ចិន​៖​​ហុងកុង​​មិនអាច​​ក្លាយ​ជា​​រដ្ឋ​ឯករាជ្យ​​បានទេ​

17-03-2016 3:18 pm 1480
លោកQiao Xiaoyangជាប្រធានគណៈកម្មការផ្នែកច្បាប់​នៃសភាចិនពេលចូលរួមក្នុងកិច្ចប្រជុំ

​មន្ដ្រីជាន់ខ្ពស់​ចិន​មួយរូប​បាន​និយាយថា វា​មិន​អាច​ទៅរួច​ទេ​ដែល​ហុងកុង​ចង់​ក្លាយ​ជា​រដ្ឋ​អធិបតេយ្យភាព​ផ្ដាច់ខ្លួន​មួយ​។​ការបញ្ជាក់​របស់​មន្ដ្រី​ជាន់ខ្ពស់​ចិន​បែបនេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កាសែត​នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​ក្រុង​ហុងកុង បាន​ចុះផ្សាយ​អត្ថបទ​ទាក់ទង​នឹង​ការអំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ ទទួលស្គាល់​ក្រុង​ហុងកុង​ជា​ប្រទេស​មួយ​ដាច់ដោយឡែក​ក្នុង​ឆ្នាំ​២០៤៧​។​


​ដ្បិត​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ចិន ប៉ុន្ដែ​ហុងកុង​មាន​សិទ្ធិ​របស់​ខ្លួន​ស្ថិតក្រោម​រដ្ឋធម្មនុញ្ញ​តូច​មួយ ជា​ច្បាប់កំពូល​ក្នុង​ក្រុង ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​១៩៩៧ ពេល​ចក្រភព​អង់គ្លេស​ប្រគល់​ក្រុង​ហុងកុង​ឲ្យទៅ​ចិន​វិញ​។​ហុងកុង​ត្រូវ​ធានា​តាម​គោលការណ៍​ជា​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ អស់​រយៈពេល​៥០​ឆ្នាំ​មកហើយ គឺ​ហុងកុង​មាន​ស្វ័យភាព​ខ្ពស់​ក្នុង​ប្រព័ន្ធ​នយោបាយ និង​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន ហើយ​ប្រព័ន្ធ​ទាំងនេះ​ប្រតិ​ប​ត្ដិ​ដោយ​ឯករាជ្យ​ពី​ចិនដីគោក​ឬ​ស្គាល់​ថា​ប្រទេស​ចិន​។​


​ប្រជាជន​ហុងកុង​ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត​ក្នុង​ឆ្នាំ​២០១៤ បាន​ដឹកនាំ​ចលនា​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ក្រុង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ក្នុង​ការជ្រើសរើស​មេដឹកនាំ ដោយ​ពួកគេ​មើលឃើញថា ការជ្រើសរើស​មេដឹកនាំ​ក្នុង​ក្រុង​ហុងកុង ស្ថិតក្រោម​ការបង្គាប់បញ្ជា​របស់​ចិន ក្រុង​មួយ​នេះ​នៅតែ​ជួប​បញ្ហា​។​ដូច្នេះ​ពួក​គេ​ចង់​សម្រេច​ជ្រើសរើស​មេដឹកនាំ​ដោយ​ខ្លួនឯង​ផ្ទាល់ តាមរយៈ​ការបោះឆ្នោត អ្នក​ជាប់​ឈ្នះ អ្នក​​ធ្លាក់ចាញ់ មិនចាំបាច់​ចិន​តែងតាំង​ឡើយ​។​


​ក្នុង​សកម្មភាព​តវ៉ា​ក៏​បាន​ទាមទារ​សិទ្ធិសេរីភាព និង​ទាមទារ​ឲ្យមាន​ការដឹកនាំ​ក្រុង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ចិន​។​នៅ​មាន​លក្ខខណ្ឌ​ជា​ច្រើន​ទៀត​ដែល​ក្រុមបាតុករ​ទាមទារ ប៉ុន្ដែ​សំណើរ​ពួកគេ​មិន​ត្រូវបាន​ឆ្លើយតប​ទាំងស្រុង​ឡើយ​។​ការតវ៉ា​ក៏​រង​ការបង្ក្រាប​ថែមទៀត រហូត​ចលនា​តវ៉ា​ត្រូវ​ស្ងប់ស្ងាត់​ទៅ​វិញ​។​


​ដោយឡែក​ការអំពាវនាវ​ជាថ្មី ដែល​ចង់ឲ្យ​អង្គការសហប្រជាជាតិទ​ទួលស្គាល់​ក្រុង​ហុង​កុង​ជា​រដ្ឋ​ឯករាជ្យ ទាមទារ​បង្កើត​រដ្ឋាភិបាល​បែប​លទ្ធិប្រជាធិបតេយ្យ និង​ទាមទារ​រដ្ឋធម្មនុញ្ញ​ឯករាជ្យ​ដោយ​ខ្លួនឯង ត្រូវបាន​មើលឃើញ​នៅ​លើ​អត្ថបទ​ដែល​មាន​ចំណងជើង​ថា “​រដ្ឋ​របស់​យើង​ក្នុង​ឆ្នាំ​២០៤៧ ឬ Our 2047” ចុះផ្សាយ​នៅ​លើ​កាសែត​ក្នុង​សាកលវិទ្យាល័យ​ក្នុង​ក្រុង​ហុងកុង​។​ក្នុង​អត្ថបទ​បាន​និយាយទៀតថា អត្ដ​សញ្ញាណ​និង​បេតិកភណ្ឌ​ហុងកុង ត្រូវការ​ការការពារ​ឲ្យ​ខ្លាំងក្លា​ជាង​មុន​។​


​គោលបំណង​បែបនេះហើយ ដែល​ចិន​បាន​ឆ្លើយតប​ទៅ​វិញ​ថា វា​មិន​អាច​ទៅរួច​ទេ ដែល​ហុងកុង​ចង់បាន​ឯករាជ្យ​។​សម្ដី​នេះ​មិនមែន​ចិន​ទើប​តែ​និយាយ​ទេ ចិន​បាន​និយាយ​ច្រើន​សារ​មកហើយ​។​ទីក្រុង​ប៉េកាំង​បាន​យល់ព្រម​រក្សា​ការគ្រប់គ្រង​តាមបែប​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដដែល សម្រាប់​រដ្ឋាភិបាល​ក្រុង​ហុងកុង ប៉ុន្ដែ​ចិន​មិន​យល់ព្រម​ធ្វើ​តាម​សំណើរ​របស់​ក្រុម​បាតុករ​ក្នុង​ឆ្នាំ​២០១៤ ដែល​ចង់ឲ្យ​មាន​ការជ្រើសរើ​ស​មេដឹកនាំ​ដោយ​ខ្លួនឯង ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ទេ​។​ចិន​រឹតតែ​មិន​ព្រម​ឲ្យ​ហុងកុង​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ទៀត​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត