បញ្ហា​អ្វីខ្លះ​​ដែល​មី​យ៉ាន់​ម៉ា​​ត្រូវ​ដោះស្រាយ​​ក្រោយ​ប្រធានាធិបតី​ថ្មី​​ចូលកាន់​​តំណែង​?

05-04-2016 5:42 pm 1619
លោកស្រីស៊ូជី(ឆ្វេង)និងលោកប្រធានាធិបតីធីន ចរ(ស្ដាំ)

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង ដោយ​កិច្ចពិភាក្សា​និយាយ​ពី​ដំណើរការ​ធ្វើ​កំណែ​ទម្រ​ង់ និង​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាប់ ក្រោយពេល​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​ចូលកាន់​តំណែង​។​មី​យ៉ាន់​ម៉ា​បានជ្រើសរើស​ប្រធានាធិបតី​កើតចេញពី​ការបោះឆ្នោត ក្រោយពេល​គណបក្ស​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​។​តួនាទី​ដឹកនាំ​រដ្ឋាភិបាល​របស់រ​បប​យោធា​ក៏​ត្រូវ​ផ្លាស់ប្ដូរ ប៉ុន្ដែ​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​របប​យោធា​មិនទាន់​បាន​ដោះស្រាយ​រួច​។​តើ​អ្វី​ជា​រឿង​ចម្បង​សម្រាប់​រដ្ឋាភិបាល​ថ្មី​និង​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​ដោះស្រាយ​?​ចំពោះ​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​វិញ ត្រូវ​ទទួល​តំណែង​អ្វីខ្លះ​ក្នុង​ជួរ​រដ្ឋាភិបាល​?


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​កិច្ចសន្ទនា​ទាំងស្រុង​ដូច​តទៅ​៖


​សំឡេង​៖

 

បញ្ហា​ដែល​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​


​ចាប់អារម្មណ៍​បន្ដិច​ពី​ការវិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា ឬ​ក៏​យើង​ស្គាល់​ពី​មុន​ថា​ភូមា​។​មី​យ៉ាន់​ម៉ា​បាន់ចាប់ផ្ដើម​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី ឲ្យ​អន្ដរជាតិ​មើលឃើញ​សម្រស់​ដ៏​ផូរផង់​របស់ខ្លួន ចាប់តាំងពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០៨​វិច្ឆិកា​ឆ្នាំ​២០១៥​។​ការបង្ហាញ​ពី​សម្រស់​យើង​ចង់​សម្ដៅថា ពី​មុន​ឡើយ​មី​យ៉ាន់​ម៉ា​បាន​រស់នៅ​ក្នុង​របប​យោធា​ជាច្រើន​ទសវត្សរ៍ ប្រៀប​ដូច​ជា​មុខមាត់​មី​យ៉ាន់​ម៉ា​ត្រូវ​បាំងបិទ​ជិត​ដោយ​ផ្ទាំង​ខ្មៅ​ងងឹត​។​អន្ដរជាតិ​រួមទាំង​ប្រជាជន​មី​យ៉ាន់​ម៉ា​មួយចំនួន​ផង ស្អប់ខ្ពើម​របប​យោធា​ជាង​ស្អី​ទៅទៀត ប៉ុន្ដែ​ដោយសារ​ឥទ្ធិពល​នៃ​អំណាច ធ្វើឲ្យ​ប្រជាជនមី​យ៉ាន់​ម៉ា​ខ្លាចរ​អាមិន​ហ៊ាន​រើ​បម្រាស់​ឡើយ​។​ស្ថិតក្រោម​អំណាច​ផ្ដាច់ការ​របស់​យោធា ប្រជាជន​ត្រូវ​រឹត​ដ្បិត​សិទ្ធិសេរីភាព និង​រង​ការគាបសង្កត់​យ៉ាងខ្លាំង​។​


​ប៉ុន្ដែ​ក្រោយ​មាន​ការតស៊ូ​រើ​បម្រាស់​របស់​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី ដែល​ជា​មេ​បក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា​ឈ្មោះថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ទីបំផុត​មី​យ៉ាន់​ម៉ា​បាន​ស្គាល់​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្ដិធម៌​។​មិនតែប៉ុណ្ណោះ គណបក្ស​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី ថែម​ទាំង​ឈ្នះ​ការបោះឆ្នោត​ទៀត ធ្វើឲ្យ​មី​យ៉ាន់​ម៉ាត្រូវ​លទ្ធិប្រជាធិបតេយ្យ​ចូល​មក​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​បន្ដិច​ម្ដងៗ​។​អន្ដរជាតិ​បាន​អបអរសាទរ​យ៉ាងខ្លាំង ចំពោះ​ការផ្លាស់ប្ដូរ​ដោយ​សន្ដិភាព​មិន​នឹកស្មាន​ដល់ មាន​វត្ដ​មាន​លើ​ទឹកដី​មី​យ៉ាន់​ម៉ា​។​


​ការបោះឆ្នោត​បាន​បញ្ចប់ មី​យ៉ាន់​ម៉ា​បាន​បន្ដ​ជំហាន​បន្ទាប់​របស់ខ្លួន គឺ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ហើយ​ជា​លទ្ធផល​តំណែង​ប្រធានាធិបតី​ត្រូវបាន​ទៅ​លើ​លោក​Htin Kyaw ជា​តំណាង​មកពី​គណបក្ស​លោកស្រី​ស៊ូ​ជី ហើយក៏​ជា​មិត្ដភក្ដិ​ជិតស្និទ្ធ​របស់​លោកស្រី​ស៊ូ​ជី​ដែរ​។​លោក Htin Kyaw បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ទី​៣០​មីនា ហើយ​លោក​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០១​មេសា បន្ទាប់​ពី​ប្រធានាធិបតី​ថេន សេន​បាន​ផ្ទេរ​អំណាច​រួច​។​ត្រង់នេះ​ហើយ​យើង​អាចនិយាយបាន​ថា ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មិន​សរសើរ​មិនបាន ដែល​មី​យ៉ាន់​ម៉ា​អាច​កែប្រែ​ប្រវត្ដិសាស្ដ្រ​ខ្លួន​។​


​វិល​មក​និយាយ​ពី​បញ្ហា​ចម្បង ដែល​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​និង​ធ្វើ​កំណែទម្រង់​បន្ទាប់​ទៀត​។​យើង​បានដឹង​ហើយ​ថា មី​យ៉ាន់​ម៉ា​ធ្លាប់​រស់​ក្រោម​របប​ផ្ដាច់ការ​យោធា ហេតុ​នេះ​សំខាន់​ជាងគេ​គឺ​ការធ្វើកំណែទម្រង់​ប្រទេស ងាក​ចេញពី​ការគ្រប់គ្រង​ដោយ​របប​យោធា វិល​ទៅ​រក​ការគ្រប់គ្រង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​វិញ​។​ចំណុច​នេះ មី​យ៉ាន់​ម៉ា​កំពុង​ធ្វើ​ជា​បណ្ដើរៗ​ហើយ​។​បញ្ហា​មួយទៀត មី​យ៉ាន់​ម៉ា​មាន​ក្រុម​ឧទ្ទាម​ជា​ច្រើន​ក្រុម ដែល​ពីមុន​ធ្លាប់បាន​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​នៃ​របប​យោធា រហូតដល់​បច្ចុប្បន្ន​ប​ទ​ឈប់​បាញ់​មិនទាន់​លេច​រូបរាង​ទេ ព្រោះ​ក្នុងចំណោម​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ប្រមាណ​១៥​ក្រុម មាន​ជិត​ពាក់កណ្ដាល​មិន​ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ដិភាព​។​


​ដូច្នេះ​រដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត ត្រូវ​បន្ដ​រក​ដំណោះស្រាយ​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច ដើម្បី​ឲ្យ​ពួកគេ​ឯកភាព​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ដិភាព ស្វែងរក​ភាពសុខសាន្ដ បញ្ចប់​ការប្រយុទ្ធ​គ្នា រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ទើប​ប្រទេស​មី​យ៉ាន់​ម៉ា​អាច​អភិវឌ្ឍ​ទៅ​មុខ​បាន​លឿន​។​រឿង​មួយ​ទៀត នៅ​មាន​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា កំពុង​ត្រូវ​រង​ការធ្វើ​ទុក​បុក​ម្និញ​យ៉ាង​សាហាវឃោឃៅ​ពី​សំណាក់​កងទ័ព​។​នេះ​ក៏​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ ព្រោះ​បញ្ហា​រំលោភ​សិទ្ធិ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា បាន​ល្បីល្បាញ​ដល់​អន្ដរជាតិ​តាំងពី​របប​យោធា​នៅ​កាន់អំណាច​ម្ល៉េះ​។​កាលណោះ​ក៏​មាន​ការអំពាវនាវ​ឲ្យ​ដោះស្រាយ​ដែរ​តែ​គ្មាន​ប្រសិទ្ធភាព​។​


​ក្រៅពី​ការធ្វើកំណែទម្រង់​របប​គ្រប់គ្រង​ប្រទេស ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច ការលុបបំបាត់​ការរំលោភ​សិទ្ធិមនុស្ស​ពិសេស​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា អ្វី​ដែល​រដ្ឋាភិបាល​ថ្មី​មិន​អាច​មើល​រំលង​បាន គឺ​ការ​ស្វះស្វែង​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ជាតិ​។​មី​យ៉ាន់​ម៉ា​ត្រូវតែ​បើកទ្វារ​ស្វាគមន៍​ដល់​អ្នក​វិនិយោគ​ជាតិ អន្ដរជាតិ ហើយ​ក៏​ត្រូវ​ស្វែងរក​ទីផ្សារ​លើ​ឆាក​អន្ដរជាតិ ព្រមទាំង​បន្ដ​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ​ជំនួញ​ដែល​មាន​ស្រាប់ ក្នុងន័យ​ពង្រឹង​វិស័យសេដ្ឋកិច្ច​។​បើ​វិស័យ​សេដ្ឋកិច្ច​រីកចម្រើន​ហើយ វា​ជា​ក្ដាសំខាន់​មួយ​ទៀត​រុញ​មី​យ៉ាន់​ម៉ា​ទៅរក​ភាពល្បីល្បាញ​កាន់តែខ្លាំង​។​នៅ​មាន​រឿង​សំខាន់ៗ​ជាច្រើន​ទៀត ដែល​មី​យ៉ាន់​ម៉ា​ត្រូវ​ចាប់ផ្ដើម​ធ្វើ​កំណែទម្រង់ និង​ដោះស្រាយ ប៉ុន្ដែ​អ្វី​ដែល​លើកឡើង​ខាងលើ​គឺជា​បញ្ហា​បន្ទាន់​។​


​តំណែងលោកស្រីអ៊ុងសានស៊ូជីក្នុងជួររដ្ឋាភិបាល


​ចំពោះ​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​អង្គុយ​លើ​កៅអី​ប្រធានាធិបតី​ដោយសារ​រដ្ឋធម្មនុញ្ញ​ហាមឃាត់ លោកស្រី​ពិតជា​ត្រូវ​គេ​ផ្ដល់​តំណែង​ជា​រដ្ឋមន្ដ្រី​ដល់​ទៅ​បួន​ក្រសួង​មែន គឺ​នៅ​ក្រសួង​ថាមពល ក្រសួង​អប់រំ ក្រសួងការបរទេស និង​នៅ​ការិយាល័យ​ប្រធានាធិបតី​។​ប៉ុន្ដែ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ លោកស្រី​បាន​សម្រេច​បោះបង់​ចោល​តំណែង​រដ្ឋមន្ដ្រី​នៅ​ក្រសួង​ចំនួន​ពីរ​ទៅ​ហើយ ហើយ​ងាក​មក​ធ្វើ​ជា​អ្នកនាំពាក្យ​ឲ្យ​ប្រធានាធិបតីវិញ​។​លើសពីនេះទៅទៀត ក៏​មាន​ការស្នើសុំ​ឲ្យ​សភា​អនុម័ត​តួនាទី​របស់​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​មួយទៀត គឺ​ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋ មាន​ឋានៈ​ស្នើ​នាយករដ្ឋមន្ដ្រី​ឯណោះ​។​តែ​តំណែង​ថ្មី​ក៏​មាន​ការជំទាស់​ពី​សមាជិក​សភា មក​ពី​អតីត​បក្ស​កាន់​អំណាច​និង​សមាជិកសភា​មក​ពី​ជួរ​កងទ័ព​ដែរ​។​


​ជារួម​ទៅ​បច្ចុប្បន្ន​អ្វី​ដែល​ប្រាកដប្រជា​សម្រាប់​លោកស្រី​ស៊ូ​ជី គឺ​លោកស្រី​ចាប់អារម្មណ៍​តំណែង​ជា​អ្នកនាំពាក្យ​ប្រធានាធិបតី ហើយ​មួយទៀត​គឺជា​រដ្ឋមន្ដ្រី​ការបរទេស​មី​យ៉ាន់​ម៉ា ប៉ុន្ដែ​តំណែង​រដ្ឋមន្ដ្រី​ការបរទេស​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិចារណា​នៅឡើយ​។​


​ហេតុអ្វី​​លោក​ស្រី​ស៊ូ​ជី​ត្រូវ​ផ្ដល់​តំណែងឲ្យធ្វើ​ជា​រដ្ឋមន្ដ្រី​ដល់ទៅ​បួន​ក្រសួង​?


​យើង​មិន​បានដឹង​ពី​មូលហេតុ​ស្នូល​ថា​ហេតុ​អ្វី​ទេ ប៉ុន្ដែ​យើង​អាចសន្និដ្ឋាន​ទាំងអស់គ្នា​ថា ការផ្ដល់​មុខតំណែង​ជាច្រើន​ដល់​លោកស្រី​ស៊ូ​ជី ទំនងជា​ចង់​លួងលោម​លោកស្រី កុំឲ្យ​អាក់អន់​ស្រពន់ចិត្ដ ដែល​មិន​បាន​ទទួល​តំណែង​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​។​មី​យ៉ាន់​ម៉ា​អាចមាន​ថ្ងៃនេះ ក៏​ដោយសារ​ស្នាដៃ​លោកស្រី​ដែរ គឺ​លោកស្រី​បាន​តស៊ូ​ជាមួយ​សមាជិក​បក្ស​ខ្លួន រហូត​ត្រូវ​របប​យោធា​ឃុំខ្លួន​លោកស្រី​ក្នុង​ផ្ទះ​ជាង​១០​ឆ្នាំ​ទៀត​។​នេះ​ជា​ទង្វើ​គួរ​ឲ្យ​ស្ញប់ស្ញែង​មិន​ធ្លាប់​មាន​វីរជន​មី​យ៉ាន់​ម៉ា​ណាមួយ​ធ្វើ​បាន​ឡើយ​។​ដូច្នេះ​គួរ​ណាស់​តែ​ផ្ដល់​តំណែង​ក្នុង​រដ្ឋាភិបាល​ជាទី​គាប់ចិត្ដ​ដល់​លោកស្រី​៕

ព័ត៌មានផ្សេងទៀត