ភាពចាំបាច់​៥​ចំណុច ទើប​ធ្វើឲ្យ​សម្តេច​ហ៊ុន សែន សម្រេច​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​

04-04-2016 5:30 pm 2526

​ការផ្លាស់ប្តូរ​សមាជិក​គណៈរដ្ឋមន្ត្រី ត្រូវបាន​រដ្ឋសភា បោះឆ្នោត​គាំទ្រ​ហើយ នៅ​ថ្ងៃ​ទី​០៤ មេសា ក្នុង​សម័យចប្រជុំពេញអង្គ​រដ្ឋសភា​។ ជា​លទ្ធផល សភា​បាន​សម្រេច​បោះឆ្នោត​គាំទ្រ ៧០ លើ​១០៧​សំឡេង ក្នុង​នោះ​មិន​គាំទ្រ​២៤​សំឡេង និង​អនុប្បវាទ​១៣​សំឡេង​។ ការបោះ​ឆ្នោត​ នា​ព្រឹក​មិញ​នេះ ក៏​មាន​វត្តមាន​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ផងដែរ​។​

​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​សមាជិក​គណៈរដ្ឋមន្ត្រី របស់​រដ្ឋាភិបាល លើកដំបូង នៅ​ពាក់កណ្តាល​អាណត្តិ​របស់​ខ្លួន​នេះ ធ្លាប់​ទទួលរង​ការរិះគន់ ពី​សំណាក់ គណបក្សប្រឆាំង អ្នកវិភាគ ក៏​ដូចជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម មួយចំនួន​។ រិះគន់​ដោយសារតែ ការផ្លាស់ប្តូរ​នេះ គឺ​គ្រាន់តែ​ជា​ការប្តូរ​រដ្ឋមន្ត្រី​ពី​ស្ថាប័ន​មួយ ទៅ​ស្ថាប័ន​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ មិនមែន​ជា​ការរុះរើ ដាក់​រដ្ឋមន្ត្រី​ថ្មី ភាគច្រើន​នោះ​ឡើយ​។ ម្យ៉ាងវិញទៀត ការផ្លាស់ប្តូរ គឺ​រឹតតែ​បង្កើន​សមាជិក​គណៈរដ្ឋមន្ត្រី ខណៈ​ដែល​បច្ចុប្បន្ន រដ្ឋាភិបាល ត្រូវបាន​មន្ត្រី​គណបក្សប្រឆាំង​ហៅថា “​រដ្ឋាភិបាល​ក្បាល​ធំ​”​។ នេះ​ជា​ការលើកឡើង​ពី​លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

សំឡេង​លោក​អេង ឆៃអ៊ាង​

​លោក​អ៊ូ វីរៈ អ្នកតាមដាន​ស្ថានការណ៍​សង្គម ធ្លាប់​បានបញ្ជាក់ នៅក្នុង​កម្មវិធី​វេទិកា សង្គម និង​នយោបាយ របស់​វិទ្យុ​វា​យោ ដោយ​បាន​លើកឡើង​ថា ការផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នាពេលនេះ មិនមែន​ជា​កំណែទម្រង់ ដែល​មាន​ប្រសិទ្ធភាព​នោះទេ ចំណុច​អវិជ្ជមាន ច្រើន​ជាង​វិជ្ជមាន​។ សូម​ស្តាប់​ការបញ្ជាក់​របស់លោក​អ៊ូ វីរៈ​....៖

សំឡេង​លោក​អ៊ូ វីរៈ​

​យ៉ាងណាក៏ដោយ បើ​តាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចប្រជុំ​សភា នា​ថ្ងៃ​ទី​០៤ មេសា សម្តេច​បាន​អះអាង​ថា ការរុះរើ​គណៈរដ្ឋមន្ត្រី ធ្វើឡើង​ដោយ​ទៅ​លើ​ភាពចាំបាច់​ចំនួន​៥៖

១. ភាពចាំបាច់​ក្នុង​ការបញ្ចប់ ឬ​ផ្លាស់ប្តូរ​មុខងារ​សមាជិក មួយចំនួន នៃ​រាជរដ្ឋាភិបាល​ស្រម​តាម​សំណូមពរ របស់​សាមី​ឥស្សរជន​។​

២. ភាពចាំបាច់​ក្នុង​ការផ្តល់​មុខងារ និង ភារកិច្ច​បន្ថែម ដល់​សមាជិក​មួយចំនួន នៃ​រាជរដ្ឋាភិបាល​។​

៣. ភាពចាំបាច់ នៃ​ការកែសម្រួល និង​ប្តូរ​សមាជិក​មួយចំនួន នៃ​រាជរដ្ឋាភិបាល ឲ្យទៅ​ទទួល​បន្ទុក​ការងារ​នៅ​ក្រសួង​ស្ថាប័ន ដែល​ស័ក្តិសម និង​បទពិសោធន៍​ការងារ របស់​សាមី​ឥស្សរជន​នីមួយៗ​។​

៤. ភាពចាំបាច់​ក្នុង​ការប្រមូល​រក្សា និង ប្រើប្រាស់​ឲ្យអស់​លទ្ធភាព និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ធនធាន​បញ្ញាញាណ របស់​មន្ត្រី​សំខាន់ៗ​មួយចំនួន ដែល​មាន​បទពិសោធន៍​ការងារ​យូរ​ឆ្នាំ នៅ ក្នុង​ជួរ​រដ្ឋបាល​សាធារណៈ ហើយ​និង​មាន​សុខភាព​ល្អ​មាំមួន ដែល​អាច​បន្ត ជួយ​ការងារ​រាជរដ្ឋាភិបាល​បាន​។​

៥. ភាពចាំបាច់​ក្នុង​ការប្រគល់​តំណែង និង​ភារកិច្ច​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល ដែល​មន្ត្រី​វ័យក្មេង​មួយចំនួន ដែល​មាន​សមត្ថភាព​ខ្ពស់ និង​មានគុណ​វ​ឌ្ឍ​ល្អ​ស័ក្តិសម​។​
​សូមបញ្ជាក់​ថា សមាសភាព​រដ្ឋមន្ត្រី ដែល​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សម្រេច​ស្នើ ផ្លាស់ប្តូរ​នេះ​រួមមាន​៖

- លោក​ហោ ណាំ ហុង ត្រូវបាន​ផ្លាស់​ចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​ក្រសួងការបរទេស ដាក់ជំនួស ដោយ​ប្រាក់ សុខុន មកពី​ក្រសួង​ប្រៃ​សេនីយ៍ និង​ទូរគមនាគមន៍​

- លោក​អ៉ឹម ឈុនលឹម ត្រូវបាន​ផ្លាស់​ចេញ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដាក់​ជំនួស​ដោយ​លោក ជា សុផារ៉ា មកពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​

- លោក ស៊ុន ចាន់ថុល ត្រូវបាន​ប្តូរ​ពី​ក្រសួង​ពាណិជ្ជកម្ម ទៅ​កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

- លោក អ៊ុក រ៉ាប៊ុន ត្រូវបាន​ប្តូរ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទៅ​កាន់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

- លោក ត្រាំ អ៉ីវតឹក ត្រូវបាន​ប្តូរ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅ​កាន់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​

- លោក​មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ ត្រូវបាន​ផ្លាស់​ចេញ ដាក់​ជំនួស​ដោយ លោក ហឹម ឆែម​

- លោក ប៉ាន សូរ​ស័ក្តិ ត្រូវបាន​តម្លើង​ពី​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក វេង សាខុន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​។​

​គួរកត់សម្គាល់​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើការ​រុះរើ​នៅ​មន្ត្រី​របស់​ខ្លួន ដើម្បី​ឲ្យស្រប​តាម​ការកែទម្រង់​ស៊ីជ​ម្រៅ ដែល​ចំណុច​សំខាន់បំផុត​សម្រាប់​គណបក្ស​មួយ​នេះ​។ កន្លងមក​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​បញ្ជា​ដល់​មន្ត្រី​របស់​ខ្លួន​ត្រូវ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល និង​ព្យាបាល ដើម្បី​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ និងត្រូ​ខិតខំ​ប្រឹងប្រែង បម្រើ​ពលរដ្ឋ​ឲ្យបាន​ល្អ​និង​មាន​ប្រសិទ្ធភាព​គឺជា​រឿង​គួរ​ឲ្យ​លើកទឹកចិត្ត​៕​ដោយៈ​សៅ វិសាល​

 

 


ព័ត៌មានផ្សេងទៀត