សម្ដេច​ហ៊ុន សែន​ ដឹកនាំ​ប្រតិភូ​​ចូលរួម​​កិច្ចប្រជុំ​កំពូល ​មេគង្គ​-​ឡាន​ឆាង ​នៅ​ចិន​​

22-03-2016 9:00 am 777

​នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ​២០១៦ នេះ សម្តេច ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ​-​ឡាន​ឆាង នៅ​ទីក្រុង​សាន់​យ៉ា (Sanya) និង​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​នៃ​វេទិកា​បូ​អាវ នៅ​ទីក្រុង​បូ​អាវ (Bo Ao) ខេត្ត​ហៃ​ណាន​ប្រទេស​ចិន រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២២-២៤ មីនា ២០១៦​។


​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​១​នេះ សម្តេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ក្រោម​មូលបទ «​ការចែករំលែក​ទន្លេ​-​ការចែករំលែក​អនាគត​» នឹង​រួមជាមួយ​ប្រមុខ​រដ្ឋាភិបាល​បណ្តា​ប្រទេស​មេគង្គ​និង​ចិន ហើយ​នឹង​អនុម័ត​នូវ​ឯកសារ​ចំនួន​៣​រួមមាន​៖


១- សេចក្តីថ្លែងការណ៍​ទីក្រុង​សាន​យ៉ា (Sanya) នៃ​កិច្ចប្រជុំ​កំពូល សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​១​។​

២- សេចក្តីប្រកាស​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ សមត្ថភាព​ផលិតកម្ម នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។​

៣- គម្រោង​ឆាប់​ទទួលបាន​ផល​ភ្លាមៗ នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​។​


​បន្ទាប់មក នៅ​ថ្ងៃ​ទី ២៤ ខែ មីនា ២០១៦ សម្តេច​តេជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​ពិធី​បើក​វេទិកា​ពេញអង្គ​របស់​សន្និសីទ​ប្រចាំឆ្នាំ​២០១៦ នៃ​វេទិកា​បូ​អាវ (Bo Ao) សម្រាប់​អាស៊ី ក្រោម​មូលបទ «​អនាគត​ថ្មី​របស់​អាស៊ី​»៖ កម្លាំងចលករ​ថ្មី ចក្ខុវិស័យ​ថ្មី​។​


​ក្រៅ​អំពី​ការគ្រោង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង (Li Keqiang )​ក្នុង​នោះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​គ្រោង​នឹង​ជួប​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក អាកា​ឌី ដ្វូ​រ​កូ​វី​ច (Arkady Dvorkovich) នៅ​ទីនោះ​ផងដែរ​៕


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត