ចិញ្ចើម​ផ្លូវ​ក្លាយជា​ឆាក​ចម្រៀង​សម្រាប់​ជនពិការ​នៅ​តាម​ដងផ្លូវ​

29-03-2016 8:29 am 2721


​ពេល​ធ្វើដំណើរ​ក្នុង​ទីក្រុង​​ភ្នំពេញ គេ​តែង​សង្កេត​ឃើញ​ក្រុម​តន្ត្រី​នៅ​តាម​​ដងផ្លូវ ឫ​ស្ដុប​មួយ​ចំនួន ខណៈពេល​ដែល​ចរាចរណ៍​​កំពុង​មមាញឹក​​ទៅមក​។ តន្ត្រី​ទាំងនោះ​​មិនមែន​សម្ដែង​​ដោយ​ក្រុម​សិល្បះករ​​ល្បីៗ​ដែល​​ធ្លាប់​លេចមុខ​តាម​កញ្ចក់​​ទូរទស្សន៍ ឫ​ឆាក​ប្រគុំ​​តន្ត្រី​ធំ​ធំ​​ឡើយ​។ ពួកគេ​ទាំងនោះ​ជា​​ក្រុម​ជនពិការ ដែល​​ព្យាយាម​​ស្រែក​ច្រៀង និង​ប្រគុំ​តន្ត្រី​​ក្រោម​កំដៅ​​ថ្ងៃ និង​​ដី​ហុយ ដើម្បី​ទទួលបាន​​ប្រាក់​មូលនិធិ ពី​ប្រជាពល​រដ្ឋ​ដែល ធ្វើដំណើរ​​តាម​ផ្លូវ ដែល​មាន​​ចិត្ត​អាណិត​អាសូរ ដល់​ជន​​ដែល​បាត់​បង់​ផ្នែក​ខ្លះ​​នៃ​កាយសម្បទារ​​របស់ខ្លួន​។​


​សមាគម​ជនពិការ​មួយ ដែល​មានឈ្មោះ​​ថា​សមាគម​អ្នកគាំទ្រ​​ជនពិការ បាន​សម្រេច​​ប្រើ​ដើមទុន​​របស់ខ្លួន ដែលជា​ទឹក​ប្រាក់​របស់​ជន​ពិការ​ជា​សមាជិក ដើម្បី​​ទិញ​​ឧបករណ៍​ភ្លេង សម្រាប់​​ច្រៀង​នៅតាម​​ដងផ្លូវ​។ កំពុង​លេង​ភ្លេង នៅលើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ត្រង់​ចំណុចស្ដុ​ប​ផ្សារ​​ដី​ហុយ ដែល​ទើបនឹង​​ឈូស​ផ្លូវ​ត្រៀម​​និង​ធ្វើ​ជួសជុល បុរស​​ពិការ​ជើង ឈ្មោះ​​ស៊ីវ លុច ដែល​ជា​ប្រធាន​​ប្រតិបត្តិ​សមាគម​​នេះ បាន​លើក​ឡើង​ថា សព្វ​ថ្ងៃ​ក្រុម​​ជនពិការ​​ដែល​ជា​សមាជិក​​របស់លោក រស់នៅ​​ដោយ​សារ​ទឹកប្រាក់​​របស់​សប្បុរសជន​​ដែល​ធ្វើដំណើរ​​តាម​ផ្លូវ​តាម​​រយៈ​ក្រុម​​តន្ត្រី​របស់​លោក​។​


​សំឡេង​លោក​ស៊ីវ លុច​៖

ប្រធាន​សមាគម​អ្នកគាំទ្រ​ជនពិការ​រូបនេះ បាន​បន្តថា ការប្រគុំ​តន្ត្រ​នៅ​តាម​ចញ្ចើមផ្លូវ​នេះ តែង​មាន​ការប៉ះពាល់​ផ្សេងៗ តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ផ្គត់ផ្គង់​ការហូបចុក​ប្រចាំថ្ងៃ​ដែល​នៅ​ខ្វះខាត​ថវិការ​ដើម្បី​ចាយវាយ និង​ដើម្បី​ព្យាបាល​ជម្ងឺ​របស់​ពួកគាត់​។​


​សំឡេង​លោក​ស៊ីវ លុច​៖


​កំពុងកាន់​មេក្រូ​ដើម្បី​ត្រៀម​ច្រៀង ទាំង​ពិការភ្នែក​ទាំង​សងខាង លោក​ធី ចាន់​ថា​ត បាន​លើកឡើង​ថា ការបង្កើត​ក្រុម​តន្ត្រី​នេះ​គឺ ដើម្បី​ឱ្យ​ជនពិការ​មាន​ការងារ​ធ្វើ សម្រាប់​ជួយ​ផ្គត់ផ្គង់ និង​ជួយ​ដល់​ជនពិការ​ផ្សេង​ទៀត​ដែល​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះថា​មាន​ជនពិការ​មួយចំនួន​ត្រូវ​នៅ​ផ្ទះ​ដោយសារ​ច្រៀង​មិនកើត និង​ពិការ​ជើង​។ លោក​ថា ការ​ច្រៀង​នៅតាម​បណ្ដោយ​ផ្លូវ​នេះ​មិន​អាច​ធ្វើឱ្យ​លោក​មាន​ការអៀនខ្មាស់​អ្វី​ឡើយ ព្រោះ​លោក​ធ្លាប់មាន​បទពិសោធន៍​ច្រៀង​នៅតាម​ឆាក​តន្ត្រី​តាម​កម្មវិធី​មួយចំនួន​។​


​សំឡេង​លោក ធី ចាន់​ថា​ត​៖


​មុន​នឹង​ចាប់​អាជីព​ច្រៀង​តាម​ចញ្ចើមផ្លូវ​នេះ​លោកធី ចាន់​ថា​ត ធ្លាប់​ធ្វើ​អ្នក​មាស្សា​នៅ​តាម​ហាង តាម​បណ្ដា​ខេត្ត​ផ្សេងៗ តែ​ដោយ​ទឹកប្រាក់​ចាយ​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​លោក​សម្រេច​បោះបង់​អាជីព​នេះ​។ បុរស​ពិការភ្នែក​រូប​នេះ​បន្តថា សម្រាប់​រូបលោក​ផ្ទាល់​ការ​ច្រៀង​តាមផ្លូវ​នេះ មិន​មាន​ប៉ះពាល់​អ្វី​ដល់​លោក​ឡើយ បើទោះបីជា​មាន​ដី​ហុយ​ក៏ដោយ​។ តែ​ទោះ​យ៉ាងណា ការ​ច្រៀង​របស់លោក មាន​ការប៉ះពាល់​ជា​សំឡេង​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ទាមទារ​ឱ្យ​គាត់ បន្ថយ​សំឡេង​។​


​សំឡេង​លោក ធី ចាន់​ថា​ត​៖


​បើ​ទោះបីជា​ពួក​គាត់​ច្រៀង​នៅតាម​ចញ្ចើមផ្លូវ តែ​ក៏​មាន​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សារ​ធា​រណៈ​ផងដែរ ព្រោះថា​នៅពេល​ដែល​ខ្ញុំ កំពុង​ជួប​សម្ភាស​ជាមួយ​ពួក​គាត់ ត្រូវបាន​ភ្នាក់ងារ​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌ​សែន​សុខ មក​បញ្ឃប់​ការប្រគុំ​តន្ត្រី ដោយ​បិទ​ម៉ាស៊ីនភ្លើង​របស់​ពួកគាត់​។ ថ្ងៃ​ដែល​ខ្ញុំ​បាន​ជួប​ពួក​គាត់​គឺជា​ថ្ងៃ​ចុងក្រោយ​ដែល​ពួកគាត់​ច្រៀង​នៅ​ចំណុចស្ដុ​បផ្សារ​ដី​ហុយ​។​


​ពាក់វែន​តាខ្មៅ ស្លៀកពាក់​ឯកសណ្ឋាន​សណ្ដាប់ធ្នាប់​សាលាក្រុង លោក ហៃ ដា​រ៉ា បាន​លើកឡើង​ថា ការ​ច្រៀង​របស់​ពួកគាត់ គឺ​ប៉ះពាល់​ដល់​ចរាចរណ៍​តាម​ដងផ្លូវ ម្យ៉ាងទៀត​ខ្លាច​អ្នក​បើ​បរ​ប៉ះពារ​ដល់​ពួកគាត់ ព្រោះ​ពួកគាត់​មើល​មិន​ឃើញ​អ្វី​ឡើយ​។ លោក​ថា ការ​ច្រៀង​តាម​ផ្លូវ​នេះ គឺជា​ការ​យក​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម​។


​សំឡេង​លោក ហៃ ដា​រ៉ា​៖


​ថ្មីៗ​នេះ​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​មួយច្បាប់ ស្តីពី​ការដាក់​បញ្ចូល​ការគិតគូរ ដល់​ជនពិការ​ក្នុង​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​។​នៅក្នុង​លិខិត​បាន​ស្នើរ ឲ្យ​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ផ្តល់​នូវ​ភាពងាយស្រួល ដល់​បងប្អូន​ដែល​មាន​ពិការភាព​គ្រប់​ប្រភេទ នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​ដើម្បី​ជួយ​សំរួល ដល់​ពួកគាត់​ក្នុង​ការប្រើប្រាស់​សេវា ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ​ដោយ​ភាពងាយស្រួល  ព្រមទាំង​ស្នើរ​ឲ្យមាន​ការដាក់បញ្ចូល​ការគិ​ត​គូរ ដល់​ជនពិការ​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន រួម​ទាំង​បន្ទប់ទឺក​សម្រាប់​ជនពិការ ស្របតាម​ច្បាប់​ស្តីពី​ជនពិការ និង​ស្តង់ដារ​ជា​សកល សម្រាប់​ជនពិការ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៦​នេះ​តទៅ​៕

(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត