ចិន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​​ត្រូវ​អត់ធ្មត់​​ឱ្យបាន​ខ្ពស់​​ដើម្បី​​ជៀសវាង​​កើត​ជម្លោះ​​នៅ​ឧបទ្វីប​កូរ៉េ​​

16-03-2016 4:39 pm 134
លោក​Hong Lei អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន

លោក​Hong Lei អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​នោះ​អាមេរិក កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ត្រូវ​ប្រុងប្រយ័ត្ន​ពាក្យសម្ដី​និង​សកម្មភាព​ទាំងអស់ ដើម្បី​ជៀសវាង​ការកើតឡើង​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​។ ការអំពាវនាវ​របស់​លោក​Hong Lei​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី​១៥​មីនា នៅ​ទីក្រុង​ប៉េកាំង​។ ​លោក​Hong Lei​បាន​ជំរុញ​ភាគី​ពាក់ព័ន្ធ ត្រូវ​គោរព​តាម​តម្រូវការ​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ដើម្បី​ធានា​ការរក្សា​សន្តិភាព និង​សន្តិសុខ​។ លោក​បន្តថា ភាគី​ដែល​ពាក់ព័ន្ធ​ត្រូវធ្វើ​សកម្មភាព​ណា មិន​ធ្វើឱ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​។​


​លោក​Hong Lei​ថា ចិន​មាន​ឆន្ទៈ​អនុវត្ត​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំងនឹង​កូរ៉េខាងជើង​។ ដូច្នេះ អាមេរិក កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ត្រូវ​អត់ធ្មត់ សង្កត់​ចិត្ត ដើម្បី​ជៀសវាង​ការប្រើ​អាវុធ មក​ដោះស្រាយ​បញ្ហា​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់លោក​Hong Lei​។ ប៉ុន្តែ​កូរ៉េខាងត្បូង​បាន​អះអាង​ហើយ​ថា ខ្លួន​​អស់​ការអត់​ធ្មត់​ លើ​ពាក្យ​សម្តី​កូរ៉េ​ខាងជើង​ហើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា​នឹង​សងសឹក​លើ​កូរ៉េខាងជើង​វិញ​។​


​គួរបញ្ជាក់​ថា លោក​Kim Jong Un​បាន​និយាយថា លោក​នឹង​ធ្វើ​តេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​និង​ធ្វើតេស្ដ​មី​ស៊ី​ល​ផ្លោង​ផ្ទុក​ក្បាល​នុយក្លេអ៊ែរ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥​មីនា​។ លោក​Kim Jong Un​និយាយថា មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង ជា​ប្រភេទ​មី​ស៊ី​ល​ធន់​នឹង​កម្ដៅ​។


​កន្លងមក​អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម លើ​ប្រទេស​កូរ៉េខាងជើង​បន្ថែម​រួចហើយ ជា​ការឆ្លើយតប​នឹង​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ដែល​អនុម័ត ត្រូវបាន​គេ​អះអាងថា នឹង​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​រង​សម្ពាធ​ធ្ងន់ធ្ងរ​ជាង​ទណ្ឌកម្ម​មុនៗ​។​


​ទណ្ឌកម្ម​កាលណោះ តម្រូវ​ឱ្យ​រដ្ឋ​ទាំងអស់​ត្រូតពិនិត្យ​លើ​ទំនិញ​នាំចេញ និង​នាំចូល​ពី​ប្រទេស​កូរ៉េខាងជើង​យ៉ាង​ម៉ត់ចត់ ទាំង​តាម​ផ្លូវទឹក​និង​ផ្លូវអាកាស​។ ដោយឡែក ទំនិញ​ដែល​ជា​ប្រភព​ចំណូល​សំខាន់ៗ នៅ​ក្នុង​ការ​ទ្រទ្រង់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង រួមមាន​ដូចជា​ធ្យូងថ្ម ដែក​និង​រ៉ែ​ដែក ត្រូវបាន​ក្រុមប្រឹក្សា ហាម​មិនឱ្យ​នាំ​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ដាច់ខាត​។ ក្រៅពីនេះ ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្រេច​ឱ្យ​រដ្ឋ​ចាត់វិធានការ​បិទ​គណ​នី​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កូរ៉េខាងជើង គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត