អូស្ដ្រាលី​​នឹង​បន្ដ​​បញ្ជូន​​នាវា​​និង​យន្ដហោះ​​ទៅ​ដែន​​ជម្លោះ​​ក្នុង​​សមុទ្រ​ចិន​​ខាងត្បូង​​ដដែល​

22-03-2016 7:48 am 615
​រដ្ឋមន្ដ្រី​ការពារជាតិ​អូស្ដ្រាលី​លោកស្រី​Marise Payne(ឆ្វេង)​និងរដ្ឋមន្ដ្រីការពារជាតិម៉ាឡេស៊ីលោក​Hishammuddin Hussein

​រដ្ឋមន្ដ្រី​ការពារជាតិ​អូស្ដ្រាលី​លោកស្រី​Marise Payne បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង​កង់​បេរ៉ា​នឹងប​ន្ដ​បញ្ជូន​នាវា​និង​យន្ដហោះ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ថែមទៀត ដើម្បី​ធានា​ពី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​សេរីភាព​នៃ​ការហោះហើរ​ក្នុង​ដែន​ជម្លោះ​មួយ​នេះ​។​ក្នុងពេល​បើក​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ម៉ាឡេស៊ី លោកស្រី​រដ្ឋមន្ដ្រី​អូស្ដ្រាលី​បាន​លើកឡើង​ថា “​យើង​មិន​ផ្លាស់ប្ដូរ​គោលជំហរ​របស់​យើង​ទេ ហើយ​យើង​នៅតែ​បន្ដ​បញ្ជូន​នាវា​និង​យន្ដហោះ​របស់​យើង​ទៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ផ្នែក​មួយ​នៃ​ពិភពលោក​។​ការបញ្ជូន​ទៅ​នេះ គឺ​អនុលោម​តាម​ច្បាប់​អន្ដរជាតិ​។​វា​ជា​គោល​ជំហរ​ដែល​យើង​មិន​ផ្លាស់ប្ដូរ​ឡើយ​។​”


​ដោយឡែក​លោក​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​Hishammuddin Hussein​វិញ បាន​និយាយថា លោក​គ្រោង​ជួប​ជាមួយ​ភាគី​វៀតណាម​និង​ហ្វីលីពីន ដើម្បី​ពិភាក្សា​ជុំវិញ​បញ្ហា​បង្កើត​យោធា​នៅ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។​លោក​បន្ដថា ម៉ាឡេស៊ី​មិនអាច​ប្រឈម​នឹង​បញ្ហា​នេះ​តែ​ម្នាក់ឯង​បាន​ទេ ត្រូវតែ​សម្លឹងមើល​ភាព​ស្ថិតស្ថេរ​និង​អ្វី​ជា​ការពិត​។​ប៉ុន្ដែ​ចៀសវាង​ការ​សម្រេចចិត្ដខុស យើង​គួរ​ស្វែករក​ការពិតនិង​ភាពត្រឹមត្រូវ​ជាក់ស្ដែង​។​


​សួ​ម​បញ្ជាក់​ជា​ថ្មី​ថា ដែនសមុទ្រ​ចិន​ខាងត្បូង​គឺជា​ដែនទឹក​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​នេ​។​ប្រទេស​ដែល​ប៉ះពាល់​ខ្លាំងជាងគេ​មាន​ហ្វីលីពីន​និង​វៀតណាម ហើយ​ប្រទេស​ទាំង​ពីរ​ក៏​ចេញ​មុខ​ខ្លាំង​ជាង​គេ​ដែរ ប្រឆាំង​សកម្មភាព​ចិន​ក្នុង​ដែន​ជម្លោះ​។​ចិន​អះអាងថា​ប្រមាណ​៩០​ភាគរយ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង ជា​ដែន​អធិបតេយ្យ​របស់ខ្លួន ប៉ុន្ដែ​ប្រទេស​ពាក់ព័ន្ធ​ថា ការអះអាង​របស់​ចិន​រំលោភ​លើ​ដែន​កម្មសិទ្ធិ​របស់​គេ​។​ការដោះស្រាយ​បាន​ធ្វើ​រាប់​ភ្លេច​ដង​ទៅ​ហើយ នៅ​មិន​អាច​ដោះស្រាយ​បាន​ទេ​។​បច្ចុប្បន្ន ដែនសមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​ប្រធានបទ​ក្ដៅ​ដដែល សម្រាប់​ចិន​ជាមួយ​ភាគី​ពាក់ព័ន្ធ ព្រោះ​ម្ខាងៗ​នៅ​តែ​ទាមទារ​យក​ធ្វើជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន មិនទាន់​ចរចា​ត្រូវ​គ្នា​ឡើយ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត