 

៣​ជម្រើស​នេះ លោក​កែម ឡី សង្កត់ធ្ងន់​ថា សូម​ឲ្យ​សម្តេច​ហ៊ុន សែន និង​ឯកឧត្តម​សម រង្ស៊ី មេត្តា​អាន និង​ពិចារណា​ដោយ​ខ្លួនឯង​ចុះ​។ លោក​កែម ឡី បន្តថា សូម​កុំ​ចង់​ប្រឆាំង​នឹង​ច្បាប់ធម្មជាតិ និង​ការវិវត្តន៍​បច្ចេកវិទ្យា​សម័យ​ទំនើប​។

 

​យ៉ាងណា ជម្រើស​៣​ដើម្បី​ឈាន​ទៅរក​ការផ្លាស់​សង្គម​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដែល​លោក​កែម ឡី ផ្តល់ជូន និង​ជុំ​ឲ្យ​យក​ទៅ​ពិចារណា​នេះ មន្ត្រី​អ្នកនាំពាក្យ​របស់​គណបក្ស​ទាំងពីរ ហាក់ដូចជា​មិន​មាន​ការចាប់អារម្មណ៍​ឡើយ​។​

 

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ​ថា ការលើកឡើង​របស់​លោក​កែម ឡី គ្រាន់តែ​ជា​គំនិត​ផ្ទាល់ខ្លួន ហើយ​គណបក្ស​មិន​យកចិត្តទុកដាក់​ទេ​។ មិន​យកចិត្តទុកដាក់ លោក​សុខ ឥសាន បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ហើយ​។ ម្យ៉ាង​សព្វថ្ងៃនេះ រដ្ឋាភិបាល​កំពុង​ធ្វើកា​រ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដើម្បី​បន្ត​ការដឹកនាំ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

​សំឡេង​លោក​សុខ ឥសាន​៖

 

​ដោយឡែក អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ ក៏​ហាក់បីដូចជា​មិន​ចាប់​អារម្មណ៍​ចំពោះ​ទស្សនៈ​របស់​លោក​កែម ឡី ផងដែរ​។ លោក​យឹម សុវណ្ណ ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះថា គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុក​ឆន្ទៈ​រាស្ត្រ​ជា​មូលដ្ឋាន ក្នុង​ការដោះស្រាយ​បញ្ហា ហើយ​ជម្រើស​នៃ​ការផ្លាស់ប្តូរ​អាស្រ័យទៅលើ​ការចង់បាន​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ លោក​យឹម សុវណ្ណ អះអាងថា ទ្រឹស្តី​របស់​លោក​កែម ឡី មើល​ទៅ​ដូច​ជា​មិន​ខុស​ពី​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​នោះ​ទេ​។​

​សំឡេង​លោក​យឹម សុវណ្ណ​៖

 

​សូមជម្រាបថា លោក​កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍ និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម កន្លងមក​តែងតែ​ផ្តល់​ជា​យុទ្ធសាស្ត្រ ឬ​ទស្សនៈ​ផ្សេងៗ​គ្នា ដល់​រដ្ឋាភិបាល គណបក្សប្រឆាំង និង​ក្រសួង​នានា ដើម្បី​ធ្វើ​ការកែប្រែ​នៅក្នុង​ស្ថាប័ន​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ យុទ្ធសាស្ត្រ ឬ​ទស្សនៈ​នោះ គេ​សង្កេតឃើញ​លោក​កែម ឡី លើកឡើង​នៅ​ពេល​ដែល​លោក​ចូលរួម​ក្នុង​កម្មវិធី​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​នានា ឬ​នៅ​លើ​គេហទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក​៕

ព័ត៌មានផ្សេងទៀត