លោក នេ​ត សាវឿន​​៖​​នគរបាល​​ធ្វើការ​​​យក​មុខ​មាត់ពេក​ នាំឲ្យ​​ការងារ​​បរាជ័យ​​ក្នុង​ការ​បង្ក្រា​ប​​ចោរប្លន់​​

06-04-2016 1:13 pm 1367

​អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បាន​ស្នើ​ឲ្យ​កងកម្លាំង​នគរបាល​ថ្នាក់ក្រោម​របស់​ខ្លួន សុំ​កុំ​ចង់​ធ្វើ​តួឯក ធ្វើ​ការងារ​យក​មុខមាត់ លើ​ករណី​តាម​បង្ក្រាប​ចោរ​ឆក់ លួច ប្លន់​ប្រដាប់អាវុធ ដែល​បញ្ហា​នេះ​ជា​អំពើ​មួយ​ធ្វើឲ្យ​ការបង្ក្រាប​បទល្មើស​ចោរប្លន់ មិន​មាន​ប្រសិទ្ធភាព​។

 

ការ​ថ្លែង​របស់លោក នេ​ត សាវឿន យ៉ាង​ដូច្នេះ បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សភាពការណ៍ និង​លទ្ធផល​ប្រតិបត្តិ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦​។

 

​មូលហេតុ​ដែល​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ស្នើឲ្យ​កងកម្លាំង​នគរបាល​ថ្នាក់​ក្រោមរ​បស់​ខ្លួន សុំ​កុំ​ចង់​ធ្វើ​តួឯក ធ្វើ​ការងារ​យក​មុខមាត់​នេះ ដោយ​លោក​ពន្យល់​ថា ការបង្ក្រាប​បទ​ល្មើស​​ចោរប្លន់ មិនមែន​ធ្វើ​តែ​ម្នាក់ឯង​បាន​នោះទេ ពោល​គឺ​ត្រូវ​ទាមទារ​ឲ្យមាន​ការសហការ​គ្នា​រវាង​កងកម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ និង​ត្រូវ​ចេះ​រាយការណ៍​ផ្តល់​ព័ត៌មាន​ទាន់​ពេលវេលា​ទៅ​បណ្តា​​ស្នងការ​ខេត្ត​-​រាជធានី​នានា​ទៀត​ដែល​ក្រុមចោរ​រត់​ចូល​ទៅ​។​

 

​បើ​តាម​លោក នេ​ត សាវឿន បាន​បន្តថា ការ​មាន​ជំងឺ​យក​មុខមាត់ ចង់​ធ្វើ​តួឯក ជា​ការងារ​ដែល​នាំឲ្យ​មាន​ភាព​បរាជ័យ​ក្នុង​បង្ក្រា​ប​បទល្មើស​ចោរប្លន់ ហើយ​មុខសញ្ញា​ចោរ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ស្នងការ​ត្រូវ​កំណត់​អត្តសញ្ញាណ​ស្រាវជ្រាវ ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​តាម​ឃាត់​ខ្លួន​ឲ្យបាន​។​

 

​គួរបញ្ជាក់​ថា បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​ចុះផ្សាយ​ដោយ អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ ៣១០​ករណី កើនឡើង​២១​លើក​។ ក្នុងចំណោម​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង ៥៩​ករណី ថយ​៨​ករណី ក្នុងនោះ​ករណី​ចោរប្លន់​ប្រដាប់អាវុធ បង្ក្រាបបាន​៥​លើក កើនឡើង​២​លើក និង​ប្លន់​ដោយ​មធ្យោ​បាយ​ផ្សេងៗ​ទៀត​ចំនួន​១១ លើក៕

ព័ត៌មានផ្សេងទៀត