៦ ចំនុចដែល​សម្ដេចហ៊ុន សែន ​​ស្នើសុំពីចិន ​​ក្នុងការអភិវឌ្ឍប្រទេស​​​

23-03-2016 8:02 pm 2663
រូបភាពពីហ្វេ៊សប៊ុក Samdech Hun Sen, Cambodian Prime Minister

 នៅ​រសៀល​ថ្ងៃ​ទី ២៣ មីនា​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន ដើម្បី​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​ក្នុងនាម​ជា​ដៃគូ​យុទ្ឋសាស្ត្រ​។ ក្នុងនោះ សម្តេច ក៏​បាន​ស្នើ​អោយ​ចិន​ជួយ​ពិនិត្យ​និង​សម្រេច​អោយបាន​ឆាប់​លើ​គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ និង​គម្រោង​សាងសង់​មន្ទីរពេទ្យ​ចំនួន​៣​ដែល​ចិន​បាន​សម្រេច​រួច​ហើយ​។


​ក្នុងជំនួប​នោះ សម្តេច ហ៊ុន សែន បាន​ស្នើ​អោយ​ចិន​ជួយ​ក្នុង​ការសាងសង់​ផ្លូវ​រថភ្លើង​លឿន (Express Way) ពី​ភ្នំពេញ​ទៅ​ក្រុង ព្រះសីហនុ និង​ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្ត សៀមរាប​។ ជា​ការឆ្លើយតប​ចិន​បាន​គាំទ្រ​ដល់​សំណើរ​ទាំងអស់ ហើយ​នឹង​ពិនិត្យ លើ​ឯកសារ​អោយបាន​រហ័ស​លើ​គម្រោង​ទាំងអស់ ដើម្បី​ចាប់​ដំណើរការ​សាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ពេញចិត្ត​ចំពោះ​ការជួយ​ជ្រោមជ្រែង​ពី​មិត្ត​ចិន ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើនឡើង​ដល់ ៥០០០​លាន​ដុល្លារ នៅ​ពេល​ដ៏​ខ្លី​។​


​ទន្ទឹម​និង​នោះ សម្តេច បាន​ស្នើ​អោយ​ចិន​ជួយ​ផ្តល់​លទ្ឋភាព​អោយ​បានទូលាយ​ក្នុងការនាំ​ផលិតផល​កសិកម្ម ជាពិសេស​អង្ករ​ពី​កម្ពុជា​មក​ប្រទេស​ចិន​។ ជាមួយគ្នា​នោះ នាយករដ្ឋមន្ត្រី​ចិន Li Keqiang បាន​សន្យា​នឹង​ជួយ​គៀងគរ​ណែនាំ​ជំរុញ​អ្នកវិនិយោគទុន​ចិន​អោយទៅ​បណ្តាក់ទុន​នៅ​កម្ពុជា រួម​ទាំង​ការ​តម្លើង​រោងចក្រ​ប្រកបដោយ​បច្ចេកទេស​ខ្ពស់ ដើម្បី​កម្ពុជា​មាន​លទ្ឋភាព​ផលិត​តាម​ស្តង់ដារ​និង​គុណភាព​អន្តរជាតិ​សម្រាប់​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​។


​ក្រៅ​ពី​សំណើ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​គមនាគមន៍ សម្តេច​តេជោ ក៏​បាន​ស្នើ​អោយ​ភាគី​ចិន  បង្កើន​ការចូលរួម​ជួយ​កម្ពុជា​ក្នុង​ការអភិរក្ស​ថែរក្សា​និង​ជួសជុល​ប្រាសាទព្រះវិហារ​អោយបាន​ល្អ​គង​វង្ស ដែល​ភាគី​ចិន​រីករាយ​ពេញចិត្ត​ក្នុង​ការបន្ត​ជួយ​កម្ពុជា​ជានិច្ច​។​


​ដោយឡែក​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច ហ៊ុន សែន មក​ទស្សនកិច្ច​នៅ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang នឹង​ជម្រាប​ប្រាប់​សម្តេច​អំពី​ពេលវេលា​សមស្រប​នៅក្នុង​ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​ទ្វេភាគី​រវាង កម្ពុជា​ជាមួយ​មិត្ត​ចិន​ថ្ងៃនេះ​គឺ​បាន​ទទួល​នូវ​លទ្ឋផល​វិជ្ជមាន​ជា​ច្រើន ប្រកបដោយ​មិត្តភាព និង​ភាពស្និទ្ឋស្នាល​បំផុត​៕


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត