រូប​បដិមា​ព្រះ​សិរ្ស ព្រះព្រហ្ម​ត្រូវបាន​ប្រគល់ជូន​សារមន្ទីរ​ជាតិ​កម្ពុជា​ក្រោយ​ជនខិលខូច​បាន​លួច​យក​ទៅ​លក់​

30-03-2016 5:09 pm 2032

​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ​២០១៦ មាន​ប្រារព្ធ​ពិធី​ប្រគល់ និង​ទទួល ព្រះ​សិរ្ស​នៃ​ព្រះ​បដិមា ព្រះព្រហ្ម​ជូន​ដល់​សារៈមន្ទីរ​ជាតិ​កម្ពុជា រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក្រោម​អធិបតីភាព លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​សារមន្ទី​ជាតិ​កម្ពុជា​។​

 

នៅ​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​លើកឡើង​ថា រូប​ព្រះ​សិរ្ស​ទាំងពីរ​នេះ ធ្វើ​ពី​ថ្ម​ភក់ នៅ​សតវត្ស​ទី​១០​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤(៩២១-៩៤១ គ​.​ស​) ដែល​មាន​ទំហំ​ខុសៗ​គ្នា គឺ​ព្រះ​សិរ្ស​ទី​១ មាន​ទំហំ ៤៧x៧៥x១១២ សង់ទីម៉ែត្រ និង​ព្រះ​សិរ្ស​ទី​២ មាន​ទំហំ ៥២x៤៧x១១០ សង់ទីម៉ែត្រ​។​ព្រះ​សិរ្ស​ទាំងពីរ​នេះ​ត្រូវបាន​ជន​ខិលខូច លួច​ចេញពី​ប្រាសាទ​ណាមួយ នៃ​ក្រុម​ប្រាសាទកោះកេរ្តិ៍ ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​កើតមាន​នូវ​សង្គ្រាម​ស៊ីវិល នា​ទសវត្ស​ឆ្នាំ​១៩៧០ ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​ដាក់តាំង​លក់​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។​

 

​បន្ទាប់មក​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​បារាំង​បាន​ស្រាវជ្រាវ និង​បាន​ដឹង​នូវ​អង្គហេតុ​ថ្មី​ស្តីពី​ប្រភព​របស់​រូប​បដិមា ក៏​បាន​ខិតខំ​ទាមទារ​តាមច្បាប់​ទៅ​តុលាការ​បារាំង ដោយ​ទទួលបាន​មកវិញ​នៅ​ឆ្នាំ ១៩៩៤ ហើយ​បាន​យក​មក​រក្សាទុក​នៅ​និវេសនដ្ឋាន នៃ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​បារាំង រហូតមក មុន​ពេល​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​។​

 

​លោកស្រី​ក៏​បាន​លើកឡើង​បន្តទៀតថា ថ្វី​ត្បិត​តែ​ព្រះ​សិរ្ស​ទាំងពីរ ពុំទាន់​មាន​ប្រភព​ព័ត៌មាន​អំពី​ដងខ្លួន​ថា​នៅ​ទី​ណាក៏ដោយ ក៏​ការវិលត្រឡប់ មកកាន់​ទឹកដី​កំណើត​វិញ​គឺ​បាន​បង្ហាញ​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៃ​ការជួបជុំ​គ្នា​នៃ​រូប​បដិមា​ផ្សេងៗ​មក​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ្តិ៍​...

 

​សំឡេង​លោកស្រី ភឿង សកុណា​៖

 

​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល ព្រះ​សិរ្ស​នៃ​ព្រះ​បដិមា ព្រះព្រហ្ម​ជូន​ដល់​សារៈមន្ទីរ​ជាតិ​កម្ពុជា នា​ឱកាស​នោះ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​រំលឹក​អំពី​ប្រវត្តិ​នៃ​ការ​ទាមទារ​យក​វត្ថុ​បុរាណ​ទាំងពីរ​នេះ​ថា “​នៅពេលដែល​ខ្ញុំ​ទៅធ្វើជា​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង មាន​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង​បាន​ប្រាប់ថា បាន​ប្រទះឃើញ​ព្រះ​សិរ្ស​ចំនួន​ពីរ​ដាក់តាំង​លក់​នៅ​ក្នុង​តម្លៃ​១​លាន​ដុល្លារ​អាមេរិក ខ្ញុំ​បាន​ប្តឹង​ទៅ​នគរបាល​ប្រឆាំង​ការជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង ក្រោយមក​នគរបាល​បារាំង​បាន​ធ្វើការ​ស៊ើបអង្កេត​អំពី​ការលក់​ព្រះ​សិរ្ស​នេះ ហើយ​បាន​សម្រេច​បញ្ជូន​ព័ត៌មាន និង​វត្ថុ​បុរាណ​ទាំងពីរ​នោះ ទៅកាន់​តុលាការ​បារាំង​ដើម្បី​វាយតម្លៃ​”​។​

 

លោក ហោ ណាំហុង​ក៏​បាន​បន្តទៀតថា​”​រូប​ខ្ញុំ​ក៏​ធ្លាប់ធ្វើ​ជា​សមាជិក​មួយ​រូប​របស់​គណៈប្រតិភូ រដ្ឋ​កម្ពុជា ក្នុង​ដំណើរ​ចរចារ​នេះ​ខ្ញុំ​ក៏​បាន​ស្គាល់​លោកស្រី Pelligrini ហើយ​បាន​ស្នើរ​ឲ្យ​លោកស្រី​ជួយ​ក្នុង​រឿងក្តី​នេះ ហើយ​លោក​ស្រី​ក៏បាន កាត់​ឲ្យ​ប្រគល់​វត្ថុ​បុរាណ​ទាំងពីរ​នេះ​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ ១៩៩៤​ហើយ​ខ្ញុំ​បាន​ទទួល​វត្ថុ​បុរាណ​ទាំងពីរ​នេះ​មក​រក្សាទុក​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស​”...

 

​សំឡេង​លោក ហោ ណាំហុង​៖

 

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រៅពី​ព្រះ​សិរ្ស​ទាំងពីរ​នេះ លោក ហោ ណាំហុង ក៏​បាន​ធ្វើ​ការតវ៉ា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់​ទាមទារ​បាន​វត្ថុ​បុរាណ​ចំនួន​ពីរ​ផ្សេងទៀត ដែល​ជា​ចម្លាក់​ទេព​អប្សរា ក្នុង​រចនាបថ​បាយ័ន​នា​ចុង​សតវត្ស​ទី​១២ និង​ទី​១៣ នៃ​គ​.​ស ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រក្សាទុក​នៅ​និវេសនដ្ឋាន​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​៕  

ព័ត៌មានផ្សេងទៀត